រាជធានីភ្នំពេញ ៖ បុរស ២ នាក់ ជិះម៉ូតូCBR ១គ្រឿង ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1BA-1731 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ភូមិ ព្រែកអង្គុញ ក៏បានជ្រុលល្បឿនទៅបុកម៉ូតូឌ្រីមC125 ស៊េរី២០០៨ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ សៀមរាប 1C-7471 ជិះ ២នាក់ ប្តីប្រពន្ធ បណ្តាលឱ្យបុរសជាប្តីរងរបួសស្រាល ចំណែកប្រពន្ធរបួសធ្ងន់បាក់ជើងឆ្វេង បន្ទាប់មកជនបង្កបានដកកាំភ្លើងខ្លី ១ដើម ម៉ាក CZ75 ភ្ជង់គំរាមជនរងគ្រោះ និងគំរាមសមត្ថកិច្ចនៅពេលចុះទៅអន្តរាគមន៍ករណីគ្រោះថ្នាក់ចរាចរនេះថែមទៀតផង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទី យប់ថ្ងៃទី១៧ កក្កដា ២០១៣ ស្ថិតក្នុងភូមិ អង្គុញ ឃុំសៀមរាប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ និងភ្ជង់គំរាមជនរងគ្រោះហើយ ជនបង្កខាងលើបានជិះម៉ូតូគេចខ្លួនរហូតដល់ចំណុចផ្លូវ ២១៧ (ផ្លូវបំបែកការ៉េ៨) ស្ថិតក្នុងខណ្ឌ ដង្កោ ទើបសមត្ថកិច្ចគោលដៅចាប់ឃាត់ខ្លួនបានទាំង ២នាក់ ។
ជនសង្ស័យមានឈ្មោះ ១. ជា ធារិទ្ធ អាយុ ២៧ឆ្នាំ អ្នកបើកបរ (ប្រដាប់ដោយកាំភ្លើងខ្លី ១ដើម មានគ្រាប់ចំនួន ១២គ្រាប់ និងអាយកូម ១គ្រឿង ជាប់នឹងខ្លួន) ស្នាក់នៅផ្ទះជួលក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ ស្រុកកំណើតនៅភូមិមានជ័យ ឃុំ គោកបន្ទាយ ស្រុក រលាប្អៀរ ខេត្ត កំពង់ឆ្នាំង ២. ព្រឹង វុទ្ធី អាយុ ៤៣ឆ្នាំ អ្នករួមដំណើរ មុខរបរកសិករ មានទីលំនៅភូមិ យូស ឃុំ ឫស្សីសាញ់ ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះ ១. ឈ្មោះ ឡុង ចាន់នី អាយុ ២៩ឆ្នាំ ជាប្តី រងរបួសស្រាល ២. ឈ្មោះ អៀង ចាន់នី អាយុ ២៧ឆ្នាំ របួសបាក់ជើងឆ្វេង អ្នកទាំង២ ស្នាក់នៅភូមិ មហារាជ ឃុំ បឹងច្រាំងខាងត្បូង ស្រុក សំរោង ខេត្ត តាកែវ ។
ស្ត្រីរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក កណ្តាលស្ទឹង ចំណែកជនសង្ស័យទាំង ២នាក់ និងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកទៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់ ៕