នារី​វ័យក្មេង​ម្នាក់​បើកឡាន​ទំនើប​ទាំង​ស្រវឹងបង្ក​គ្រោះថ្នាក់ ហៅ​គ្នា​មក​អន្តរាគមន៍ត្រូ​វសមត្ថកិច្ច​ឃាត់ខ្លួន​ ២ ​នាក់​

, , Leave a comment

រាជធានីភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​របស់ខ្លួន​ទាំង​ស្រវឹង លឿន​ដូច​ហោះ ទៅបុក​រថយន្ត​ទួរីស ចត​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច ក្រោម​ស្ពាន​អាកាស​៧​មករា និង​បន្ត​បុក​រោង​ម៉ាស៊ីនត្រជាក់​របស់​ស្ថានីយ​ប្រេង ខ្ទេច​មុខ​ទាំងស្រុង​ទៅមុខ​លែងរួច​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៣ នៅ​កែង​ផ្លូវ​២៧១ ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច ក្រោម​ស្ពាន​អាកាស​៧​មករា ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

 

សាក្សី​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ នារី​វ័យក្មេង​ម្នាក់ បើករថយន្ត​ម៉ាក​កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-6886 ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បើក​លឿន​ដូច​ហោះ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​កែង​ផ្លូវ​២៧១ ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច ក្រោម​ស្ពាន​អាកាស​៧​មករា ក៏បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​ទួរីស ពណ៌​សម្បក​ឪឡឹក ១​គ្រឿង ដែល​ចត​ស្ងៀម បណ្តាល​រថយន្ត​ទួរីស​ក្រឡាប់ របួស​ម្នាក់ រថយន្ត​បង្ក​បាន​ជ្រុល​ល្បឿន​ទៅបុក​រោង​ម៉ាស៊ីន ត្រជាក់​របស់​ស្ថានីយ​ប្រេង បណ្តាល​រថយន្ត​ខ្ទេច​មុខ​ទាំងស្រុង​ទៅមុខ​លែងរួច​។​

 

​ក្រោយពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ស្រាប់​តែមាន​បុរស ២​នាក់ ជិះ​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ មក​ជម្លៀស​នារី​ខាងលើ​ចេញពី​កន្លែងកើតហេតុ ព្រមទាំង​បាន​វាយ​ទៅលើ​អ្នកកាសែត និង​សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍ បណ្តាល​ឲ្យ​សមត្ថកិច្ច​ម្នាក់​រងរបួស​បែក​ចិញ្ចើម​ខាងស្តាំ​។ សមត្ថកិច្ច​ដែល​រងរបួស​ឈ្មោះ ទឹម សៅ​សុភ​ក្តិ ជា​ប៉ូលិស​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​។​

 

គួរ​បញ្ជាក់ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​បុរស ២​នាក់​នោះ​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើ​ម្បើ​ធ្វើការ​សាកសួរ ចំណែក​នារី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បាន​ឡើង​ជិះ​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ រត់គេចខ្លួន​បាត់​។​ ​បុរស​ពីរ​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ក្រោយពី​នាំខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​សួរនាំ​រួចរាល់ ក៏បាន​ដោះលែង​វិញ​ដែរ​៕​

IMG_0855 IMG_0858 IMG_0854 IMG_0861

 

Leave a Reply

(*) Required, Your email will not be published