ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវរថយន្តបែកកៀរ ពីក្រោយបណ្តាលឲ្យដួលបោកក្បាលបែកស្លាប់ភ្លាមៗនៅនឹងកន្លែង អ្នកបើកបររថយន្តបន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោលបន្សល់តែរថយន្តចោល នៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៩ និង ១៥ នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ២២ ទៅ ២៣ ក្នុងភូមិស្វាយជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រភពនៅកន្លែងកើតបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុន សុភារ័ត្ន ភេទប្រុស អាយុ ២១ ឆ្នាំ ជានិស្សិតរស់នៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពីពណ៌ ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1BR-2533 ពុំមានពាក់មួកសុវត្ថិភាព និងកញ្ចក់មើលក្រោយនោះទេ ។ ចំណែកឯរថយន្តបង្កវិញម៉ាកហ៊ីយ៉ានដាយ ពណ៌ត្រួយចេក ប្រភេទបែនធុនធំ ពាក់ស្លាកលេខភ្នំពេញ 3B-3954 បើកបរស្របទិសគ្នា ពីកើតទៅលិច។
ប្រភពដដែលបានបន្ថែមទៀតថា មុនពេលកើតហេតុគេឃើញរថយន្តបើកបរពីកើតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅកៀបុកម៉ូតូពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូដួលបោកទៅនឹងថ្នល់បែកក្បាលហូរឈាមទាំងថ្លុក ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែង រីឯអ្នកបើកបររថយន្តភ្លាមៗ បន្ទាប់ពីឃើញស្ថានការ បែបនោះ បានចុះចេញពីរថយន្តគេចខ្លួនបាត់ស្រមោល ។ ក្រោយពេលកើតហេតុនគរបាលចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាងវិញត្រូវយកមករក្សាទុកនៅអធិការដ្ឋានដើម្បី កសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋានចាត់ការទៅតាមនីតិវិធីច្បាប់៕