ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ មានផែនការបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាហ្វ្រិកខាងកើត នៅថ្ងៃអាទិត្យខាងមុខ ក្នុងបំណងបង្កើនទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសទាំងនោះ។ នេះយោងតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍។
ប្រភពព័ត៌មានបានចុះផ្សាយថា លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត់ត្រា គ្រោងនឹងទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៊ុំហ្សាមប៊ីក ប្រទេសតង់សានី និងប្រទេស អ៊ូហ្គានដា ដែលសុទ្ធសឹងតែជាប្រទេសក្នុងតំបន់អាហ្វ្រិកខាងកើត។
លោកស្រីទៅប្រទេសទាំងនោះក្នុងបំណងពង្រីកចំណងទាក់ទងលើវិស័យវិនិយោគ កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មទេ្វភាគីរវាងប្រទេសថៃ និងបណ្តាប្រទេសទាំងនោះ។ លោកស្រីនឹងចាកចេញពីប្រទេសថៃនៅថ្ងៃអាទិត្យទី២៨ រហូតដល់ថ្ងៃទី២ខែសីហា ឆ្នាំ២០១៣ ។
តាមប្រភពដដែល ថៃនិងអាហ្វ្រិកគ្រោងនឹងជួបប្រជុំកម្រិតកំពូល ក្នុងប្រទេសថៃ នៅខែកុម្ភៈ ឆ្នាំ២០១៤ខាងមុខ៕