ខេត្តកំពង់ឆ្នាំង ៖ រថយន្តម៉ាកនីសាន់ មួយគ្រឿងបានបាក់សាក់ស៊ីដាច់ជាពីរកំណាត់ ខណៈដែលដឹកដើមម្រះព្រៅធ្ងន់ពេក កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី ៦ ខែសីហា នៅចំណុចសួនច្បារចំមុខសាលាខេត្ត កំពង់ឆ្នាំង ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ យោងតាមប្រភពពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញមានរថយន្តម៉ាកត្បូង លុះមកដល់សួនច្បារមុខសាលាខេត្តកំពង់ឆ្នាំង ក៏ស្រាប់តែបាក់សាក់ស៊ី ដាច់ជា២កំណាត់ អូសជាងយន្តហើយគេចខ្លួនបាត់។
ខណៈនោះដែរ មន្ត្រីប៉ូលីសចរាចរណ៍ ដែលឈរជើងនៅជិតនោះបានទៅពិនិត្យមើល ឃើញសុទ្ឋតែឈើ ដែលពីដំបូងឡើង គេស្មានតែជាឈើគ្រញូង ហើយបានរាយការណ៍ជាបន្តបន្ទាប់ និងបានដល់ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយបានមកពីនិត្យមើល ទើបដឹងថាជា ឈើដើមប្រេង ម្រះព្រៅ ប៉ុន្តែ ទោះបីយ៉ាងណាវាក៏ខុស ច្បាប់ធ្ងន់ធ្ងរដូចគ្នានេះដែរ ។
លោក ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា ឈើដើមប្រេងម្រះត្រូវបានចាត់ទុក ក្នុងបទល្មើស ប្រមូល និងដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់ដែលត្រូវមានដើម្បីរង់ចាំការចាត់ការតាមនិតិវិធីច្បាប់។ មានការកត់សម្គាល់ថា ជារឿយៗ ការដឹកជញ្ជូនឈើប្រណីត តាមបណ្តោយផ្លូវជាតិលេខ៥ នៅតែមានគ្រោះថ្នាក់ចរាចរណ៍ដោយក្រឡាប់រថយន្តជាដើម។ ដូចករណីក្រឡាប់រថយន្តទូរីសកាលពីយប់ថ្ងៃទី៣០ខែកក្កដា ជាដើម ដែលមានឈើគ្រញូងជាង៣តោន មានតម្លៃ ជាង៦ម៉ឺន ឯណោះទើបចាប់បាន៕