សា​រ៉ា​យ ស​ក្ខ​ណា ក្បត់ខ្លួនឯង​?

, , Leave a comment

​កាលពី​ប៉ុន្មាន​ខែ​មុខ​នេះ  កញ្ញា​សា​រ៉ា​យ ស​ក្ខ​ណា ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ចេញផ្សាយ​ថា ឈប់​ថត​ខ្សែភាពយន្ត បន្ទាប់ពី​នាង​បញ្ចប់​ការថត​រឿង​កុមារី ២៥​ឆ្នាំវគ្គ​២ ដោយ​នាង​ទុកពេល​បន្ទំ​សាច់​ត្រៀម​ធ្វើ​កូនក្រមុំ  ប៉ុន្តែ​ថ្មីៗ​នេះ​ស្រាប់តែ​នាង​កំពុង​តែមាន​វត្តមាន​ថត រឿង​ថ្មី​មួយទៀត​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​។ ចំណុច​នេះ កញ្ញា សា​រ៉ា​យ ស​ក្ខ​ណា​ក្បត់​សម្ដី​ខ្លួនឯង មែន​ទេ ?

 

កញ្ញា សា​រ៉ា​យ ស​ក្ខ​ណា បាន​អត្ថាធិប្បាយ​ថា កន្លងមក​នាង​មិនបាន​ប្រកាស​ឈប់​ថត​ខ្សែភាពយន្ត​នោះឡើយ ការពិត​គឺ​នាង​និយាយថា ផ្អាក​ថត​រឿង​សិន បន្ទាប់ពី​នាង​បញ្ចប់​ការថត​រឿង​កុមារី ២៥​ឆ្នាំវគ្គ​២ ឲ្យ​អ្នកស្រី ពាន់​ភូ​ង បុប្ផា  ប៉ុន្តែ​ការអះអាង​នេះ​ត្រូវបាន​ក្រុម​អ្នកសារព័ត៌មាន​យកទៅ​សរសេរថា នាង​ប្រកាស​ឈប់​ថត​រឿង​ទាំងស្រុង​តែម្ដង ដោយ​ទទួល​ថត​តែ​ស្ប៉ត​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​។​ ស​ក្ខ​ណា​បាន​បន្តថា បន្ទាប់​សារព័ត៌​មានបាន​ចេញផ្សាយ​ដូច​បាន​រៀបរាប់​នេះ នាង​មិនបាន​បកស្រាយ​បន្ថែម​ទៀតឡើយ ដោយ​នាង​គិត​ខ្លួនឯង​ថា អាច​និង​ឈប់​ទាំងស្រុង​មែន ព្រោះ​នាង​ជិត​ដល់​ថ្ងៃ​ចូល​រោង​ជ័យ​ហើយ​ដែរ​។​

 

​នាង​បាន​លើកឡើងថា ចាប់តាំងពី​ពេលនោះ​មក នាង​ទទួល​តែ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ប៉ុណ្ណោះ  ទើបតែ​ល្បីៗ​នេះ ដោយសារតែ​អ្នកដឹកនាំ​រឿង នៅ​ស្ថានីយ​បាយ័ន​ទទូច​ស្នើសុំ​នាង​ពេក ទើប​នាង​ព្រម​ថត បន្ថែម​មួយ​រឿង​ទៅ​។​ តារា​សម្ដែង​ដែល​កំពុងតែ​ត្រៀម​ធ្វើជា​ភរិយា​មេធាវី​រូបនេះ​បាន​ឲ្យ​ដឹង​បន្ថែមថា រឿង​ថ្មី និង​ជា​រឿង​ចុងក្រោយ​មុន​នាង​ចូល​រោង​ជ័យ​នេះ មាន​ឈ្មោះថា “​ប៉ី​ស្នេហ៍​នាង​ហង្ស​”  ជា​ប្រភេទ​រឿង​ភាគ ដែលមាន​ទាំងអស់​ជាង​២០​ភាគ​។​

 

