សុខ ពិសី រំជួលចិត្ត​នឹង​ទឹកភ្នែក ខេមរៈ សេរីមន្ត

, , Leave a comment

រាជធានីភ្នំពេញ ៖ សម្រាប់​ការ​ទទួល​បាន​ឱកាស​លើក​ជើង​ពី​ផលិតកម្ម​សាន់ដេ ឲ្យ​គ្រង​តំណែង​តួឯក​ជា​លើក​ទី​២​ក្នុង​រឿង​ខ្នាត​ធំ «​ព្រាយ​ក្បាល​ប្រាំបី​» ជាមួយ​នឹង​កំពូល​តារាចម្រៀង​ប្រចាំ​ផលិត កម្ម​លោក ខេមរៈ សេរីមន្ត នោះ តារាចម្រៀង​ដែល​ដក់​ជាប់​វិប្បដិសារី​មួយ​ក្នុង​ជីវិត​នាង សុខ ពិសី បាន​សម្តែង​ពី​ទំនុក​ចិត្ត​របស់​ខ្លួន​ថា ភាពយន្ត​ថ្មី​របស់​នាង​នឹង​អង្រួន​ដួងចិត្ត​ទស្សនិកជន​ជាថ្មី ដែល​ភាព​ជឿជាក់​នេះ ដោយសារ​តែ​នាង​ទុកចិត្ត​លើ​ទឹកភ្នែក​របស់​តារាចម្រៀង ខេមរៈ សេរីមន្ត ។

 

តារាចម្រៀង​សុខ ពិសី បាន​ស្ទុះ​ឡើង​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន ប៉ុន្តែ​ខណៈ​ពេល​កំពុង​ឡើង​កូដ​ស្រាប់តែ​តារា​រូប​នេះ​បាត់​វត្តមាន​ឈឹង​តែ​ម្តង ដែល​ពេល​នោះ​មាន​សារព័ត៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ​ថា ការ​បាត់​វត្តមាន​របស់​សុខ ពិសី ដោយសារ​តែ​នាង​មាន​ផ្ទៃ​ពោះ តែ​អ្វី​ៗ​ត្រូវ​បាន​សុខ ពិសី បញ្ជាក់​ក្រោយ​លេច​មុខ​ជា​ថ្មី​ថា ការ​បាត់​មុខ​របស់​នាង ដោយសារ​តែ​នាង​បាន​ចេញ​ទៅ​រៀន​ផ្នែក​កែសម្ផស្ស​នៅ​ប្រទេស​សិង្ហបុរី​។

 

ក្រោយ​វិល​ត្រឡប់​តែ​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី សុខ ពិសី ក៏​មាន​ឱកាស​បាន​គ្រង​តំណែង​ជា​តួឯក​ក្នុង​រឿង «​ព្រាយ​ក្បាល​ប្រាំបី​» ដោយ​ចាប់​ដៃគូ​ជាមួយ​នឹង​តារាចម្រៀង ខេមរៈ សេរីមន្ត ជា​ថ្មី ហើយ​តាមរយៈ​រឿង​នេះ ជា​ក្តីសង្ឃឹម​មួយ​នៃ​ការ​ស្តារ​ប្រជាប្រិយភាព​របស់​នាង​ផង​ដែរ​។ សុខ ពិសី បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ទទួល​បាន​តំណែង​តួឯក​នេះ នាង​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​ចិត្ត​តែ​ម្តង​។

 

សុខ ពិសី ធ្លាប់​ចាប់​ដៃ​គ្នា​ជាមួយ​នឹង ខេមរៈ សេរី​មន្ត ថត​រឿង «​ព្រាយ​ដែកគោល​» ដែល​តាមរយៈ​ភាពយន្ត​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ផ្អើល​អស់​ទស្សនិកជន​ទាំង​ចាស់​ទាំង​ក្មេង​។ ភាព​ជោគជ័យ​នេះ ត្រូវ​បាន​សុខ ពិសី បញ្ជាក់​ឲ្យ​ដឹង​ថា នោះ​បណ្តាល​មកពី​ការ​ប្រឹង​សម្តែង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​នាង ខណៈ​ដែល​ឈុតឆាក​នៅ​ក្រៅ​ប្រទេស​ក៏​ជា​ចំណែក​ដ៏​សំខាន់​មួយ​ផង​ដែរ​។ នាង​បាន​និយាយ​ថា​៖​«​ភាព​ជោគជ័យ​នោះ អ្វី​ដែល​សំខាន់ គឺ​ខ្ញុំ​បាន​ខិតខំ​សម្តែង​ឲ្យ​អស់​ពី​សមត្ថភាព ហើយ​ម្យ៉ាង​មកពី​យើង​បាន​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​ផង​នោះ​»។

 

ដោយ​ឡែក​សម្រាប់​ការ​ថត​រឿង​ខ្នាត​ធំ​ទី​២ «​ព្រាយ​ក្បាល​ប្រាំបី​» នេះ សុខ ពិសី កាន់​តែ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត នៅ​ពេល​ដែល​នាង​ធ្លាប់​សម្តែង​យ៉ាង​ជោគជ័យ​ម្តង​ជាមួយ ខេមរៈ សេរីមន្ត នោះ។ សុខ ពិសី បាន​បញ្ជាក់​ប្រាប់​ទាំង​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា នាង​គិត​ថា រឿង​ថ្មី​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ជាក់​ជា​មិន​ខាន ដោយ​នាង​ជឿជាក់​លើ​ទឹកភ្នែក ខេមរៈ សេរីមន្ត។

 

សុខ ពិសី បាន​និយាយ​ថា​៖​«​អ្វី​ដែល​ពិសេស​នោះ គឺ តួអង្គ ខេមរៈ សេរីមន្ត យំ ។ គាត់​យំ​ចេញ​មក​យើង​រំជួល​ចិត្ត អ្នក​ទស្សនា​រំជួល​ចិត្ត គាត់​សម្តែង​ចូល​តួ​តែ​ម្តង អ៊ីចឹង​ហើយ​ដើម្បី​ឲ្យ​ល្អ យើង​នឹង​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា​»។ សុខ ពិសី បាន​បន្ថែម​ថា​៖​«​សម្រាប់​រឿង​នេះ ខ្ញុំ​គ្រាន់​តែ​អាន​ប៉ារ៉ូល​ខ្លះ សើច​ចុកពោះ វា​បាន​បង្កប់​ការ​អប់រំ កម្សត់ និង កំប្លែង ហើយ​អ្វី​ដែល​ប្លែក​នោះ​គឺ​តារាចម្រៀង​របស់​សាន់ដេ​ទាំងអស់​នាំ​គ្នា​ថត​បែប​កំប្លែង​ជា​លើក​ទី​១​»៕

1044581_424986914275303_1837825173_n 10649_435077186599609_1077783334_n s51

ប្រភព ភ្នំពេញប៉ុស្តិ៍

 

Leave a Reply

(*) Required, Your email will not be published