ខេត្តបាត់ដំបង ៖ លោកអភិបាលរងស្រុកកំរៀងម្នាក់ និងស្ត្រីម្នាក់ ដែលប្ដីលែងលះមិនទាន់ដាច់ស្រាច់ ត្រូវបានប៉ូលិសស្រុកកំរៀងឃាត់ខ្លួន កសាងសំណុំរឿង ខណៈដែលប្ដីស្ត្រីមានកូន ២នាក់នេះតាមទាន់ប្រពន្ធពេលសាហាយស្មន់គ្នា ហើយចាក់សោមុខបន្ទប់ ក្នុងផ្ទះ រួចស្រែកហៅអ្នកភូមិ និងប្ដឹងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកស្រី វុឌ្ឍី អធិការរងប៉ូលិសស្រុកកំរៀង បានឲ្យដឹងថា បុរសដែលឃាត់ខ្លួនឈ្មោះសួង កែវ អាយុ៥០ឆ្នាំ មានតួនាទីជាអភិបាលរងស្រុកកំរៀង។ ស្ត្រីផិតក្បត់ប្តី ដែលប៉ូលិសឃាត់ខ្លួនឈ្មោះហេង ស៊ីនី អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកប្ដីរងគ្រោះឈ្មោះហុង ពៅ អាយុ៥៧ឆ្នាំ។ ប្រជាពលរដ្ឋ បាននិយាយថា លោក សួង កែវ ជាអភិបាលរងស្រុកកំរៀង បានលួចស្រឡាញ់ស្ដ្រីកូន ២ នាក់នេះយូរណាស់មកហើយ។ ម្យ៉ាងវិញទៀត ដោយដឹងថា ប្ដីរបស់ស្ដ្រីនេះលែងលះគ្នាជាយូរឆ្នាំហើយ មានទាំងប្រពន្ធចុងវ័យក្មេងដល់ទៅ ២ នាក់ និងមានកូនម្នាក់មួយទៀតផង។ ពេលលោកសួង កែវ សម្រេចចិត្ដឡើងមកលើផ្ទះស្ត្រីនេះទាំងកាត់កេរខ្មាសអៀន ប៉ុន្តែចៃដន្យអាក្រក់ប្ដីស្ត្រីហេង ស៊ីនី បានឡើងមកលើផ្ទះឃើញទាន់។
ចំណែកស្ដ្រីឈ្មោះ ហេង ស៊ីនី បានប្រាប់ប៉ូលិសថា “រូបនាង និងប្ដី ឈ្មោះហុងពៅ បានលែងលះគ្នាពីរបីដង និងចែកទ្រព្យសម្បត្តិគ្នារហូតដល់នៅតុលាការហើយ ប៉ុន្ដែតុលាការមិនទាន់ចេញសាលក្រមផ្ដាច់សង្វាស់នៅឡើយ ពោលគឺរងចាំថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ ទើបសម្រេច ដូច្នេះពួកយើងប្ដីប្រពន្ធទាំងពីរនាក់ នៅតែទាក់ទងគ្នានិង រស់នៅទាំងមានជម្លោះឈ្លោះប្រកែកគ្នាបែបនេះរហូត”។ រីឯឈ្មោះសួង កែវ អភិបាលរងស្រុកកំរៀង ដែលលួចឡើងដេកជាមួយប្រពន្ធគេ បានប្រាប់ប៉ូលិសថា “នេះមិនមែនជារឿងសាហាយស្មន់ទេ ជារឿងស្នេហាស្មោះស្ម័គ្រ ព្រោះនាងហេង ស៊ីនី ជាស្ត្រីម៉េម៉ាយកូន ២ នាក់ជាយូរឆ្នាំកន្លងមកហើយ”។ “ពេលលោកបានឃើញមានចិត្តអាណិត និងស្រឡាញ់គ្នាទៅវិញទៅមក មិនមានការបង្ខិតបង្ខំទេ”។ ម្យ៉ាងទៀតប្តីនាងក៏មិនដែលនៅលើផ្ទះរបស់នាង ហើយចុះចេញទៅយកប្រពន្ធចុងបាត់ៗ ទើបលោកហ៊ានទាក់ទងស្រឡាញ់យកធ្វើជាប្រពន្ធ។
ឈ្មោះហុង ពៅ ជាប្តីរងគ្រោះ បានប្រាប់ប៉ូលិសថា “ប្រពន្ធបានធ្វើការទំនាក់ទំនងជាមួយលោកសួង កែវ អភិបាលរងស្រុកកំរៀងរយៈពេល ៤ ខែមកហើយ ប៉ុន្តែរូបគេគ្មានភស្តុតាង”។ នៅវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ រូបគេជាប្តីបានតាមដានឃើញលោកសួងកែវ អភិបាលរងស្រុកកំរៀងរូបនេះ បានទៅក្នុងផ្ទះរបស់ខ្លួនដែលប្រពន្ធរបស់គាត់រស់នៅ ហើយក៏អង្គុយរងចាំដល់ម៉ោង៣និង៣០នាទីយប់ ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ នៅមិនឃើញលោកអភិបាលរងស្រុកកំរៀង និងប្រពន្ធចេញមកក្រៅផ្ទះ។ ពេលនោះរូបគេបានចូលទៅផ្ទះឃើញអ្នកទាំង២នាក់ នៅដេកក្នុងបន្ទប់ជាមួយគ្នា រូបគេបានចាក់សោបន្ទប់មុខក្រោយជាប់។ លុះភ្លឺឡើងម៉ោង៨ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ បានស្រែកហៅអ្នកភូមិ និងទៅប្តឹងមេឃុំ លោកអភិបាលស្រុក និងប៉ូលិសអធិការស្រុកកំរៀង ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនទាំង ២ នាក់តែម្តង។
លោកស្រី វុឌ្ឍី អធិការរងប៉ូលិសស្រុកកំរៀង បានបញ្ជាក់ថា រឿងសាហាយស្មន់នេះ ដោយសារប្ដីប្រពន្ធ ស្ត្រីដែលលួចសាហាយស្មន់ ជាមួយលោកអភិបាលរងស្រុកកំរៀង មិនទាន់លែងលះគ្នាដាច់ស្រេច នៅតុលាការតាមផ្លូវច្បាប់។ ដូច្នេះជនសង្ស័យទាំង ២ នាក់ប៉ូលិសបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ បន្តទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