បុរស​ម្នាក់​លប​ឡើង​ផ្ទះ​ប៉ុន​ប៉ង​ចាប់​រំលោភ​ ពេល​ប្តីមិន​នៅ​ផ្ទះ បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​

, , Leave a comment

ខេត្ដតាកែវ​ ៖​ នគរបាល​ស្រុក​ព្រៃ​កប្បាស​ចាប់ខ្លួន​ពី​បទ​ប៉ុនប៉ង​រំលោភ​ សេពសន្ថវៈ​លើ​ប្រពន្ធ​គេ​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​ ២០១៣​ នៅផ្ទះ​ស្ដ្រី​រង​គ្រោះ​ ស្ថិត​ក្នុង​ភូមិ​ជម្ពូព្រឹក្ស​ ឃុំ​ចំប៉ា​ ស្រុក​ព្រៃកប្បាស​ គ្រា​ដែល​ប្ដី​ស្ដ្រី​រង​គ្រោះ​មិន​នៅផ្ទះ​  ។​ ​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​រសៀល​ ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៣​ បន្ទាប់​ពី​ ស្ដ្រី​រង​គ្រោះ​ ដាក់​ពាក្យបណ្ដឹង​នៅ​កន្លែង​ នគរបាល​រៀបរាប់​ពី​សកម្មភាព​ដែល​ជនសង្ស័យ​បាន​ប៉ុនប៉ង​រំលោភ​ ។​

 

​នគរបាល​ស្រុក​ព្រៃកប្បាស​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​ជ្រឹង​ ស៊ី​ណ​ន​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​រនាម​ពេជ្រ​ ឃុំ​ ចំប៉ា​ ស្រុក​ព្រៃកប្បាស​ ខេត្ដតាកែវ​ ។​ រីឯ​ ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ អ​.​គ​.​ន​ អាយុ​១៨​ឆ្នាំ​ មាន​ប្ដី​ឈ្មោះ​ ម​.​ភ​.​រ​.​ម​ រស់នៅ​ភូមិ​ជម្ពូ​ព្រឹក្ស​ ឃុំ​ចំប៉ា​ ស្រុក​ព្រៃកប្បាស​ ខេត្ដ​តាកែវ​ ។​ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ ឈ្មោះ​ជ្រឹង​ ស៊ី​ណ​ន​ បាន​សារភាព​ថា​ មុន​ ពេល​កើតហេតុ​រូបគេ​នឹង​មិត្ដភក្ដិ​៤-៥​ នាក់​ បាន​ជួបជុំ​គ្នា​ផឹកស្រា​អេ​ឡិច​សង់​ អស់​ចំនួន​២​ដប​ក្លែម​ជាមួយនឹង​មាន់​១​ក្បាល​ លុះ​ផឹកស្រា​អស់​ក៏​បែកផ្លូវ​គ្នា​ ។​ ចំណែក​គេ​នឹកឃើញ​ដល់​ស្ដ្រី​រង​គ្រោះ​ អ​.​គ​.​ន​ ដែល​រស់នៅ​ភូមិ​ជាប់​គ្នា​ ខណៈ​ ដឹង​ថា​ប្ដី​នាង​មិន​នៅផ្ទះ​ក៏​ដើរ​សំដៅ​ទៅ​ ផ្ទះ​ស្ដ្រី​រង​គ្រោះ​ទាំង​យប់​ ។​ ពេល​ទៅ​ដល់​ ក៏​ឡើង​ជាន់​លើ​ឈើ​រួច​ចាប់​ហែក​ជញ្ជាំង​ផ្ទះស្លឹក​តិចៗ​នៅ​ផ្នែក​ខាងលិច​រួច​ក៏​លូន​ចូល​ទៅ​ក្នុងផ្ទះ​ឃើញ​ស្ដ្រី​រង​គ្រោះ​ដេក​ លង់លក់​ក្នុង​មុង​ ពេល​នោះ​ក៏​ធ្វើ​សកម្ម​ ភាព​ស្ទាបអង្អែល​កន្លែង​សំខាន់ៗ​អស់​ រយៈពេល​ជាង​៣​នាទី​ តែ​ស្ដ្រី​រង​គ្រោះ​មិន​ បាន​ភ្ញាក់​ដឹងខ្លួន​ឡើយ​ ។​

 

​ជនសង្ស័យ​បាន​សារភាព​ទៀត​ថា​ ដោយ​ឃើញ​ឱកាស​បែប​នេះ​រូបគេ​ក៏​ដោះ​ អាវ​ស្រាតខោ​បម្រុង​រំលោភ​តែ​ត្រូវ​ស្ដ្រី​ រង​គ្រោះ​ភ្ញាក់​ដឹងខ្លួន​ទាន់​ក៏​ស្រែក​ឆោឡោ​ឡើង​ធ្វើ​ឱ្យ​រូបគេ​លោត​ចុះពីលើផ្ទះ​រត់​ គេចខ្លួន​ ដោយ​បន្សល់​ទុក​ទូរស័ព្ទ​ម៉ាក​ ណូ​គា​១​គ្រឿង​នៅ​នឹង​ផ្ទះ​ស្ដ្រី​រង​គ្រោះ​ ។​ ​តាម​ពាក្យបណ្ដឹង​ស្ដ្រី​រង​គ្រោះ​ អ​.​គ​.​ន​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ ក្រោយ​ពេល​ជន​ សង្ស័យ​ធ្វើ​សកម្មភាព​ និង​បាន​ជ្រុះ​ទូរស័ព្ទ​ ១​គ្រឿង​នៅ​លើ​ផ្ទះ​ ទើប​ធ្វើ​ឱ្យ​នាង​ស្គាល់​ ជនសង្ស័យ​រូប​នេះ​ ហើយ​ក៏​មក​ប្ដឹង​នគរ​ បាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ចំប៉ា​ឱ្យ​ចាប់ខ្លួន​ជន​ សង្ស័យ​ ។​

នគរបាល​ស្រុក​ព្រៃកប្បាស​ម្នាក់​ បង្ហើប​ឱ្យ​ដឹង​ថា​ ស្ដ្រី​រង​គ្រោះ​និង​ជនសង្ស័យ​  ជា​បងប្អូន​ជីទួតមួយ​នឹង​គ្នា​ ហើយ​ការ​ ដែល​ជនសង្ស័យ​មាន​បំណង​ប៉ុនប៉ង​ រំលោភ​លើ​ស្ដ្រី​រង​គ្រោះ​ ក៏​ព្រោះតែ​ឃើញ​ ឱកាសល្អ​ពេល​ដែល​ប្ដី​នាង​មិន​នៅផ្ទះ​ ។​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៣​ ជនសង្ស័យ​ឈ្មោះ​ជ្រឹង​ ស៊ី​ណ​ន​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ដតាកែវ​បញ្ជូន​ទៅ​ តុលាការ​ ក្រោយ​ពី​ជនសង្ស័យ​ត្រូវ​បាន​ នគរបាល​នៃ​អធិការ​ស្រុក​ព្រៃកប្បាស​ បញ្ជូន​មក​ឱ្យ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​  ៕

5193c3a9-82a9-43e9-bd76-8f4778fa81dc

 

Leave a Reply

(*) Required, Your email will not be published