មន្ត្រី​ប៉េអឹម​ម្នាក់​រង​ការ​ចោទ​ថា​បាន​វាយ​ស្ត្រី​ពីរ​នាក់​ឲ្យ​រង​របួស

, , Leave a comment

ខេត្ត​រតនគិរី ៖ មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ស័ក្តិ ៤ ម្នាក់ ដែល​យាម​កាង​ការពារ​ក្រុមហ៊ុន វៀតណាម ហ័ងអាញ ក្នុង​ស្រុក អណ្តូងមាស បាន​វាយ​បង​ប្អូន​ស្រី​ពីរ​នាក់​ឲ្យ​រង​របួស កាល​ពី​ម្សិលមិញ​បន្ទាប់​ពី​កើត​មាន​ជម្លោះ​រឿង​ឆ្កែ​ខាំ​គ្នា​រួច​មក។ ស្រ្តី ឈ្មោះ ណឹម ស្រី អាយុ ២៣ ឆ្នាំ ជា​អ្នក​លក់​ចាប់ហួយ នៅ​ក្នុង​ក្រុមហ៊ុន ហ័ងអាញ អណ្តូងមាស ក្នុង​ភូមិ ម៉ាលិក ឃុំ ម៉ាលិក ស្រុក អណ្តូងមាស បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ប៉េអឹម​ស័ក្តិ ៤ ម្នាក់​ដែល​កាង​ការពារ​ក្រុមហ៊ុន វៀតណាម ហ័ងអាញ អណ្តូងមាស ឈ្មោះ វឿ អាយុ​ជាង ៤០ ឆ្នាំ និង​ប្រពន្ធ បាន​យក​ដុំ​ទឹកកក វ៉ៃ​នាង និង​ប្អូន​ស្រី​ឈ្មោះ ណឹម អូន អាយុ ២០ ឆ្នាំ កាល​ពី​វេលា​ម៉ោង​ជាង ១០ ព្រឹក​ថ្ងៃ​អាទិត្យ។

 

អ្នក​ស្រី​បន្ត​ថា៖ «ប្អូន​ស្រី​ខ្ញុំ​របួស​ធ្ងន់​ណាស់ ហើម​មុខ​មាត់ បែក​ចិញ្ចើម បន្ទាប់​ពី​ត្រូវ​គេ​ដាល់ ទាត់ និង​វ៉ៃ​នឹង​ដុំ​ទឹកកក។ តែ​ខ្ញុំ​របួស​ស្រាល​ទេ»។ ស្រ្តី​រូប​នេះ​អះអាង​ប្រាប់​ពី​ដើម​ហេតុ​នៃ​ជម្លោះ​ថា កាល​ពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន មន្ត្រី​ប៉េអឹម​រូប​នោះ បាន​ជិះ​ម៉ូតូ​កាត់​មុខ​ផ្ទះ​របស់​អ្នក​ស្រី ហើយ​ឆ្កែ​របស់​អ្នក​ស្រី បាន​រត់​តាម​ពី​ក្រោយ​ឆ្កែ​របស់​ប៉េអឹម ហើយ​បាន​ខាំ​គ្នា​ពេញ​ផ្លូវ​។ អ្នក​ស្រី​បាន​ជះ​ទឹក និង​យក​ដំបង​វាយ ដើម្បី​បំបែក។ ប្រពន្ធ​របស់​ប៉េអឹម​បាន​ចោទ​ថា នាង​វាយ​តែ​ឆ្កែ​គេ មិន​វាយ​ឆ្កែ​ខ្លួន​ឯង ហើយ​ក៏​កើត​មាន​ជម្លោះ រវាង​ម្ចាស់​នឹង​ម្ចាស់​ឆ្កែ​តែ​ម្តង​។ កាល​ពី​ម្សិលមិញ អ្នក​ស្រី​និង​ប្អូន​ស្រី ឈ្មោះ​ណឹម បាន​ជិះ​ម៉ូតូ​ដឹក​អីវ៉ាន់​ត្រឡប់​មក​ពី​ផ្សារ ហើយ​បាន​ប៉ះ​គ្នា​នឹង​ម៉ូតូ​របស់​ប៉េអឹម ក្នុង​ទិស​ដៅ​បញ្ជ្រាស​គ្នា។ ភ្លាមៗ​នោះ ក៏​កើត​មាន​អំពើ​ហិង្សា​ដាក់​គ្នា​តែ​ម្តង។

 

ស្រ្តី​រូប​នេះ​បាន​និយាយ​ដូច្នេះ​ថា៖ «ប៉េអឹម​បាន​ស្រែក​ថា គេ​គុំ​នឹង​គ្រួសារ​ខ្ញុំ​យូរ​ហើយ​។ ខ្ញុំ​គិត​ថា ប៉េអឹម​មាន​ចេតនា​ជិះ​ម៉ូតូ​បុក​ខ្ញុំ នឹង​អាល​វ៉ៃ​ពួក​ខ្ញុំ​បែប​នេះ»។ គ្រួសារ​របស់​ស្រ្តី​ទាំង​ពីរ​នាក់ បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​លោក​ប៉េអឹម ស័ក្តិ ៤ កាល​ពី​ថ្ងៃ​ម្សិលមិញ។ មន្ត្រី​នគរបាល​ស្រុក​ម្នាក់ បាន​ឲ្យ​ដឹង​ថា ស្រ្តី​ទាំង​ពីរ​នាក់ បាន​ប្តឹង​លោក​ប៉េអឹម ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា។ ចំពោះ​ចំណាត់​ការ​យ៉ាង​ណា វា​អាស្រ័យ​ថ្នាក់​លើ​ជា​អ្នក​សម្រេច ៕

Photo0695

ប្រភព ភ្នំពេញ ប៉ុស្តិ៍

 

 

Leave a Reply

(*) Required, Your email will not be published