បញ្ជូន​ខ្លួន​ ប៊ុន រតនៈ​ កូនប្រុស​​ប្រធាន​​គណនេយ្យ​សាលា​រាជធានី​ភ្នំពេញ ទៅ​តុលាការ​រសៀល​ថ្ងៃនេះ​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ កូនប្រុស​របស់​ប្រធាន​គណនេយ្យ​សាលា​រាជធានី​ភ្នំពេញ ដ៏​មាន​ស្តុកស្ដម្ភ ត្រូវបាន​គេ​ឲ្យ​ដឹងថា នឹងត្រូវ​បញ្ជូន​ទៅកាន់​សា​លា​ដំ​បូង​រាជធានីភ្នំពេញ នា​រសៀល​រសៀល​ថ្ងៃទី​ ២២កក្កដា ​នេះហើយ ។​ ឈ្មោះ ប៊ុន រតនៈ ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​ប្រធាន​គណនេយ្យ​សាលា​រាជធានី​ភ្នំពេញ​ឈ្មោះ ប៊ុន សេរី ក្នុងស្ថានភាព​ស្រវឹង​ជោក កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២០ កក្កដា ឆ្នាំ ២០១៣ បាន​បើករថយន្ត​ទំនើប​ម៉ាក​ឡង់​រ៉ូ​វែ ពាក់​ស្លាក​លេខ​1AA 6777 យ៉ាង​លឿន បុក​រះ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​៣​នាក់​ស្លាប់ យ៉ាង​អ​ណោ​ច​អ​ធ័​ម​បំផុត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ភូមិ ជ្រោយ​អំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ។

ក្នុងចំណោម​អ្នករងគ្រោះ​ដល់​ស្លាប់​ទាំង​ ៣ ​នាក់​នោះ មាន​ស្ត្រី​២​នាក់ ជា​ម្ដាយ និង​កូន ។ ក្នុងនោះ​ស្ត្រី​ជា​ម្ដាយ ឈ្មោះ ម៉ៅ សូ​នី អាយុ​៤៥​ឆ្នាំ និង​កូនស្រី​ឈ្មោះ សែម ពិសី ។ ស្ត្រី​ទាំង​២​នាក់​ម្តាយកូន​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ ១BQ 4083 ត្រឡប់​មកពី​ធ្វើការ​នៅក្នុង​រាជធានី​ភ្នំពេញ ក្នុង​គោលដៅ​ទៅ​លំនៅឋាន​ភូមិ ដីឥដ្ឋ ឃុំ ដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត​ដែល​បើកបរ​ដោយ​កូនលោក ប៊ុន សេរី ឈ្មោះ ប៊ុន រតនៈ បុក​ប៉ើង ជាមួយ​ស្ត្រី​ម្នាក់​ដែល​ដឹក​ដោយ​បុរស​ម្នាក់​ផ្សេងទៀត ហើយ​ធ្លាក់​មកវិញ​ក៏​បោក​ក្បាល នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​តែម្ដង សរុប ៣​នាក់ ។ ចំណែក​បុរស​អ្នក​ដឹករងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​

បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា សាកសព​ម្ដាយ និង​កូន​ដែល​ធ្វើបុណ្យ​តាំងពី​ថ្ងៃទី​ ២០ ខែ​​កក្កដា មក​នោះ​ត្រូវបាន​បញ្ចប់​នា​ព្រឹក​ថ្ងៃទី​២២​កក្ក​ដា​នេះ ។ ប្រភព​ដដែល​បាន​បន្តទៀត​ថា​សាកសព​ទាំងពីរ​នាក់​ម្ដាយ​ និង​កូនត្រូវបាន​ក្រុមគ្រួសារ​ជនបង្ក​ផ្តល់​សំណងប្រមាណ​ ២៥.០០០ ​ដុល្លារ​អាម​រិ​ក និង​លុយ​ខ្មែរចំនួន​ ៦ ​លាន​រៀល ។ ចំណែក​សាកសព​ដ​ស្ត្រី​ម្នាក់ទៀត និង​បុរស​ម្នាក់​ដែល​រងរបួស​ធ្ងន់​មាន​ទីលំនៅ នៅ​សង្កាត់ក្បាលកោះ បានទទួល​ប្រាក់​សំណងចំនួន​ ៧.០០០ ដុល្លារ ។​ គួរ​បញ្ជាក់ផងដែរ​ថា ឈ្មោះ ប៊ុន រតនៈ  ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​បង្កហេតុ នាំយកទៅ​ឃុំនៅ​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

M20-k-full

 

Leave a Reply

(*) Required, Your email will not be published