អតីតអ្នកដឹកនាំរឿងរបស់ទូរទស្សន៍ CTN អ្នកស្រី ពាន់ ភួងបុប្ផា បានធ្វើពិធីក្រុងពាលីថតរឿងថ្មីមួយ កាលពីព្រឹកម្សិលមិញនេះ។ រឿងនោះ គឺជាប្រភេទខ្សែភាពយន្តបុរាណសម្រាប់ដាក់បញ្ចាំងនៅតាមរោងភាពយន្តនានា ដែលសាច់រឿងនិយាយពីទុក្ខវិយោគរបស់ឈើគ្រញូង ។ រឿងនោះ មានចំណងជើងថា “វិញ្ញាណលោកម្ចាស់គ្រញូង” ដែលសម្ដែងដោយលោក អ៊ុន សុធា កញ្ញា តូតា លោក ស៊ឹម សោភ័ណ្ឌ អ្នកនាង ទូច ស្រីលក្ខណ៍ លោក ដែន សក្កដា និងតារាសម្ដែងល្បីឈ្មោះជាច្រើនរូបទៀត។ ថ្លែងនៅក្នុងពិធីក្រុងពាលីចាប់ផ្តើមថតរឿងកាលពីព្រឹកម្សិលមិញ អ្នកស្រី ពាន់ ភួងបុប្ផា បានបញ្ជាក់ថា រឿងនេះ គឺជាសារអប់រំមួយ ដល់ក្រុមអ្នករកស៊ីកាប់ឈើគ្រញូងនានាក្នុងប្រទេសកម្ពុជា ដែលអ្នកស្រីយល់ថាជាចំណែកតូចមួយ ខណៈឈើគ្រញូងក្នុងស្រុក បាន និងកំពុងរងការកាប់ជួញដូរឥតស្រាន្ត។
អ្នកស្រីថ្លែងថា “មើលរឿងហ្នឹងហើយ គាត់នឹងកាន់តែចាប់អារម្មណ៍ថា ឈើគ្រញូងក៏មានជីវិត វាក៏មានសាច់ឈាមដែរ។ ដូច្នេះ ពេលគាត់កាប់ គាត់នឹងនឹកឃើញ!”។ អ្នកស្រី ពាន់ ភួងបុប្ផា សង្កត់ធ្ងន់ថា លោក ម្ចាស់គ្រញូងដែលជាជនរងគ្រោះ បានធ្វើសារថា “សូមកុំកាប់បំផ្លាញខ្ញុំទៀត បើអ្នកថែរក្សាខ្ញុំ ខ្ញុំនឹងថែរក្សាអ្នកវិញ”។ វិលមកដំណើររឿង “វិញ្ញាណលោកម្ចាស់គ្រញូង” វិញ អ្នកស្រី ពាន់ ភួងបុប្ផា បានគូសបញ្ជាក់ថា រឿងនេះ ដំបូងឡើយនិយាយអំពី ការភ្នាល់គ្នាមួយរបស់អ្នកស្រុកម្នាក់ឈ្មោះ តំ ដែលបានលេងល្បែងភ្នាល់ឈ្នះគ្រែគ្រញូងមួយ។ តាមគ្រូទាយបានឲ្យដឹងថា គ្រែនេះ មានដួងវិញ្ញាណថែរក្សា ដូច្នេះហើយមានតែស្រីក្រមុំប៉ុណ្ណោះទើបអាចដេកបាន។
ក្រោយមកនាយឈ្មោះតំ និងភរិយា បានប្រគល់គ្រែនេះទៅហើយប្អូនថ្លៃ ស្រីឈ្មោះនាង កែវ ជាស្រីក្រមុំមានរូបឆោមលោមពណ៌ប្រើប្រាស់។ នាយ តំ បានលួចគយគន់សម្រស់នាង កែវ ជាប្អូនថ្លៃរាល់ថ្ងៃ។ លុះថ្ងៃមួយទ្រាំមិនបាន ក៏ដាច់ចិត្តចូលទៅចាប់បង្ខំ ក៏ត្រូវលោកម្ចាស់គ្រញូងដែលជាដួងវិញ្ញាណថែរក្សាគ្រែ ចេញមកជួយ។ តាំងពីនោះមក លោកម្ចាស់គ្រញូង និងនាងកែវ ក៏បានស្គាល់ទំនាក់ទំនងគ្នារហូតក្លាយជាសេចក្តីស្នេហាស្មោះស្ម័គ្រ។ ដោយសារសម្រស់ស្រស់សោភា នាង កែវ ត្រូវបានបុរសជាច្រើនបាននាំចាស់ទុំចូលចែចូវ ប៉ុន្តែត្រូវលោកម្ចាស់គ្រញូង បន្លាចឲ្យភ័យរត់ត្រឡប់វិញរាល់លើក។ ដោយសារតែបែបនេះ អ្នកស្រុកយល់ថា នាង កែវ ជាស្រីចង្រៃ ក៏រកវិធីកម្ចាត់នាងចេញ ដោយបានអញ្ជើញគ្រូដែលមានមន្តវិជ្ជាមកពីគ្រប់ទិសទីមករួមគ្នាកម្ចាត់ ធ្វើឲ្យស្នេហានាង កែវ និងលោកម្ចាស់គ្រញូងជួបឧបសគ្គ។
ចង់ដឹងថា ពួកគេមានវាសនាបែបណា និងមានឧបសគ្គអ្វីខ្លះទៀតឬអត់ សូមរង់ចាំតាមដានរឿងខាងលើនេះ។ អ្នកស្រី ពាន់ ភួងបុប្ផា រឿង “វិញ្ញាណលោកម្ចាស់គ្រញូង” ទាំងគិត និងសរសេរគឺ១ឆ្នាំ។ ដោយឡែកដំណើរការថត គឺប្រមាណ១ខែ ហើយក្រោយពីបញ្ចប់ការថត និងកាត់តកែសម្រួលបច្ចេកទេសរួច គ្រោងដាក់បញ្ចាំងចុងខែធ្នូ ឬដើមខែមករាឆ្នាំ ២០១៤ខាងមុខ។ ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា…!!!
ប្រភព សប្បាយ