ចោរ​បំពុល​ឆ្កែ​ងាប់​៥​ក្បាល​ និង​ឆ្មា​១​ក្បាល​លូច​យក​ម៉ូតូ​១​គ្រឿង​

, , Leave a comment

​ខេត្ដពោធិ៍សាត់​ ៖​ ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​រំ​ចង់​ ស្ថិត​ក្នុង​ឃុំ​បាក់​ចិញ្ចៀន​ បានឱ្យ​ដឹង​ថា​ ឆ្កែ​ចំនួន​៥​ក្បាល​ និង​សត្វ​ឆ្មា​១​ក្បាល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែកក្កដា​ឆ្នាំ​២០១៣​ និង​ប្រជាពលរដ្ឋ​១​គ្រួ​សារបាន​បាត់​ម៉ូតូ​ ១​គ្រឿង​ផង​ដែរ​ ។​

 

​ មេ​នគរបាល​ប៉ុស្ដិ៍​ឃុំ​បាក់​ចិញ្ចៀន​ លោក​ផៃ​ ធឿ​ន​ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៣​ថា​ ពិតជា​ មាន​ឆ្កែ​ចំនួន​៥​ក្បាល​ និង​ឆ្មា​១​ក្បាល​ត្រូវ​ គេ​បំពុល​ឱ្យ​ងាប់​ប្រាកដ​មែន​នៅ​ភូមិ​-​ឃុំ​ ខាងលើ​នេះ​ ។​ លោក​មេ​ប៉ុស្ដិ៍​ឃុំ​បាក់​ ចិញ្ចៀន​បានឱ្យ​ដឹង​ទៀត​ថា​ ម៉ូតូ​របស់​ ឈ្មោះ​ភួង​ សុង​ រស់នៅ​ភូមិ​អូរ​រំ​ចង់​ ត្រូវ​ ចោរលួច​យក​ទៅ​បាត់​ ខណៈ​ឆ្កែ​របស់​គាត់​ ចំនួន​២​ក្បាល​ត្រូវ​ក្រុម​ចោរ​បាន​បំពុល​ ឱ្យ​ងាប់​ ។​ ម៉ូតូ​របស់​គាត់​ដែល​បាត់​ទៅ​នោះ​ ម៉ាក​ហុងដា​ C-125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​ លេខ​ បាត់ដំបង​ 1D-6965​ បាន​បាត់​នៅ​ វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៣​ ។​

លោក​មេ​បុ​ស្ដិ៍​បានឱ្យ​ដឹង​ទៀត​ថា​ ឆ្កែ​២​ក្បាល​ និង​ឆ្មា​១​ក្បាល​នៅផ្ទះ​លោក​ អៀម​ ខុ​ម​ រស់នៅ​ភូមិ​ខាងលើ​នេះ​ ក៏​ត្រូវ​ បាន​បំពុល​ឱ្យ​ងាប់​ដូច​គ្នា​ ខណៈ​នៅផ្ទះ​ លោក​គុយ​ ធី​ ឆ្កែ​១​ក្បាល​ក៏​ត្រូវ​បាន​បំពុល​ ឱ្យ​ងាប់​ដូច​គ្នា​ ក៏​ប៉ុន្ដែ​គ្រួសារ​ទាំង​២​នេះ​ ពុំ​បាន​បាត់បង់​ទ្រព្យសម្បត្ដិ​អ្វី​ឡើយ​ ។​

 

​ម្ចាស់​ម៉ូតូ​ឈ្មោះ​ភួង​ សុង​ បាន​និយាយ​ ប្រាប់​សមត្ថកិច្ច​ថា​ នៅ​យប់​ថ្ងៃ​ទី​កើតហេតុ​ គាត់​បាន​ដាក់​ម៉ូតូ​ចាក់សោ​យ៉ាង​ត្រឹម​ ត្រូវ​នៅ​ក្រោមផ្ទះ​ ហើយ​បាន​ដេក​នៅ​ ក្បែរ​ម៉ូតូ​ ។​ លុះដល់​ពាក់កណ្ដាល​យប់​ គាត់​បាន​ភ្ញាក់​ទៅ​បត់ជើងតូច​ក៏​បានឃើញ​ ឆ្កែ​២​ក្បាល​ងាប់​នៅ​ក្បែរ​របង​ផ្ទះ​ តែ​ម៉ូតូ​ មិន​ទាន់​បាត់​នៅឡើយ​ទេ​ ។​ ពេល​នោះ​ គាត់​ក៏​ដើរទៅ​ដេក​បន្ដ​ទៀត​ លុះ​ព្រឹក​ឡើង​ ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្ដង​គ្រា​ដែល​អ្នក​ រស់នៅ​ក្នុងភូមិ​បាន​ផ្អើល​ឆោឡោ​ប្រាប់​ថា​ឆ្កែ​ និង​ឆ្មា​របស់​ពួក​គេ​ពុល​ងាប់​ដូច​គ្នា​ ៕

d

 

Leave a Reply

(*) Required, Your email will not be published