ខេត្តសៀមរាប ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុច បន្ទប់ជួលក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក និង នៅក្នុងហាងផឹកស៊ី យីហោសែនសប្បាយបីករណី ជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាបន្តនៅថ្ងៃទី២៤ និង ២៥ ខែកក្កដា ឆ្នាំ២០១។ស្ត្រី៣រូប ដែលប៉ូលីសចាប់ខ្លួន ទី១. ឈ្មោះញឹក ចិន្តា ស្រី អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក។ ទី២ឈ្មោះគង់ អានីតា ស្រីអាយុ២២ឆ្នាំ និងទី៣.ឈ្មោះកនិ្នការ ស្រីអាយុ២២ឆ្នាំ អ្នកទាំងពីរ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
លោក ណាម ណម នាយផ្នែក នៃការិយាល័យនគរបាលប្រឆាំងគ្រឿ្ញងញៀន បានឲ្យ ដឹងថា ក្រោយកម្លាំងបានតាមដាន ស្ត្រីឈ្មោះញឹកចិន្តា បានយកថ្នាំម៉ាទឹកកក ពីឈ្មោះគង់អានីតា បំរ៉ុងទៅ ចែកចាយ ឲ្យអ្នកផ្សេងបន្ត សមត្ថកិច្ចចាប់ជាប់តែម្តង។ ក្រោយចាប់បានឈ្មោះញឹកចិន្តា ទើបបន្តទៅចាប់អ្នកពីរ រូបទៀតដល់បន្ទប់ជួលទៀត។ ភ្លាមៗនោះសមត្ថកិច្ច ឆែករកឃើញថ្នាំម៉ាទឹកកក មួយកញ្ចប់តូចនិងឧបករណ៏ ប្រើប្រាស់មួយចំនួន។ ជនសង្ស័យទាំង៣នាក់និងវត្ថុតាង បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៦ខែកក្កដាដោយ ចោទពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន។ ចំណែកជនសង្ស័យម្នាក់ទៀតត្រូវកងរាជអាវុធហត្ថចាប់ខ្លួន មានឈ្មោះ លឹម កុសល ប្រុសអាយុ២៧ឆ្នាំ មានស្រុកកំណើតឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
លោក ឆាយ រ៉ង នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ក្រោយកម្លាំងសម្ងាត់ស៊ើបអង្កេតដឹងថា ជនសង្ស័យបានយកគ្រឿងញៀនពីភ្នំពេញ មកចែកចាយ នៅសៀមរាប ហើយរូបគេបានចូលផឹកស៊ីនៅក្នុងហាង សប្បាយបី លោកឧត្តមសេនីយ៏ត្រី ម៉នសាមុន មេបញ្ជាការកងរាជអាវុធហត្ថ បញ្ជាកម្លាំងឲ្យចូលទៅចាប់ខ្លួនតែម្តង។ ក្នុងពេលចាប់ខ្លួន រកឃើញថ្នាំញៀនម៉ាទឹកកកពីរកញ្ចប់។ លោកបញ្ជាក់ថា ជនសង្ស័យនិងវត្ថុតាង បានបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២៦ ដើម្បីចាត់ការបន្ត៕