​ស​ក្ខ​ណា​បាន​រៀបរាប់​ត្រួសៗ នៃ​សាច់​រឿងនេះ​ថា ជា​ប្រភេទ​រឿង​បូរាណ ដែល​និយាយ​ពី​ស្នេហា របស់​កំលោះ​ក្រមុំ នា​សម័យ​នោះ  ដោយ​នៅក្នុង​សាច់រឿង​នេះ តួឯក​ស្រី បាន​លង់​ស្នេហ៍​និង​សំឡេង​ប៉ី របស់​តួឯក​ប្រុស ។​ ​តារា​សម្ដែង​មាន​ប្រជាប្រិយភាព​រូបនេះ​មិនបាន​និយាយ​លម្អិត​នៃ​សាច់រឿង​នេះឡើយ​ដោយ​នាង​ទុក​ឲ្យ​ទស្សនិកជន​រង់ចាំ​ទស្សនា​ចុះ តែ​នាង​បាន​ប្រាប់ថា “​រឿង​ប៉ី​ស្នេហ៍​នាង​ហង្ស​” គ្រោង​ថត ពី ៣ ទៅ​៤​ខែ  ប៉ុន្តែ​ចំនួន​ថ្ងៃ​ដែល​ត្រូវ​ថត មាន​ចំនួន​៤៥​ថ្ងៃ  ក្នុងនោះ​កន្លែង​ថត​មានដូចជា នៅផ្ទះ​បូរាណ តំបន់​ស្វាយជ្រំ ក្នុងស្រុក ខ្សាច់កណ្ដាល ខេត្ត កណ្ដាល​,  ខេត្ត តាកែវ ភ្នំ​ស្រង់ ខេត្ត កំពង់ស្ពឺ  នៅតាម​ទន្លេ និង​តំបន់​ទេសចរណ៍​មួយចំនួន​។ ជាមួយគ្នា​នោះ ដែរ​នាង​បាន​ប្រាប់ថា  នាង​ដើរ​ជា​តួឯក​ស្រី និង​តួឯក​ប្រុស គឺ​លោក​អ៊ុន សុទ្ធា​។​

 

​បើទោះបីជា​រយៈពេល​ថត​មាន​រហូតដល់​ទៅ​៣​ទៅ​៤​ខែ​ក៏ពិតមែន ប៉ុន្តែ​កញ្ញា សា​រ៉ា​យ ស​ក្ខ​ណា បានបញ្ជាក់​ប្រាប់ថា ប្លង់​របស់​នាង អ្នកដឹកនាំ​និង​ត្រូវ​បញ្ចប់​មុនគេ នេះ​ដោយសារតែ​នាង កៀក​ថ្ងៃ​ចូល​រោង​ជ័យ ព្រោះ​នាង​ត្រូវ​ទុកពេល​សម្រាក​ដើម្បី​បន្ទំ​សាច់​ខ្លះ​។​ តាម​ការ​ឲ្យ​ដឹង​របស់​កញ្ញា សា​រ៉ា​យ ស​ក្ខ​ណា បើ​មិន​រាប់បញ្ចូល​ស្ប៉ត​ពាណិជ្ជកម្ម និង ការងារ​មួយចំនួនទៀត​នោះ គឺ​ខ្សែភាពយន្ត​ដែល​នាង​បាន​ថត មាន​ជាង​៤០​រឿង​មកហើយ ចាប់តាំងពី​នាង​បាន​បោះជំហាន​ចូល​សិល្បៈ​។  ជាង​៤០​រឿង​ដែល​នាង​បាន​ថត​នេះ  មានតែ​២​រឿង ប៉ុណ្ណោះ ដែល​នាង​មិនបាន​គ្រង​តំណែង​តួឯក​។​

 

​ស​ក្ខ​ណា និង​បោះបង់ចោល​សិល្បៈ បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​រួច  ដោយ​នាង​ត្រូវ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ជាមួយ​អនាគត​ស្វាមី​ជា​មេធាវី អាណិកជន​សញ្ជាតិ​អាមេរិក​ឈ្មោះ កែវ មេត្រី ។​ អាពាហ៍ពិពាហ៍​របស់​នា​ង​គ្រោង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី​១២ ធ្នូ ២០១៣ ខាងមុខនេះ ដោយ​គ្រោង​ធ្វើ​នៅ វិមាន​ចរណៃ​។ នាង​បាន​ប្រាប់ថា គ្រោង​អញ្ជើញ​ភ្ញៀវកិត្តិយស មិនតិចជាង​១០០​តុ​នោះឡើយ ដែល​ភាគច្រើន​គឺជា​អ្នកសិល្បៈ​។​

 

​កញ្ញា សា​រ៉ា​យ ស​ក្ខ​ណា​បាន​ប្រាប់​ជា​ចុងក្រោយ​ថា អត់​អស់ចិត្ត​ឡើយ ចំពោះ​ការងារ​សិល្បៈ ព្រោះ​នាង​មាន​ថ្ងៃនេះ​ក៏​ព្រោះតែ​សិល្បៈ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ពេលវេលា​ដល់​ហើយ ហេតុនេះ នាង​ត្រូវតែ​កាត់ចិត្ត​៕

saray (1) saray (2) saray (3)

​ប្រភព សប្បាយ​

 

Leave a Reply

(*) Required, Your email will not be published