ឧកញ៉ា ហេង តុលា និង​ឈ្មោះ ហេង ហៅ​ ម៉ាង នៅតែ​ជា​មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ដ៏​ល្បី​ សមត្ថកិច្ច​ក្នុង​ខេត្តបាត់ដំបង​មិនដែល​បង្ក្រាប​

, , Leave a comment

​ខេត្តបាត់ដំបង ៖ ​តាម​ប្រភព​ព​ត័​មាន​ពី​ខេត្តបាត់ដំបង​បាន​បាន​រាយការណ៍​មក​ថា ទីតាំង​ស្តុក​ឈើ​គ្រញូង​ចំនួន ២ នៅក្នុង​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង គឺជា​របស់​ឧកញ៉ា ហេង តុលា​ដែល​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ រួមទាំង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មិន​ហ៊ាន​ប៉ះពាល់​ដោយ​សារ​តែ​ឧកញ៉ា​រូបនេះ​ធ្លាប់​ផ្តល់​ផលប្រយោជន៍​យ៉ាង​ពេញចិត្ត​ពេញ​ថ្លើម​មិន​ដាច់​ចិត្រ​បង្ក្រាប​​ព្រោះ​ខ្លាច​បែកឆ្នាំង​បាយ​ព្រោះ​វា​ជា​ចំណូល​មិនចេះ​រីងស្ងួត ។

 

ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​ចេញពី​ច្រកព្រំដែន​កម្ពុជា​សៀម នៅ​ចំណុច​ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​ម៉ាឡៃ មិនបាន​ថមថយ​នោះទេ ពោលគឺ​អំឡុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​គេ​សង្កេតឃើញ​ឈ្មួញ​ធំៗ​ប្រចាំខេត្ត​បាត់ដំបង​ដូចជា​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ចំណុច​ច្រកព្រំដែន​យកមក​ស្តុក​ទុក​នៅក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង​ជួល​ពី​លោក​ផ្កាយ​១ ពេជ្រ វណ្ណា នៅ​កណ្តាល​ក្រុង​បាត់ដំបង ហើយ​បន្ត​យកមក​ស្តុក​ទុក​នៅ​ស្រុក​មោង​ប្ញ​ស្សី ដើម្បី​បន្ត​ដឹកជញ្ជូន​តាមផ្លូវ​ជាតិ​លេខ​៥ ចេញទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​បំផុត​។​

 

​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា ដែលជា​មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ប្រចាំខេត្ត​បាត់ដំបង មាន​សមត្ថកិច្ច​មួយចំនួន​ជួយ​សម្រប​សម្រួល​រត់ការ​តាំងពី​ចំណុច​ព្រំដែន រហូតដល់​ក្រុង​បាត់ដំបង​និង​ស្រុក​មោង​ប្ញ​ស្សី គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្តទុកដាក់​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា ម្តងណា​ឡើយ​។ ពេលខ្លះ​មន្ត្រី​មួយចំនួន​បាន​ចាត់ទុកថា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា កាន់តែ​កក្រើក ពួកគេ​កាន់តែ​សើម​មាត់ អាច​ប្រមូល​ប្រយោជន៍​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​និង​ទុក​សម្រាប់​អភិវឌ្ឍន៍​មុខតំណែង​ដោយ​មិន​ខ្វល់ខ្វាយ​ពីបទ​បញ្ជា​របស់​ថ្នាក់លើ​ម្តងណា​ឡើយ​។​

 

​ការដឹកជញ្ជូន​ឈើ​គ្រញូង​និង​ឈើ​ប្រណីត​ចូល​ពី​ស្រុក​សៀម តាម​ច្រកព្រំដែន​នៅ​ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​ម៉ាឡៃ  អាច​ដំណើរការ​ដោយ​រលូន​ល្អ បើទោះបី​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​មិនអាច​រំខាន​ដល់​សកម្មភាព រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា នោះដែរ​ហើយ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ជួយ​សម្រប​សម្រួល​ឲ្យ​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា ដឹកជញ្ជូន​ឈើ​យកមក​ស្តុក​ទុក​នៅ​​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង​នៅ​កណ្តាល​ក្រុង​បាត់ដំបង រួច​បន្ត​នាំយកមក​ស្តុក​ទុក​នៅក្នុង​ឃ្លាំង​ចំនួន​២​កន្លែង​ទៀត ក្នុងស្រុក​មោង​ប្ញ​ស្សី ដែល​ឃ្លាំង​ស្តុក​ឈើ​គ្រញូង​ខុសច្បាប់​របស់​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា មានការ​យាមកាម​យ៉ាង​តឹងរ៉ឹង​។ យ៉ាងណាក៏ដោយ​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តបាត់ដំបង ហាក់ដូចជា​ត្រូវ​ដៃ​ត្រូវ​ជើង​ជាមួយ​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា ទើប​មិនដែល​ចាត់វិធានការ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​ធំៗ​ទាំង​២​នាក់​នេះ​ឲ្យ​ស្របតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ម្តងណា​ឡើយ​បើទោះបីជា​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លង​កាត់មុខ​សាលាខេត្ត​បាត់ដំបង​សឹង​ខូង​ផ្លូវ​ទៅហើយ​ក៏ដោយ​។​

