សុខ រក្សា​បើក​ជំនួញ​ជា​មួយ​កុល ដាវី

, , Leave a comment

លោក​សុខ រក្សា បាន​បង្ហើប​ឲ្យ ដឹង​ថា លោក​បាន​បើក​ក្រុម​ភ្លេង​ជា​មួយ​កញ្ញា​កុល ដាវី ដោយ​បច្ចុប្បន្ន​ទើបតែ​ដំណើរ​ការ​ជា​បណ្ដើរៗ​ហើយ​។ មុន​នេះ​បន្តិច​លោក​​ សុខ រក្សា ​​ត្រូវ​បាន​​គេ​សង្ស័យ​ថា បាន​បង្កាត់​ចំណង​ស្នេហ៍​យ៉ាង​ស្អិតល្មួត ជា​មួយ​កញ្ញា​​កុល ដាវី បន្ទាប់​អ្នក​ទាំង​ពីរ ឧស្សាហ៍​​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ជា​ញឹកញាប់ តែ​ជា​រឿយៗ ទំនាក់ទំនង​នេះ​អ្នក​ទាំង​ពី​តែងតែ​បដិសេធន៍។

 

កាល​ពី​ម្សិលមិញ ​លោក​សុខ រក្សា ​នៅ​តែ​ប្រកែក​នូវ​ទំនាក់ទំនង​នេះ ដោយ​លោក​លើក​ឡើង​ថា ភាព​ស្និត​ស្នាល​រវាង​លោក​ និង​​កញ្ញា​កុល ដាវី​ កន្លង​មក វា​គ្រាន់​តែ​ភាព​ស្និត​ស្នាល​​បែប​សិល្បៈ​ និង​​មិត្តភ័ក្ដិ​ប៉ុណ្ណោះមិន​ឈាន​ដល់​ស្នេហា​នោះ​ឡើយ ។ ម្ចាស់​បទ “អាលីបាបា” បាន​បន្ត​ទៀត​ថា ថ្មី​ៗ​នេះ​លោក​ទើប​តែ​បោះ​ទុន​រក​ស៊ី​ជា​មួយ​កញ្ញា​កុល ដាវី​ដោយ​បង្កើតBand ភ្លេង​មួយ​​ក្រុម ដែល​មាន​ឈ្មោះ​ថា ” Band Star”។

 

លោក​បាន​ប្រាប់​ថា ” Band Star” ដែល​លោក​បង្កើត​នេះ ជា​បំណង​ប្រាថ្នា​របស់​​លោក​យូរ​មក​ហើយ ម្យ៉ាង​​វា​ក៏​ជា​បំណង​របស់​កញ្ញា​កុល ដាវី​ ដែល​ចង់​មាន​មុខ​របរ​​រកស៊ី​ផង​ដែរ ។ “ខ្ញុំ​មាន​ឧបករណ៍​ខ្លះ​ហើយ គ្រាន់​តែ​ទិញ​ចូល​បន្ថែម អីចឹង​វា​មិន​លំបាក​នោះ​ទេ គេ​ចង់​ជួល​វង់​ភ្លេង​ប្រភេទ​ណា​ក៏​យើង​អាច​ធ្វើ​បាន​ដែរ ព្រោះ​ទាំង​ពីរ​នាក់​សុទ្ធតែ​​មាន​បណ្ដាញ​អ្នក​សិល្បៈ​ច្រើន​ដូច​គ្នា “។ម្ចាស់​បទ “សំបុត្រ​ស្នេហ៍​ក្នុង​កន្ត្រក​កង់” បាន​បន្ថែម​ថា ជំហាន​ដំបូង​លោក​បើក​​លក្ខណៈ​មធ្យម តែ​ទៅ​ថ្ងៃ​អនាគត លោក​មាន​គម្រោង​បើក​ទ្រង់ទ្រាយ​ធំ ដោយ​​អាច​ទទួល​រៀបចំ​ខនស៊ឺត​ធំៗ ក្នុង​នោះ​មាន​ឆាក និង​ភ្លើង ផ្ទាល់​ខ្លួន​តែ​ម្ដង។ “ពេល​ហ្នឹង​យើង​អាច​ទទួល កម្មវិធី​ជប់លៀង អាពាហ៍ពិពាហ៍ ឬ​បុណ្យទាន​ផ្សេងៗ  បើ​យើង​ធ្វើ​ដូច​គេ​អស់​​​ច្រើន​ណាស់ អាធុន​កណ្ដាល ៧ ទៅ៨ម៉ឺន បើ​ធំ​ជាង​នេះ​អស់​មិន​ក្រោម​១០ម៉ឺន​ដុល្លារ​នោះ​​ទេ អត់​​ទាន់​ឈាន​ដល់​ដំណាក់​កាល​នេះ​ទេ សាក​ធ្វើ​ប៉ុណ្ណឹង​សិន”។

