ក្រុងប៉េកាំង ៖ ចិនបានបញ្ជាឲ្យក្រុមហ៊ុនរបស់ខ្លួនដែលកំពុងវិនិយោគក្នុងស្ថាប័នចំនួន១៩ រួមទាំងក្រុមហ៊ុនដែកថែប និងស៊ីម៉ងត៍សរុប ១.៣០០ក្រុមហ៊ុន ធ្វើការកាត់បន្ថយសមត្ថភាពផលិតរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចដែលកំពុងដើរទៅមុខយ៉ាងយឺតនៅពេលបច្ចុប្បន្ន។
ក្រុមហ៊ុនស៊ីម៉ងត៍ធំៗចំនួន៥២៧ត្រូវបានបញ្ជាឲ្យកាត់បន្ថយការផលិតចំនួន៩៣លានតោនដែលគេបានវាយតម្លៃថា បានផលិតលើសតម្រូវការ ហើយក្រុមហ៊ុនដែកថែបចំនួន៤២ផ្សេងទៀតក៏ត្រូវបានកាត់បន្ថយចំនួន៧លានតោនផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសដែលបានចេញផ្សាយដោយគេហទំព័រក្រសួងសេដ្ឋកិច្ចរបស់ខ្លួន។
លោកករដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ខ្លួនបានថ្លែងថា ថ្វីត្បិតតែចិនជាមហាអំណាចសេដ្ឋកិច្ចលេខ២នៅលើពិភពលោក ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចនៅពេលបច្ចុប្បន្នរបស់ខ្លួនពុំមានសន្ទុះខ្លាំងក្លានោះឡើយ។ លោកបានបញ្ជាក់បន្ថែមថា ការធ្វើកំណែទម្រង់ថ្មីមួយត្រូវតែធ្វើឡើងដូចទៅនឹងអ្វីដែលរដ្ឋមន្ត្រីរួបនេះ បានលើកឡើងកាលពីដើមខែកន្លងទៅ ដែលបង្ហាញពីលទ្ធភាពមួយក្នុងការឈានឆ្ពោះទៅរកការពង្រឹង និងពង្រីកសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំនេះ។
សេដ្ឋកិច្ចរបស់មហាអំណាចខាងលើគឺមានការធ្លាក់ចុះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២ ពោលគឺមានកំណើន៧,៧% នៅត្រីមាសដំបូង និង៧,៩% នៅត្រីមាសចុងក្រោយ ខណៈដែលកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ មានត្រឹមតែ៧,៥%ប៉ុណ្ណោះ។ ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ច៧,៥% នេះ គឺបានឆ្លើយតបទៅនឹងការរំពឹងទុករបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីរក្សាឲ្យបានពេញមួយឆ្នាំ២០១៣៕