លោក យ៉ា យឿន អាច​ត្រូវ​បណ្តេញ ចេញពី​ក្របខ័ណ្ឌ​កងរាជអាវុធហត្ថ ក្រោយ​ការស៊ើបអង្កេត រឿង​រកស៊ី​ឈើ​គ្រញូង​ខុសច្បាប់​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ ដោយមាន ការដឹកនាំ​បញ្ជា​ផ្ទាល់ របស់​នាយ​ឧ​ត្ត​ម​សេនី​យ៏ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គេ​សង្កេតឃើញ​ក្រុមអធិការកិច្ច ក្រោម​ការដឹកនាំ​របស់​លោក នាង សុ​ជីវី បាន​ចុះ​ស៊ើបអង្កេត សំណុំរឿង​លោក​អនុ​សេនី​យ៏​ឯក យ៉ា យឿន អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សេសា​ន ដែល​ជាប់​ពាក់ព័ន្ធ ករណី​រកស៊ី​ឈើ​គ្រញូង​ខុសច្បាប់ នៅក្នុង​ខេត្តស្ទឹងត្រែង ។  

 

​មន្ត្រី ដែល​ស្និទ្ធ​នឹង​ប្រតិបត្តិការ​នេះ​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៣ ក្រុមអធិការកិច្ច កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនី​យ៏ នាង សុ​ជីវី បាន​ចុះ​សួរនាំ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ករណី​លោក យ៉ា យឿន មន្ត្រី​កងរាជអាវុធហត្ថ និង​អតីត​ជា​មេបញ្ជាការ​ស្រុក​សេសា​ន ដែល​ជាប់​ពាក់ព័ន្ធ​រកស៊ី​ឈើ​គ្រញូង និង​ស្តុក​ឈើ​គ្រញូង​រាប់សិប​តោន​ដោយ​ខុសច្បាប់​ក្នុង​លំនៅដ្ឋាន របស់ខ្លួន ក្រោមលេស​ជួល​ឲ្យ​ឈ្មួញ​ដទៃ​។​

 

​កម្លាំងចម្រុះ​ខេត្តស្ទឹងត្រែង ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា បាន​ចុះទៅ​ឡោមព័ទ្ធ​និង​ឆែកឆេរ ទីតាំង​ស្តុក​ឈើ​គ្រញូង​ដែល​គេ​ស្គាល់​ថា​ជា​ផ្ទះ របស់លោក យ៉ា យឿន ច្រើនលើកច្រើនសារ​រួចមកហើយ ដោយសារតែ​ផ្ទះសំណាក់​របស់លោក យ៉ា យឿន ធ្លាប់​ត្រូវបាន​ជួល​ឲ្យ​ក្រុម​ឈ្មួញ​ប្រើប្រាស់​ជាទី​តាំង​ស្តុក​ឈើ​គ្រញូង ខុសច្បាប់ ហើយ​បើ​មានការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​គឺ​លោក យ៉ា យឿន មិនអាច​គេចវេះ​ពី​ការទទួលខុសត្រូវ ពាក់ព័ន្ធ​ការ​សមគំនិត​ឲ្យ​មានការ​ស្តុក​ឈើ និង​ជួញដូរ​ឈើ​ខុសច្បាប់​នោះទេ​។​

 

​ការឆែកឆេរ​ផ្ទះ​ចំនួន​២ កន្លែង ដែលមាន​ទីតាំងនៅ​ចំណុច​ភូមិ​លើ សង្កាត់​ស្រះ​ប្ញ​ស្សី ក្រុង​ស្ទឹងត្រែង ដោយ​រកឃើញ​ឈើ​គ្រញូង​ចំនួន​៤៧៤​ដុំ ស្មើនឹង​៨៩២៦​គីឡូក្រាម គឺ​ជិត​៩​តោន ដែល​ឈើ​គ្រញូង​ទាំងនេះ ត្រូវបាន​ប្រភព​បង្ហើប​ឲ្យ​ដឹងថា​ជា​របស់លោក យ៉ា យឿន ហើយ​ខណៈដែល​កម្លាំងចម្រុះ​ទៅ​ឆែកឆេរ​នោះ លោក យ៉ា យឿន មិនមាន​វត្ត​មាននៅ​ទីនោះ​ទេ ដែល​គេ​សង្ស័យថា​បាន​រត់គេចខ្លួន​។ ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក យ៉ា យឿន គឺជា​ជើង​ខ្លាំង​ក្នុង​ការរកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់​ឡើង​ដុះ​ស្លែ​ទៅហើយ ក្នុង​ខេត្តស្ទឹងត្រែង ចាប់តាំងពី​លោក យ៉ា យឿន កាន់តំណែង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក​សេ​សាន​មកម្ល៉េះ ។​

 

​ជាធម្មតា​លោក យ៉ា យឿន បាន​ឃុបឃិត​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ព្រំដែន​ឡាវ ក្នុងស្រុក​សៀម​ប៉ាង ឬ​ដឹក​ចេញពី​ស្រុក​សេ​សាន និង​តាម​ផ្លូវទឹក​ឬ​តាម​ផ្លូវគោក ចុះមក​ទី​រួម​ខេត្តស្ទឹងត្រែង ដើម្បី​បញ្ជូនមក​ស្តុក​ទុក​នៅ​ក្នុងផ្ទះ​របស់គាត់ ហើយ​បាន​បន្ត​ដឹក​ទៅ​លក់ នៅ​វៀតណាម តាម​រថយន្ត​ទំនើបៗ​មានដូចជា​បា​ឡែ​ន ឡង់​គ្រី​ស័​រ និង​កាមរី គូថ​ហើម ហើយ​ជំនួញ​រកស៊ី​ឈើ​ខុសច្បាប់​របស់លោក យ៉ា យឿន ពោរពេញ​ដោយ​បទពិសោធន៍​និង​បច្ចេកទេស​ខ្ពស់ ដែល​សមត្ថកិច្ច​ល្មមៗ​មិន​ហ៊ាន​ប៉ះពាល់​ទេ​។​

 

​សកម្មភាព​របស់លោក យ៉ា យឿន កំពុង​បង្ហាញ​ឲ្យ​ឃើញថា ការប្រើ​ស្បែក​ជា​កងរាជអាវុធហត្ថ ទៅរក​ស៊ី​ជួញដូរ​ឈើ​ខុសច្បាប់ ឬ​ឃុបឃិត​ឲ្យ​មានការ​ស្តុក​ឈើ​ខុសច្បាប់ គឺជា​កំហុសឆ្គង​ដ៏​ធំ​មួយ​ដែល​ថ្នាក់លើ មិនគួរ​មើលរំលង​នោះទេ ព្រោះ​ច្រើន​ឆ្នាំ​មកហើយ ដែល​លោក យ៉ា យឿន បាន​ពាក់ព័ន្ធ​ជាមួយ​ជំនួញ​ឈើ​ខុសច្បាប់ ។ គេ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ថា​តើ លោក យ៉ា យឿន អាច​ត្រូវ​ទទួលពិន័យ ឬ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​កងរាជអាវុធហត្ថ​ឬក៏​យ៉ាងណា បន្ទាប់ពី​ប្រតិបត្តិការ​នេះ ៕

251 Hong-0358

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published