រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ កក្កដា បានសម្រេចឃុំខ្លួនបុរសជាអ្នកបើកបររថយន្តឲ្យសមាជិកគណបក្សសង្គ្រោះជាតិម្នាក់ ដែលបានបុកធ្វើឲ្យកម្មកររោង ចក្រម្នាក់ស្លាប់ ។ ការសម្រេចនេះត្រូវបានធ្វើឡើងដោយលោក ម៉េង តូនី ចៅក្រមស៊ើបសួរសាលារាជធានីភ្នំពេញ ដើម្បីបើកផ្លូវឲ្យមានការស៊ើបអង្កេត ។ បុរសជាជនសង្ស័យរូបនេះឈ្មោះ ខេង ធារ៉ា អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ បានត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ បើកបរបង្កឱ្យអ្នកដទៃស្លាប់ដោយអចេតនា។
យោងតាមមាត្រា៨២ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បុរសរូបនេះត្រូវប្រឈមមុខនឹងការជាប់ពន្ឋនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ។ អង្គហេតុដែលនាំឱ្យមានការចោទប្រកាន់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៦ កក្កដា ២០១៣ ខណៈដែលជនបង្កឈ្មោះ ខេង ធារ៉ា បានបើករថយន្តម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ ព្រឹទ្ធសភា ៣-២-០៥៨ មានបិទស្លាកគណបក្សសង្គ្រោះជាតិ អមដោយភរិយាម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ សំដៅមករាជធានីភ្នំពេញ ក្នុងល្បឿនយ៉ាងលឿន ។
លុះមកដល់ចំណុចខាងលិចបុរីកាំងម៉េង ក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ជនបង្កបានបើករថយន្ត ជែងរថយន្ដឆ្លាមមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុកម៉ូតូម៉ាកសេ១២៥ ស៊េរី ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1L 7684 បើកបរដោយឈ្មោះ តាក សេរីវឌ្ឍនា អាយុ២៩ឆ្នាំ ជាកម្មកររោងចក្រ បណ្ដាលឱ្យប៉ើងជាង១០ម៉ែត្រ និងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយរថយន្តបង្កក៏បែកកង់មុខ ទៅលែងរួច។
ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចមូលដ្ឋាន និង សមត្ថកិច្ចការិយាល័យចរាចរជើងគោកបានទៅជួយអន្តរាគមន៍ ឃាត់ខ្លួនជនបង្ក និងរថយន្តនាំទៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីសាកសួរ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ យោងលើភស្តុតាងដាក់បន្ទុក កាលពីរសៀលថ្ងៃទី២៨ កក្កដា ២០១៣ សមត្ថកិច្ចបាន កសាងសំណុំរឿង និងបញ្ជូនជនបង្កមកតុលាការដើម្បីចាត់ការតាមច្បាប់។ នៅដំណាក់កាលនេះឈ្មោះ ខេង ធារ៉ា បានសារភាពថា ខ្លួនពិតជាបានបើកបរធ្វេសប្រហែសបណ្តាលឱ្យបុកជនរងគ្រោះស្លាប់ពិតមែន ៕