អគ្គី​ភ័យ​ដ៏​សន្ធោសន្ធៅ​បាន​ឆាបឆេះ​បំផ្លាញ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៦ ​ខ្នង អស់ទាំង​ស្រុង នៅ​ម្តុំ​ស្ពានដែក​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ កាល​ពី​ម៉ោង​ប្រមាណ​ជា ៥ និង​ ២៥ នាទី​ល្ងាច​ថ្ងៃអាទិត្យ ទី​០៤ ខែសីហា ឆ្នាំ​២០១៣​ មាន​អគ្គី​ភ័យ​ដ៏​សន្ធោសន្ធៅ​បាន​ឆាបឆេះ​បំផ្លាញ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នងអស់ទាំង​ស្រុង នៅ​ម្តុំ​ស្ពានដែក បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​ឬ​ស្សី សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ​។​

 

​ប្រធានការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក នេ​ត វ៉ាន់​ថា បាន​ឲ្យ​ដឹងថា អគ្គិភ័យ ដ៏​សន្ធោសន្ធៅ​បាន​ឆាបឆេះ​ផ្ទះ ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅជាប់ៗ​គ្នា មានផ្ទះ​លក់ដូរ​គ្រឿងទេស​ផងដែរ ចំនួន​៦​ខ្នង ស្មើ​និង ៧​គ្រួសារ អស់ទាំង​ស្រុង​។​

 

ប្រធានការិយាល័យ​រូបនេះ បន្ត​ឲ្យ​ដឹងថា អគ្គិភ័យ​ត្រូវបាន​អន្តរាគមន៍ និង​បាញ់​ពន្លត់​ឲ្យ​រលត់ទៅវិញ​ទាំងស្រុង​នៅ ម៉ោង ៦ និង​២០​នាទី​ល្ងាច​ថ្ងៃ​ដដែល ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១៧​គ្រឿង និង​ប្រើ​ទឹក​អស់​ជាង ២០​រថយន្ត​។​

 

ទោះជា​យ៉ាងណា លោក នេ​ត វ៉ាន់​ថា មិនទាន់បាន​បញ្ជាក់​ពី​មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​ខាងលើនេះ នៅ ឡើយ​ទេ​។ លោក​បានបញ្ជាក់​ផងដែរ​ថា រយៈពេល​ប្រមាណ​៧​ខែ ឆ្នាំ​២០១៣​នេះ ក្នុង​រាជធានី​ភ្នំពេញ មាន​គ្រោះ អគ្គិភ័យ ៦៧​លើក សម្លាប់​មនុស្ស ៣​នាក់ និង​រងរបួស ៨​នាក់​។​

​លោក នេ​ត វ៉ាន់ ពី​កន្លែង​កើត​គ្រោះ​អគ្គិភ័យ ក៏បាន​អំពាវនាវ​ផងដែរ ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន ឲ្យ​បាន​ខ្ពស់ និង​ទទូច​ឲ្យ​ពលរដ្ឋ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ​ដាក់​ផ្ទះ​ឲ្យ​បាន​គ្រប់គ្នា​ទុក​បង្ការ និង​បាញ់​ពន្លត់​អគ្គិភ័យបឋម ។ ព័ត៌មាន​លម្អិត​រាយការណ៍ជូន​ជា​បន្តទៀត​​៕​

 

Leave a Reply

(*) Required, Your email will not be published