 

លោក​សុខ រក្សា​ មិន​បាន​បញ្ជាក់​ប្រាប់​ពី​ដើម​ទុន​ដែល​លោក​បាន​ចូល​រក​ស៊ី​ជា​មួយ​នឹង​កញ្ញា​កុល ដាវី​នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា ធ្វើ​ប៉ុណ្ណឹង​ចំណាយ​​អស់​មិន​ច្រើន​ទេ ហេតុ​នេះ​លោក​មិន​ចង់​បង្ហើប​នោះ​ឡើយ។ លោក​​សុខ រក្សា​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​វង្ស​ភ្លេង​របស់​លោក បាន​ទទួល​​​អតិថិជន​មួយ​កម្មវិធី​ហើយ ដោយ​នៅ​ដើម​ខែ សីហា ខាង​មុខ​នេះ វង្ស​ភ្លេង​របស់​លោក នឹង​ចេញ​ទៅ​លេង​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ចាម ចំនួន៣ថ្ងៃ​ជាប់​គ្នា​​តែ​ម្ដង។

 

បើ​ទោះ​បី​ជា លោក​សុខ រក្សា ជា​រឿយៗ​តែង​តែ​ប្រកែក​ពី​ទំនាក់​ទំនង​ស្នេហា​​ក្រៅ​ឆាក ជា​មួយ​កញ្ញា​កុល ដាវី ក៏​ពិត​មែន តែ​ក្នុង​ជំនួប​តាម​​ទូរស័ព្ទ​កាល​ពី​ម្សិល​មិញ​នេះ លោក​បាន​ព្រលយ​ថា”អត់​ទាន់​គិត​រឿង​ស្នេហា​​ជា​មួយ​គ្នា​ទេ ចាំ​រកស៊ី​ជា​មួយ​គ្នា​សិន”។ ការ​ព្រលយ​ពាក្យ​នេះ នៅ​តែ​ធ្វើ​ឲ្យ​មាន​មន្ទិល​ថា អ្នក​ទាំង២​ពិត​​ជា​មាន​ទំនាក់ទំនង​ស្នេហា​គ្នា​យ៉ាង​ពិត​ប្រាកដ គ្រាន់​តែ​ពួក​គេ​មិន​ព្រម​សារភាព​តែ​ប៉ុណ្ណោះ ខណៈ​​អ្នក​ទាំង​បាន​បោះ​ទុន​រកស៊ី​ជា​មួយ​គ្នា​នោះ។

 

ទស្សនិកជន​មួយ​ចំនួន​យល់​ឃើញ​ថា ប្រសិន​បើ​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​ហើយ មាន​បំណង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​​មែន​នោះ វា​មិន​ខុស​នោះ​ឡើយ ព្រោះ​អ្នក​ទាំង​ពីរ សុទ្ធតែ​មាន​វ័យ​កាន់​តែ​ច្រើន​ល្មម​គិតគូរ​រឿង​គូ​អនាគត​រៀងៗខ្លួន​ហើយ ម្យ៉ាង​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​អ្នក​​មាន​ជំនាញ​សិល្បៈ​រៀង​ខ្លួន ហេតុ​នេះ បញ្ហា​សេដ្ឋកិច្ច​មិន​មែន​ជា​បញ្ហា​ចោទ​នោះ​ឡើយ៕

11 11 (1)

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published