ចាប់​ខ្លួន​មនុស្ស​​ ៣ ​នាក់​ និង​​គ្រឿង​ញៀន​​ប្រភេទ​​ម្សៅ​​ពណ៌​ស​១៨​កញ្ចប់ ​​​​នៅ​សណ្ឋាគារ​សន្តិ​ភាព​

, , Leave a comment

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នគរបាល​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​និង​មាន​ការ​ចូល​រួម​សហ​ការ​ពី​នគរបាល​ក្រុង​សិរី​សោភ័ណ​ ​និង​មាន​ការសម្រប​សម្រួល​ពី​ ​លោក​ ​ផា​ន់​ ​ភី​រម្យ​ ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ ​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ ​បទ​ ​ល្មើស​គ្រឿង​ញៀន​ក្នុង​សណ្ឋាគារ​សន្តិ​ភាព​ ​ស្ថិត​នៅ​ភូមិ​សែ​សិន​ ​សង្កាត់​អូរ​អំបិល​ ​ក្រុង​ ​សិរី​សោភ័ណ​ ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៣ ឃាត់​ខ្លួន​ជន​សង្ស័យ​ ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​៣នាក់​ ​ក្នុង​នោះ​មាន​មេ​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​បន្ទប់​ ​និង​ ​កម្ម​ករ​បំ​រើ​ការងារ​នៅ​ក្នុង​សណ្ឋាគារ​នោះ​ទៀត​ ​ផង​ដែ​រ​។​

 

លោក ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ បានធ្វើការ​ស្រាវជ្រាវ​មុខ​ស​ញ្ញា​​ជួញដូរ ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​រហូត ឈានទៅ បង្ក្រាប​ជាក់ស្ដែង ដោយ​ចាប់បាន​ជនសង្ស័យ​២​នាក់ ជា​បុគ្គលិក​បម្រើការ​នៅ​សណ្ឋាគារ​សន្តិភាព ។ ពួកគេ​មានឈ្មោះ ១. ញៀន គឹម​សៀន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​អ្នករត់​តុ​នៅ​សណ្ឋាគារ​សន្តិភាព មាន​ស្រុកកំណើត​នៅ​ខេត្ត កំពង់ធំ  ២. គឹម ឆេង ភេទ ប្រុស អាយុ ២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង ។​

 

ក្នុងការ​ឃាត់ខ្លួន​នោះ​សមត្ថកិច្ច​បាន ឆែកឆេរ​បន្ទប់ដេករ​បស់​បុគ្គលិក នៃ​សណ្ឋាគារ​សន្តិភាព​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ពណ៌ ស ចំនួន​១៧​កញ្ចប់​តូចៗ ហើយ​បន្ត​ឃា​ត់​ខ្លួ​ន​យុវជន​ម្នាក់ទៀត​ឈ្មោះ ស៊ិន ឡង់ឌី ភេទ​ប្រុស អាយុ​១៨ ឆ្នាំ រៀន​នៅ​វិទ្យាល័យ​ខ្លា​កូន​ថ្នាក់​ទី​១២  មាន​ទីលំនៅ​ភូមិ ២ សង្កាត់ កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ដែលជា​អ្ន​ក​ទទួល​កាន់​ថ្នាំញៀន​យក​ឲ្យ​គេ និង​ជា​អ្នកប្រើប្រាស់ ដោយ​ចាប់បាន​ថ្នាំញៀន​១​កញ្ចប់​ទៀត​។ ថ្នាំញៀន​ទាំងអស់​សរុប​១៨​កញ្ចប់ មាន​ទម្ងន់ ៥,១​ក្រាម ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ។

 

តាម​ការរៀប​រាប់រប​ស់ជន​ទាំង​៣​បាន​ឲ្យ​ដឹងថា ក្នុងនោះ​២​នាក់​ជា​បុគ្គលិក​សណ្ឋាគារ​សន្តិភាព​បាន​និយាយថា ពួកគេ​ទទួល​ទិញ​ថ្នាំ​នេះ​ពី​បុរស​ម្នាក់​ក្នុង​តំលៃ​១​កញ្ចប់ ៤​ម៉ឺន​រៀល ហើយ​លក់​ទៅវិញ​ក្នុង​តំលៃ​៦​ម៉ឺន​រៀល ។ ដោយបាន​បន្ថែមថា នេះ​ជា​លើក​ទី​១​សម្រាប់​គេ​។ ចំណែក ម្នាក់ទៀត​ដែលជា​សិស្ស​ក៏បាន​និយាយ​ដែរ​ថា ខ្លួនគេ​ជា​អ្ន​ក​ប្រើ​ប្រាស់​​គ្រឿងញៀន ហើយ​ត្រូវបាន​គេ​ប្រើ​ឲ្យ​យក​គ្រឿងញៀន​ទៅ​ប្រគល់​ឲ្យ​អ្នកផ្សេង លុះ​ពេលទៅដល់​ចំណុច​សណ្ឋាគារ​សន្តិភាព ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង​។


ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​និង​សមត្ថ​កិច្ច​បង្ក្រាប​ជាក់​ស្តែ​ង​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៣ កម្លាំង​ជំនាញ​កំពុង​តែ​កសាង​ ​សំណុំ​រឿង​បញ្ជូន​ខ្លួន​ ​ពួក​គេ​និង​វត្ថុ​តាង​ ​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ ​ដើម្បី​យក​ទៅ​ចាត់​ការ​តាម​នីតិ​វិធី​ច្បា​ប់​ ៕

11 11 (1)

 

Leave a Reply

(*) Required, Your email will not be published