ព្រាប សុវត្ថិ ដឹកដៃ ​អឿន ស្រីមុំ​ ទៅ​អូស្ត្រាលី​ថ្ងៃ​ស្អែក

, , Leave a comment

តារា​ចម្រៀង​ជួរ​មុខ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​លោក​ព្រាប សុវត្ថិ នឹង​ដឹក​ដៃ​អ្នក​មេម៉ាយ​​​សំឡេង​រដឺន​អឿន ស្រីមុំ ជា​មួយ​នឹង​ក្រុម​ភ្លេង​របស់​លោក​ទៅ​ប្រទេស​អូស្ត្រាលី​នៅ​​ថ្ងៃស្អែក។នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​អ្នក​នាង​អឿន ស្រីមុំ ។ ថ្លែង​ក្នុង​​កម្មវិធី​ថតMV របស់​ផលិតកម្ម​បុប្ផា​នៅ​ឯ​រោងភាពយន្ត​ចេនឡា​កាល​ពី​រសៀល​ម្សិលមិញ​អ្នក​នាង​អឿន ស្រីមុំ ប្រាប់​ឲ្យដឹង​ថា ដំណើរ​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ស្អែក​នេះ តប​តាម​​ការ​អញ្ជើញ​របស់​សមាគម​ខ្មែរ​​រស់​នៅ​ទី​នោះ ក្នុង​គោល​បំណង​ដើម្បី​ច្រៀង​ស្វែង​​រក​មូលនិធិ​ជូន​ដល់​ក្មេង​កំព្រា។

 

នាង​អឿន ស្រីមុំ​ បាន​បន្ត​ទៀត​ថា មាន​តារា​ចម្រៀង​ខ្មែរ​តែ២នាក់​ដែល​​ត្រូវ​ចេញ​ទៅ​ច្រៀង​នៅ​ទឹកដី​អូស្ត្រាលី ក្នុង​នោះ​មាន​អ្នក​នាង និង​លោក​ព្រាប សុវត្ថិ ហើយ​ជា​មួយ​គ្នា​នោះ​​លោក​ព្រាប សុវត្ថិ​ក៏​​បាន​នាំ​ក្រុម​ភ្លេង​របស់​លោក​ទៅ​ជា​មួយ​ផង​ដែរ។ ម្ចាស់​បទ”ពាក់​អាវ​មិន​​ដែល​ឃើញ​ដោះ” រួប​​នេះ​​ប្រាប់​ទៀត​ថា ដំណើរ​ការ​ចេញ​ច្រៀង​នៅ​ទឹក​ដី​ប្រទេស​អូស្ត្រាលី​​​លើក​នេះ មាន​រយៈពេល​១ខែ កន្លះ ឬ​អាច​ច្រើន​​ជាង​នេះ អាស្រ័យ​ទៅ​លើ​​ស្ថានភាព​ជាក់​ស្ដែង។ “តាម​គម្រោង​យើង​ទៅ​តែ​១ខែ​កន្លះ​ទេ តែ​​បើ​ម្ចាស់​ស្ពុនស័រ​គាត់​​ចង់ ពន្យារ​ឲ្យ​នៅ​យូរ​ជាង​នេះ រង់​ចាំ​មើល​សិន។

 

ម្ចាស់​បទ “បួស​សង​គុណ​ម្ដាយ”​ បាន​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អ្នក​នាង​មាន​ឱកាស​​បាន​ចាប់ដៃ​ច្រៀង​នៅ​ក្រៅ​ប្រទេស​​​ជា​មួយ​លោក​ព្រាប សុវត្ថិ បន្ទាប់​ពី​បោះជំហាន​​ប្រលូក​ក្នុង​វិស័យ​សិល្បៈ ។ ក្នុង​ជំនួប​ដំបូង​នេះ​អ្នក​នាង​សង្ឃឹម​ថា នឹង​ទទួល​​បាន​គាំទ្រ​​ច្រើន​ពី​ប្រជាជន​ខ្មែរ​រស់​នៅ​ទី​នោះ​ជាក់​ជា​មិន​ខាន។ “គាត់​ជា​តារា​ល្បី ខ្ញុំ​គិត​ថា​ខ្មែរ​យើង​នៅ​ទី​នោះ​គាំទ្រ​ខ្លាំង​ព្រោះ​តាម​ដឹង​ពី​ម្ចាស់​ស្ពុនស័រ បច្ចុប្បន្ន​សំបុត្រ​ដែល​ដាក់​លក់ ឮ​ថា ដាច់​ខ្លាំង​ណាស់”។

 

អ្នក​នាង​អឿន ស្រីមុំ​ បាន​​បន្ថែម​ថា ដំណើរ​ចេញ​​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​នេះ មិន​ទាន់​ដឹង​តើ​អ្នក​នាង​ត្រូវ​ច្រៀង​ឆ្លើយឆ្លង​ជាមួយ​គ្នា ឬ​ច្រៀង​ទោល​​នោះ​ទេ ព្រោះ​អ្នក​នាង​និង​លោក​ព្រាប សុវត្ថិ​មិន​ទាន់​ជួប​មុខ​គ្នា នៅ​ឡើយ។ តែ​ទោះ​ជា​យ៉ាង​ណា​ម្ចាស់​បទ “ទូរស័ព្ទ​អ្នក​ណា” ប្រាប់​ថា អត់​បារម្ភ​ឡើយ ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ក៏​បាន​ ហើយ​ម្យ៉ាង​​តាម​បទ​ពិសោធ​​​​​កន្លង​មក អ្នក​នាង​ប្រាប់​ថា ខ្មែរ​យើង​នៅ​បរទេស​ភាគ​ច្រើន​ចូល​ចិត្ត​បទ​ចាស់ៗ ហើយ​បទ​​ទាំង​នោះ​អ្នក​នាង និង​លោក​ព្រាប សុវត្ថិ​ចេះ​ច្រើន អត់​មាន​បញ្ហា​នោះ​ទេ។

 

បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាង​អឿន ស្រីមុំ នេះ​គឺ​ជា​ដំណើរ​លើក​ទី៣​ហើយ​ដែល​អ្នក​នាង​បាន​​ចេញ​ទៅ​ច្រៀង​នៅ​​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​បោះជំហាន​​ប្រលូក​ក្នុង​វិស័យ​សិល្បៈ។ តែ​បើ​រាប់​បញ្ចូល​ប្រទេស​ផ្សេង​ទៀត​វិញ អ្នក​មេម៉ាយ​មាន​ដើម​កំណើត​ពី​ទឹកដី​ខេត្ត​បាត់ដំបង​ម្នាក់​ធ្លាប់​បាន​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន ក្នុង​នោះ​មាន​ដូច​​ជា បារាំង នូវែលហ្សេឡង់ ស្វីស កាណាដា ជប៉ុន អាមេរិក​ជា​ដើម៕

11 (1) 11

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published