ដួង ហ្សូរីដា ប្រកាស​ចាត់​វិធានការ​តាម​ច្បាប់

, , Leave a comment

ថ្មីៗ​នេះ​ប្រធាន​ក្រុម​បង្ហាញ​ម៉ូដCambodia Supper Model បាន​ប្រកាស​ថា នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អតីត​ជំនួយ​ការ​ស្រី​របស់​ខ្លួន​ប្រសិន​បើ​នៅ​តែ​មិន​ចូល​ខ្លួន​មក​ដោះស្រាយ​គ្នា។ក្រោយ​ពី​ទុក​ពេល​ជា​ច្រើន​ថ្ងៃ​រួច​មក​នៅ​តែ​មិន​ឃើញ​ភាគី​ម្ខាង​ទៀត​មក​ដោះ​ស្រាយ កញ្ញា ដួង ហ្សូរីដា ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Cambodia Supper Model បាន​​ចេញ​សេចក្ដី​ជួន​ដំណឹង​មួយ​លើ Page របស់​ក្រុម​ប្រកាស​ឈប់​ទទួល​ស្គាល់​ចំពោះ​អតីត​ជំនួយ​ការ​ ដែល​ចោទ​ប្រកាន់​ថា បាន​យក​លុយ​របស់​ក្រុម។

 

ហ្សូរីដា បាន​សរសេរ​ថា៖” ឈ្មោះ អាណា ភេទ​ស្រី​អតីត​ជំនួយ​ការ​នាយក​លែង​ជា​បុគ្គលិក​ក្រុមហ៊ុន​យើង​ខ្ញុំ​ទៀត​ហើយ​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ”។ ក្រុម​បង្ហាញ​ម៉ូដ​នេះ ក៏​បាន​ប្រកាស​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​យក​ឈ្មោះ​របស់​ក្រុម​ទៅ​ប្រើ​ប្រាស់​ក្នុង​រូបភាព​បែប​ណា​មួយ​ដើម្បី​ផល​ប្រយោជន៍​បុគ្គល​ខាង​លើ​ឡើយ។

 

ប្រធាន​ក្រុម​រូប​នេះ បាន​បញ្ជាក់​ពី​មូលហេតុ​ជា​ថ្មី​ម្ដង​ទៀត​ថា ដោយ​សារ​តែ​អតីត​បុគ្គលិក​ឈ្មោះ​ខាង​លើ (អាណា) បាន​យក​ប្រាក់​របស់​ក្រុមហ៊ុន ហើយ​គេច​ខ្លួន​បាត់​ដោយ​មិន​បាន​ដោះ​ស្រាយ​រាល់​ចំណាយ​របស់​បុគ្គលិក ចំណាយ​ជាមួយ​ដៃគូ​អាជីវកម្ម និង​ក្រុម​តារា​ម៉ូដែល​ទាំង​អស់។

 

ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​ខាង​លើ មិន​បាន​បញ្ជាក់​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​បាន​នារី​ឈ្មោះ​ខាង​លើ​នេះ​យក​ទៅ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ជួន​ដំណឹង​ជា​ថ្មី​ម្ដង​ទៀត​សុំ​ឲ្យ​មក​ដោះ​ស្រាយ​គ្នា​ប៉ុណ្ណោះ។

 

នៅ​ក្នុង​សំណេរ​ដដែល​នាង​បាន​សង្កត់​ធ្ងន់​ថា៖” អាណា ត្រូវ​ចូល​ខ្លួន​មក​ដោះ​ស្រាយ​រាល់​បញ្ហា​ទាំង​អស់​ជាមួយ​ក្រុមហ៊ុន​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ​ក្រុមហ៊ុន​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់”។

រសៀល​ម្សិលមិញ​នេះមិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ប្រធាន​ក្រុម​កញ្ញា ដួង ហ្សូរីដា បាន​ទេ ខណៈ​ប្អូន​ស្រី​របស់​កញ្ញា​ជា​អ្នក​លើក​ទូរស័ព្ទ​ជំនួស​ទៅ​វិញ​ដោយ​បាន​ប្រាប់​ថា បង​ស្រី​របស់​ខ្លួន​កំពុង​ថត។ ចំណែក​ជំនួយ​ការ​ដែល​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ទៅ​នឹង​ក្បត់​ទំនុក​ចិត្ត​នោះ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។ នេះ​ជារឿង​ស៊យ​មួយ​ទៀត​របស់​ ហ្សូរីដា បន្ទាប់​ពី​រឿង​ក្ដី​ចាស់​មិន​ទាន់​មាន​ដំណោះ​ស្រាយ៕

Dong-So-lida2

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published