ឆក់​ខ្សែក ហើយ​ព្យាយាម​គេច​ តែ​មិន​ផុត​ ជាប់​ខ្នោះ​ប៉ូលិស

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ ២ ​នាក់​បានធ្វើ​សកម្មភាព​ឆក់​ខ្សែក តែ​មិនបាន​សម្រេច​ហើយក៏​ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន​បាន ខណៈ​ពេលធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​ស្ត្រី​ម្នាក់ បណ្តាលឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​បុរស​ជា​ប្តី​បាន​ព្យាយាម បើក​ម៉ូតូ​ដេញតាម និង​ស្រែកថា​ចោរៗ​ទើបត្រូវ​សមត្ថកិច្ច​ចាប់បាន​។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៤ កក្កដា នៅ​ចំណុច​ស្តុ​ប​ចំការមន មហាវិថី​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។ ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ គាត់​ជិះ​ម៉ូតូ​គុប​ជ្រុង​សេ​៥០ ពណ៌​ទឹក​ប៊ិក ចេញពី​ម្តុំ​ផ្សារ​ធំថ្មី តាម​មហាវិថី​ព្រះ​នរោត្តម ពី​ជើង​ទៅ​ត្បូង ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ ។​

 

​លុះ​មកដល់​ចំណុច​ខាងលើ​ស្រាប់តែ​ជន ២​នាក់​ជិះ​ម៉ូតូ​ស៊ុយ​ហ្សុ​យ​គី​និ​ច ពណ៌​សលាយ​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1BY-7617 មក​អែប​ម៉ូតូ​គាត់ រួច​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​ប្រពន្ធ​គាត់ បណ្តាល​ឱ្យដាច់​ជា​២​កំណាត់ ប៉ុន្តែ​ប្រពន្ធ​គាត់​យកដៃ​ខ្ទប់​ខ្សែក នោះ​ជាប់ ទោះ​ជាយ៉ា​ង​ណា​បាន​ធ្លាក់​ពីលើ​ម៉ូតូ​បណ្តាលឱ្យ​រង របួសស្រាល ។ ចំណែក​រូបគាត់​មិនបាន​ដឹងថា ប្រពន្ធ​ធ្លាក់​ពីលើ​ម៉ូតូ​ទេ គិតតែ​ពី​បើក​ម៉ូតូ​ដេញតាម​ជនសង្ស័យ និង​ស្រែកថា​ចោរៗ ។ ប្រភព​ដដែល​បន្តថា ការដេញ​តាម​រហូត​ចូលដល់​ទឹកដី ខណ្ឌ​៧​មករា​បាត់ដាន​ជនសង្ស័យ ទើប​ត្រឡប់មក​មើល​ប្រពន្ធ​វិញ ប៉ុន្តែ​នគរបាល​ខណ្ឌ​៧​មករា​បាន​សហការ ជាមួយ​នគរបាល​ខណ្ឌដូនពេញ ដែល​កំពុង​ល្បាត​តាមផ្លូវ​ឮ​សម្រែក​ថា​ចោរៗ ក៏បាន​ដេញតាម​បន្តទៀត និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួមជាមួយ​ម៉ូតូ​មួយគ្រឿង នៅតាម​ផ្លូវ​លេខ​៨៤ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

ជននេះ​ឈ្មោះ យស ស៊ី​រា​៉​ដែ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​បឹងត្របែក ថ្នាក់​ទី​១២ ស្នាក់​នៅផ្ទះ​លេខ​១៥ ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ដែល​រត់ឡើង ទៅសម្ងំ​លើផ្ទះ​ប្រជាពលរដ្ឋ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដែរ ។ ជនរងគ្រោះ​ឈ្មោះ យៀប ស៊ីណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ និង​ប្រពន្ធ​ឈ្មោះ ពុត ស៊ីណា អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌមានជ័យ ។ ជនសង្ស័យ​ទាំង​២​នាក់​ដែល​នគរបាល​ខណ្ឌ​៧​មករា​សហការ ជាមួយ​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​នេះ​បាន ប្រគល់​ទៅឱ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់វិធានការ​តាមច្បាប់ ៕

1bc8280c-484e-4726-8fce-c33384a43d49 4a76b741-511e-4de6-bbc0-efe6ad10da83

 

Leave a Reply

(*) Required, Your email will not be published