រាជធានីភ្នំពេញ ៖ ម្ដាយរងរបួសធ្ងន់ ចំណែក កូនអាយុ៦ឆ្នាំរបួសស្រាល គ្រាដែលកំពុងជិះម៉ូតូដឹកគ្នា ហើយត្រូវក្រុមក្មេងទំនើងជិះម៉ូតូដេញវ៉ៃគ្នាបុក កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី០៥ សីហា ២០១៣ ត្រង់ចំណុចផ្លូវលេខ៦៣ (ផ្លូវត្រសក់ផ្អែម) កែងផ្លូវព្រះស៊ីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
សមត្ថកិច្ចបាននិយាយថា ជនបង្កគ្រោះថ្នាក់ខាងលើជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BT-4531 ជិះម្នាក់ឯង ក្នុងចំណោមបក្ខពួក៣នាក់ តាមផ្លូវលេខ៦៣ ក្នុងទិសដៅពីជើងទៅត្បូង ដេញវាយគូទំនាស់មានគ្នា២នាក់ ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូស្កូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AS-9448 ជិះគ្នា២នាក់ម្តាយកូន ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យម៉ូតូទាំង២គ្រឿង ដួលរបួសធ្ងន់ម្តាយបាក់ជើងឆ្វេង ចំណែកកូនរងរបួសស្រាល ដឹកតាមរថយន្តយកទៅសង្គ្រោះនៅគ្លីនិកឯកជន ។ ក្រោយពីបង្កគ្រោះថ្នាក់ជនបង្កបានរត់គេចខ្លួនឡើងជិះម៉ូតូបក្ខពួកផ្សេងទៀតគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូនៅ កន្លែងកើតហេតុ ។
ម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រងចាំម្ចាស់ ចូលខ្លួនមកដោះស្រាយគ្នាជាក្រោយតាមផ្លូវច្បាប់ ៕