ខេត្តកំពង់ឆ្នាំង ៖ ឈើប្រណីតប្រភេទគ្រញូងទម្ងន់ប្រមាណជាង១តោន ដែលដឹកតាមរថយន្តទូរីបានក្អែធ្លាក់ចេញមកក្រៅ គ្រាដែលរថយន្តនោះដាច់កង់ក្រឡាប់ធ្លាក់ចូលស្រែ ។ ភ្លាមៗឈ្មូញម្ចាស់ឈើបានព្យាយាមប្រមូលឈើទាំងនោះដើម្បីសាងឡានបន្ត តែត្រូវសមត្ថកិច្ចចាប់ជាប់ ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១ រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានអូរសណ្តាន់ ស្ថិតក្នុងភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុក រលាប្អៀរ ។
សាក្សីបាននិយាយថា នាម៉ោងកើតហេតុខាងលើ គេឃើញរថយន្តទូរីស ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក គ្មានស្លាកលេខ មួយគ្រឿង បើកបរ ដោយជនពុំស្គាល់ឈ្មោះ បានធ្វើដំណើរតាមបណ្តោយថ្នល់ជាតិ លុះមកដល់ចំណុចគល់ស្ពានអូរសណ្តាន់ រថយន្តបានធ្លាក់ជង្ហុក អុកយ៉ាងខ្លាំងព្រោះតែដឹកធ្ងន់ បណ្តាលឲ្យដាច់កង់មុខខាងឆ្វេង រួចធ្លាក់មកខាងស្តាំដៃក្រឡាប់ចូលស្រែ ក្អែឈើគ្រញូងចេញតែម្តង ។
ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ ឈ្មួញឈើ បានជួលប្រជាពលរដ្ឋនៅជិតនោះជញ្ជូនឈើចេញពីរថយន្តទៅដាក់លាក់នៅឆ្ងាយ បំណងដឹកចេញ តែត្រូវនគរបាលទៅទាន់ក៏នាំគ្នារត់អស់ ទុកឈើ និងរថយន្តចោលនៅនឹងកន្លែងកើតហេតុ ។ លោក ជិន សុផាត នាយការិយាល័យនគរបាលសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ឈើក្នុងរថយន្តនោះមានចំនួន២៣ដុំ ប៉ុន្តែនៅមិនទាន់បានវាស់វែង និងថ្លឹងទម្ងន់នៅឡើយទេ រងចាំដឹកជញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តសិន ទើបវាស់វែង និងថ្លឹងជាក្រោយ ។
គួរបញ្ជាក់ថា នៅក្នុងរថយន្តនោះគេបានរកឃើញសៀវភៅកត់ត្រាចំនួនជើងដែលដឹក និងរត់ការផ្លូវ គឺច្រើនជើងណាស់ ចាប់ពីថ្ងៃទី៧ ខែ មិថុនាឆ្នាំ២០១៣ មកម្ល៉េះ។ ដែលនេះបង្ហាញឲ្យថា ការដឹកជញ្ជូនឈើគ្រញូងនេះមានការឃុបឃិតពីសមត្ថកិច្ច ។ លើសពីនេះទៀត នគរបាលក៏បានសន្និដ្ឋានដែរថា ទាំងអ្នកបើកបរ និងព្រូឡានសុទ្ធសឹងតែជាអ្នកប្រើប្រាស់គ្រឿងញៀន ខណៈដែលបានឆែកឆេរ រកឃើញនៅក្នុងរថយន្តមាន គ្រឿងញៀនមួយប្រអប់ ដែលគេដាក់ក្នុងបំពុងបឺតជ័រទុកសម្រាប់ជក់ និងប្រើប្រាស់តាមផ្លូវ ។ រថយន្ត និងឈើក្រញូងទាំងនោះត្រូវបាននគរបាលដឹកយមករក្សាទុក នៅស្នងការដ្ឋានខេត្តកំពង់ឆ្នាំងជាបណ្តោះអាសន្នដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