នាវា​ដឹក​ទំនិញ​កូរ៉េខាងជើង​​ ត្រូវ​ឃាត់​ទុក​ ដោយ​សារ​​ផ្ទុក​មីស៊ីល

, , Leave a comment

កប៉ាល់​ដឹកទំនិញ​មួយ​​គ្រឿង​របស់​កូរ៉េខាងជើង​ត្រូវ​​បាន​​ឃាត់​ទុក​នៅ​ព្រែកជីក​ប៉ាណាម៉ា​ បន្ទាប់​ពី​វា​ត្រូវ​បាន​សង្ស័យ​ថា មាន​លាក់​ផ្ទុក​មីស៊ីល​នៅ​ក្នុង​​នោះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Channelnewsasia ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ព្រឹក​នេះ។ ប្រមុខ​រដ្ឋាភិបាល​របស់​ ប៉ាណាម៉ា លោក ​Ricardo Martinelli បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា កប៉ាល់​ដែល​មាន​ទង់ជាតិ​កូរ៉េខាងជើង​ឈ្មោះ Chong Chon Gang បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​កំពង់ផែ​ព្រែកជីក​​ប៉ាណាម៉ា​ កាល​ពី​សប្ដាហ៍​មុន ហើយ​ត្រូវ​បាន​ឃាត់​ទុក​​​ភ្លាមៗ​បន្ទាប់​ពី​រក​ឃើញ​ថា នៅ​ក្នុង​កប៉ាល់​នោះ​​មាន​ផ្ទុក​មីស៊ីល​​រ៉ាដា ផលិត​ដោយ​សហភាព​សូវៀត។ លោក​បាន​បន្ត​ទៀត​ថា មីស៊ីល​នេះ ត្រូវ​បាន​គេ​លាក់​ទុក​​យ៉ាង​ជ្រៅ​នៅ​ខាងក្រោម​ទំនិញ​​ផ្សេងៗ​ ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​គុយបា។

 

ចំណែក​ឯ​រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​របស់​ប៉ាណាម៉ា​វិញ​បាន​អះអាង​ថា មីស៊ីល​រ៉ាដា ​ប្រភេទ​ RSN-75 ‘Fan Song’ បាន​ផលិត​ឡើង​តាំង​ពី​ឆ្នាំ​១៩៥៧ ​មក​ម្ល៉េះ ដែល​វា​ត្រូវ​បាន​ប្រើប្រាស់​​ច្រើន​បំផុត​នៅ​ក្នុង​សង្គ្រាម​វៀតណាម ។ លោក​បាន​បន្ថែម​ថា ការ​លូច​ដឹក​មីស៊ីល​របស់​កូរ៉េខាងជើង​នៅ​ពេល​នេះ​គឺ​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​ទាំងស្រុង​ ហើយ​រដ្ឋាភិបាល​របស់​​លោក​កំពុង​ស្នើសុំ​ទៅ​ដល់​អង្គការ​សហប្រជាជាតិ​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​បន្ត។ ​​

 

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០០៩ កប៉ាល់​ដឹក​ទំនិញ​កូរ៉េខាងជើង​​ក៏​ធ្លាប់​ត្រូវ​បាន​សង្ស័យ​ថា បាន​លូច​ដឹក​អាវុធ​​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ។ ក៏ប៉ុន្តែ​ វា​បាន​ត្រលប់​មក​ទីតាំង​ដើម​វិញ​បន្ទាប់​ពី​នាវា​ស៊ើបអង្កេត​អាមេរិក​បាន​តាម​ដាន​​ដឹង​ពី​ករណី​នេះ៕

17-jul (2) 17-jul 17-jul (1)

 

Leave a Reply

(*) Required, Your email will not be published