តារា​ម៉ូដែល​​ស្រី​ម្នាក់​ស្លាប់​​​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍

, , Leave a comment

តារា​ម៉ូដែល​ មិន​សូវ​ល្បី​ឈ្មោះ បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ កាល​ពី​យប់​ថ្ងៃ​ទី២៣ នៅ​លើ​ផ្លូវ​ជាតិ​លេខ៦ ស្ថិត​ក្នុង ភូមិ កៀន​ឃ្លាំង​២ សង្កាត់ ព្រែក​លាភ ខណ្ឌ ឫស្សី​កែវ។ ហេតុ​ការណ៍​នេះ​​ដំបូង​ឡើយ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ ​នោះ​ឡើយ ប៉ុន្តែ​ក្រោយ​ពី​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច ទើប​ដឹង​ថា ជន​រងគ្រោះ​ដែល​ស្លាប់​នោះ​មាន​ឈ្មោះ​ថា កញ្ញា​អ៊ុន ប៊ុនណារី គឺ​ជា​តារា​ម៉ូដែល។

លោក​អ៊ុន ឈាងលី​ ដែល​ត្រូវ​ពូ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​​តាម​រយៈ​ទូរស័ព្ទ​​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា កញ្ញា​អ៊ុន ប៊ុនណារី ​មាន​វ័យ២៣ឆ្នាំ ឪពុក​​នាង​ឈ្មោះ ចន្ទ័ ស៊ីថា ជា​មន្ត្រី​យោធា និង ម្ដាយ​ឈ្មោះ​កែវ វិចិត្រ ជា​មេផ្ទះ។ នាង​គឺ​ជា​កួន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​៥នាក់។ ទីលំនៅ​បច្ចុប្បន្ន ស្ថិត ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៧ ខណ្ឌ ឫស្សីកែវ។ លោក​អ៊ុន ឈាងលី​បាន​បន្ត​ថា កញ្ញា​អ៊ុន ប៊ុនណារី​គឺ​ជា​តារា​ម៉ូដែល​ម្នាក់ ហើយ​នាង​ក៏​ធ្លាប់​បាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន​ផង​ដែរ។

 

លោក​អ៊ុន ឈាងលី​ មិន​បាន​រៀប​រាប់​លំអិត​ពី​ហេតុការណ៍​​ដែល​បាន​កើត​ឡើង​នោះ​ឡើយ ដោយ​លោក​លើក​ហេតុ​ផល​ថា កំពុង​​ជាប់​រវល់​ក្នុង​រៀប​ចំ​ធ្វើ​ពិធី​បុណ្យ​ជូន​សព តែ​ទោះ​ជា​យ៉ាង​ណា​លោក​បាន​ប្រាប់​ថា  អត្តសញ្ញាណ​នៃ​ជន​បង្ក​នោះ ត្រូវ​បាន​ស្គាល់​អស់​ហើយ ។ ក្រោយ​ពី​ធ្វើ​ពិធី​បុណ្យ​ជូន​ក្មួយ​ស្រី​របស់​លោក​ហើយ ក្រុម​គ្រួសារ​របស់​លោក​គ្រោង​និង​ដាក់​ពាក្យ​បណ្ដឹង​លើ​​​ករណី​នេះ។

រូបថត​​ក្នុង​Facebook របស់​Ma Nita

យោង​តាម​ព័ត៌មាន​​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង កាល​វេលា​ម៉ោង១ និង​ ១៥​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣​ កក្កដា​ ២០១៣​ ស្ថិត​ក្នុង​ភូមិ​កៀន​ឃ្លាំង​២ សង្កាត់​ព្រែក​លាភ​ ខណ្ឌ​ឫស្សី​កែវ ដោយ​បង្ក​ឡើយ​ដោយ រថ​យន្ត​កាមរី​បាឡែន​ ១គ្រឿង​ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2W-9157 បើកបរ​​​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​ស្ត្រី​​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​តាម​ផ្លូវ​ស្ពាន​ជ្រោយ​ចង្វា ខណៈ​មក​ដល់​មុខ​ផ្ទះ​សំណាក់​ខ្សាច់​មា​ស រថ​យន្ត​បាន​បួង​ចង្កូត​ត្រលប់​ក្រោយ​ ក៏​បាន​ជ្រុល​បោក​ខ្ទប់​នឹង​របង​ថ្ម​ផ្ទះ​សំណាក់​ បណ្ដាល​ឱ្យ​រថ​យន្ត​ក្រពឹត​ផ្នែក​ខាង​ស្ដាំ​ គាប​ជាប់​ស្ត្រី​ម្នាក់​ស្លាប់​ ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ចំណែក​អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់ ។

រូបថត​​ក្នុង​Facebook របស់​Ma Nita

នៅ​ព្រឹក​មិញ​នេះ សព​កញ្ញា​អ៊ុន ប៊ុនណារី ត្រូវ ​បាន​បូជា​រួច​រាល់​ហើយ​នៅ​ក្នុង​​ឈាបនដ្ឋាន​វត្ត​ទឹក​ថ្លា  ខណ្ឌ​សែន​​សុខ ហើយ​គ្រោង​ធ្វើ​ពិធី​បុណ្យ​គម្រប់៧​ថ្ងៃ នៅ​ថ្ងៃ​ទី ២៧ ខាង​មុខ​នេះ នៅ​ឯ​គេហដ្ឋាន​នៃ​សព៕

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published