រាជធានីភ្នំពេញ ៖ យុវជនពីរនាក់បានបាក់ជើងម្នាក់ម្ខាងនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៏មួយរវាងរថយន្តមិនស្គាល់ម៉ាក និងម៉ូតូស្មាសរីវ៉ូ កាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៣ តាមបណ្ដោយមហាវិថីសេនាប្រមុខ គឹម អ៊ីស៊ុង ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មុនពេលកើតហេតុគេឃើញរថយន្តមិនចាំម៉ាក ពណ៌ត្រីឆ្លូញ បានបើកក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចខាងមុខយាន្តដ្ឋានជួសជុលរថយន្តចំប៉ាស ដែលមានទីតាំងនៅជាប់រង្វង់មូលទួលគោក បួងចង្កូតបត់ឆ្វេង ក៏ទៅបុកម៉ូតូស្មាសរ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1C-2072 ដែលជិះគ្នា ២ នាក់តាមបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ បាក់ជើងម្នាក់មួយចំហៀង ។
រថយន្តបង្កភ្លាមៗបានបើកគេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកតែស្លាកលេខ និងកាងមួយកំណាត់នៅកន្លែងកើតហេតុតែប៉ុណ្ណោះ ។ ស្លាកលេខដែលបន្សល់ទុកនោះមានលេខភ្នំពេញ 2S-4606 ។រីឯជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ១. យ៉ាន តាន់ប៊ុណ្ណារ័ត្ន អាយុ ២៤ ឆ្នាំ មុខបរជាកម្មកររោងចក្រកាត់ដេរស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ២. ឈ្មោះ សាក់ អាយុ ២៤ ឆ្នាំ ជាកម្មករសំណង់ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២ ត្រូវបានរថយន្តសាមុយដឹកទៅកាន់គ្លីនិកឯកជនគឹមសុង ។
ក្រោយពេលកើតហេតុឪពុកមាជនរងគ្រោះមកទទួលយកម៉ូតូទៅផ្ទះវិញ ដោយមិនបានប្ដឹងផ្ដល់ទេ ដោយសំអាងថា រថយន្តបុកហើយរត់បាត់ពុំមានភស្តុតាងសំអាង ។ ប៉ុន្តែដោយសមត្ថកិច្ចប្រាប់ថា រថយន្តបង្កមានស្លាកលេខនៅសល់ ទើបគាត់ថានឹងទៅដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋានខណ្ឌទួលគោក នាព្រឹកថ្ងៃទី ៣១កក្កដា នេះដើម្បីចាត់វិធានការបន្ត ៕