រាជធានីភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានៅភ្នំពេញកាលពីរសៀលថ្ងៃទី៣១កក្កដា បានសម្រេចឃុំខ្លួនស្ត្រីខ្មែរម្នាក់ និងថៃម្នាក់ ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀនប្រភេទម៉ាទឹកកកជិត៥គីឡូក្រាម ដែលនាំឆ្លងដែនចូលកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ស្ត្រីជនជាតិថៃឈ្មោះ WILAWAN CHINGPANG អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ AA1 360692 និងស្ត្រីខ្មែរឈ្មោះ កែវ ដារី ហៅ វៀន អាយុ៤៤ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុច ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីនគរបាលឱ្យដឹងថា មានបុរសជនជាតិអាហ្វ្រិកម្នាក់បានឱ្យស្ត្រីថៃ ធ្វើដំណើរពីប្រទេសថៃ ទៅប្រទេសឥណ្ឌា ដើម្បីជួបជាមួយមនុស្សម្នាក់ ហើយនឹងនាំគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់៤៩១១,៤ក្រាម ត្រឡប់មកប្រទេសកម្ពុជាវិញ។
ក្នុងពេលដែលស្ត្រីថៃបានទទួលគ្រឿងញៀនរួចរាល់ហើយ នាងក៏បានធ្វើដំណើរតាមជើងយន្តហោះសាំងហ្គាពួរ-កម្ពុជា ដើម្បីចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ខណៈដែលស្ត្រីថៃបានយូរវ៉ាលីមួយ ដើរឆ្លងកាត់កន្លែងត្រួតពិនិត្យ បានធ្វើឱ្យសមត្ថកិច្ចមានការសង្ស័យ ក៍ឃាត់ខ្លួននាង ឆែកឆេរវ៉ាលី ហើយក៏រកឃើញគ្រឿងញៀនដែលលាក់ទុកក្នុងវ៉ាលីតែម្ដង។
យោងតាមចម្លើយសារភាពរបស់ស្ត្រីជនជាតិថៃ សមត្ថកិច្ចក៏បានបន្តទៅឃាត់ខ្លួនស្ត្រីខ្មែរម្នាក់ទៀតឈ្មោះ កែវ ដារី ដែលជាអ្នកចាំទទួលគ្រឿងញៀនបន្តពីស្ត្រីថៃ។ ក្រោយការសាកសួររួចហើយ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនស្ត្រីទាំង២នាក់នេះមកតុលាការ ។ ក្រោយមកតំណាងអយ្យការបានសម្រេចឃុំខ្លួនស្ត្រីទាំង២នាក់ ដើម្បីបន្ដចាត់ការតាមនីតិវិធី ៕