 

​ការដឹកជញ្ជូន​ឈើ​របស់​ឈ្មោះ ហេង ហៅ​ ម៉ាង និង​ឈ្មោះ ហេង តុលា ចេញពី​ខេត្តបាត់ដំបង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ គេ​សង្កេតឃើញ​មន្ត្រី​កងរាជអាវុធហត្ថ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ចេញមុខ​ជួយ​រត់ការ​បើកផ្លូវ​យ៉ាង​រលូន​ល្អ​ផងដែរ ហើយ​រៀងរាល់​ការដឹកជញ្ជូន​ឈើ​ម្តងៗ​ គេ​រៀបចំ​កញ្ចប់​លុយ​ សម្រាប់​បែងចែក​ជូន​មន្ត្រី​ជំនាញ​នគរបាល​សេដ្ឋកិច្ច​កងរាជអាវុធហត្ថ​តាម​ស្នាក់ការ​សន្តិសុខ មិនដែល​រំលង​ប៉ុស្តិ៍​ណាមួយ​ឡើយ​ដើម្បី​កុំ​ឲ្យ ការដឹក​ជញ្ជូន​​ឈើ​របស់​ពួកគេ​ជួប​ឧបសគ្គ​។ ជា​រៀងរាល់​យប់​មាន​រថយន្ត​ទំនើបៗ ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ដូច​គេ​ហែ​ខ្មោច​មិនតិចជាង​២០​គ្រឿង​នោះទេ ប៉ុន្តែ​មិនដែល​មានការ​បង្ក្រាប​ម្តងណា​ឡើយ​ក៏​ព្រោះតែ​មន្ត្រី​និង សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ដងផ្លូវ​ពុករលួយ​ទទួលបាន​ផល​
​ប្រយោជន៍​ធ្វើ​មាន​ធ្វើបាន​គ្រប់ៗ​គ្នា​លើ​គំនរ​ដឹកជញ្ជូន​ឈើ​ក្រញូង​។​

 

អាច​បញ្ជាក់បាន​ថា ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា ឡើង​ដុះ​ស្លែ​ទៅហើយ​តាមផ្លូវ​ជាតិ​លេខ ៥ មាន​ភាពរលូន​ល្អ​មិនដែល​មានការ​បង្ក្រាប​លើកលែងតែ​រថយន្ត​ដឹកឈើ​ត្រូវ​ក្រឡាប់ ឬ​ខូច​តាមផ្លូវ​ទើប​សមត្ថកិច្ច​អូស​យកទៅ​បំពេញបែបបទ​យក​ស្នាដៃ​បង្អួត​ថ្នាក់លើ​ ។ លោក​រដ្ឋមន្ត្រី ច័ន្ទ សារុន ជា​អ្នកទទួលខុសត្រូវ​ធំ​បំផុត​ចំពោះ​ភាពអនាធិបតេយ្យ​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​ក៏ដូចជា​ការដឹក​ជញ្ជូន​​ឈើ​ខុសច្បាប់ គួរតែ​ពិនិត្យឡើងវិញ​ពី​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​ម​ន្ត្រី​និង​សមត្ថកិច្ច​ដែល​ឃុបឃិត​ឲ្យ​ឈ្មោះ ហេង ហៅ​ម៉ាង និង​ឈ្មោះ ហេង តុលា រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឡើងវិញ​ផង​ដែល​យ៉ាងហោចណាស់​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់​អនុវត្តន៍​បទបញ្ជា​លេខ​០១​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​៕

bb (1) --- bb (2)

 

Leave a Reply

(*) Required, Your email will not be published