ឃាត់ខ្លួន​មេខ្យល់​និង​ពលករ​ចំណាកស្រុក១០នាក់​បម្រុង​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ

, , Leave a comment

ខេត្តបាត់ដំបង ៖ កម្លាំង​ប៉េអឹម​បាន​ឃាត់ខ្លួន​មេខ្យល់៣នាក់ និង​ពលករ​ខ្មែរ​ស្រី ប្រុស​ចំនួន៧នាក់ នៅ​ចំណតរថយន្ត​ស្រុក​សំពៅ​លូន ជាប់​ព្រំដែន​ប្រទេស​ថៃ កាលពី​វេលា​ម៉ោង ជាង១០ព្រឹក​ថ្ងៃទី១សីហា ២០១៣ គ្រា​ដែល​ពួកគេ​កំពុង​ជួបជុំគ្នា​ត្រៀម​ឆ្លងដែន​ចេញទៅ​ធ្វើការប្រទេស​ថៃ​ដោយ​ខុសច្បាប់។

លោកមេបញ្ជាការរង​​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន​ បាន​ឲ្យ​ដឹងថា លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ក្រុម​ចំណាកស្រុក​នេះភ្លាមៗ ក្រោយពី​លោក​បានធ្វើ​សេចក្ដី​រាយ​ការ​ណ៏​អំពី​សកម្មភាព​ក្រុម​នេះ​ដែល​ប៉ុនប៉ង​ឆ្លងដែន​ខុសច្បាប់។ លោក​ថា  ក្នុងចំណោម​ពលករ​ទាំង១០នាក់​នោះ មាន​មេខ្យល់៣នាក់ ។ ពួកគេ​មាន ១.ឈ្មោះ​ចាន់ សុខ ហៅ​ញ៉ា​ញ់ ប្រុស​អាយុ៣២ឆ្នាំ ។ ២. ឈ្មោះ​អ៊ុង វី​ប្រុស​អាយុ២៤ឆ្នាំ​និង៣.ឈ្មោះ​ស្វាង រាត្រី ប្រុស​អាយុ២០ឆ្នាំ។ ពួកគេ​ទាំង៣នាក់​មាន​ភារកិច្ចផ្សេងៗគ្នា ដូច​ជាមាន​អ្នកដើរ​ប្រមូល​មនុស្ស​នៅ​មូល​ដ្ឋាន  អ្នក​នាំ​ឆ្លងដែន​ពី​ដី​ខ្មែរ​ដល់​ដី​ថៃ និង​អ្នក​នាំ​បន្ត​ចូលទៅ​ធ្វើការ​ក្នុងប្រទេស​ថៃ​ផ្ទាល់។

 

លោក​បន្ថែមថា ក្នុងចំណោម​ពលករ​ទាំង៧នាក់​មាន​ស្ត្រី២នាក់​និង​ក្មេងប្រុស​អាយុ១១ឆ្នាំ​ម្នាក់​ផង មកពី​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ តាម​ការ​ស្រង់​សម្តី​ក្រុម​ពលករ​ទាំង​នោះបាន​ប្រាប់​សមត្ថកិច្ច​ថា មេខ្យល់​បានទាមទា​ឲ្យ​ពួកខ្លួន​បង់ប្រាក់​ក្នុងម្នាក់ៗពីមួយពាន់បាត ទៅ១ពាន់៥០០បាត ជា​ថ្នូរ​ និង​ការនាំចេញ​ទៅធ្វើ​កម្មករ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ។ ពួកគេ​បន្តថា ពូកគេ​មិន​ធ្លាប់ធ្វើ​ចំណាកស្រុក​បែបនេះ​ទេ ហើយ​នេះ​ជា​លើក​ទេ១ ដែល​ពួកគេ​បានសម្រេច​ចិត្ត​ធ្វើ​ចំណាកស្រុក​ឆ្លងដែន​ខុសច្បាប់  ដោយ​សំអាង​លើ​ការធានា​របស់​ក្រុម​មេខ្យល់ ។ ប៉ុន្តែ​ពេលមកដល់​ស្រុក​សំពៅ​លូន ក្បែរ​ព្រំដែន​ចុះ​តែ​ពីលើ​រ​ថយ​ន្ត​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំងអស់គ្នា​តែម្ដង។

 

លោក​បន្ថែមថា កម្លាំងង​ជំនាញ​របស់លោក​បាន​សួរនាំ​បន្ថែម​រួចហើយ ហើយ​លោក​មេបញ្ជាការ​ខេត្ត​ក៏បាន​បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ទាំង​មេខ្យល់ ទាំង​ពលករ​ទៅកាន់​តុលាការ​នៅ​ថ្ងៃទី០២ សីហា នេះ​ផងដែរ ដើម្បី​ប្រគល់​ឲ្យ​តំណាង​អយ្យការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕

DSCF5670

 

Leave a Reply

(*) Required, Your email will not be published