ភូមានឹងដោះលែងអ្នកទោសនយោបាយរបស់ខ្លួនទាំងអស់ ត្រឹមចុងឆ្នាំនេះ។ នេះគឺជាការលើកឡើងរបស់ប្រធានាធិបតីភូមាលោក ថេន សេន អំឡុងទស្សនកិច្ចផ្លូវការជាលើកដំបូងទៅកាន់ចក្រភពអង់គ្លេស។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron លោក ថេន សេន បានគូសបញ្ជាក់ដូច្នេះថា ៖ “ត្រឹមចុងឆ្នាំនេះ នឹងលែងមានអ្នកទោសនយោបាយទៀតហើយ ក្នុងប្រទេសមីយ៉ាន់ម៉ា”។ ប្រមុខអតីតប្រទេសឯកោជាងគេក្នុងលោកដដែលបានបន្ថែមថា គណៈកម្មការពិសេសមួយក្រុមកំពុងពិនិត្យមើលឡើងវិញលើករណីទណ្ឌិតនយោបាយនីមួយៗ។
ក្នុងខណៈនោះ លោក David Cameron ក៏បានសម្ដែងក្ដីបារម្ភទៅលើបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសភូមាពិសេសទៅលើជនមូស្លីមរ៉ូហ៊ីនយ៉ា។ ជម្លោះសាសនាក្នុងរដ្ឋរ៉ាក់ឃីន កាលពីឆ្នាំទៅមិញបានសម្លាប់មនុស្សប្រហែល ២០០ នាក់ និងរាប់ពាន់ផ្សេងទៀតបាត់បង់ទីជម្រកដែលភាគច្រើនជាជនមូស្លីមរ៉ូហ៊ីនយ៉ា។ អាជ្ញាធរភូមាត្រូវបានគេចោទប្រកាន់ថា មិនបានខិតខំបញ្ឈប់អំពើហិង្សា និងការពារសិទ្ធិរបស់ជនមូស្លីមឲ្យបានសមស្រប។
ការចោទប្រកាន់នោះត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាច្រានចោលដោយលើកឡើងថា ភាគច្រើននៃជនជាតិរ៉ូហ៊ីនយ៉ាទាំងនោះជាអ្នកធ្វើនិរប្រវេសន្តមកពីឧបទ្វីបឥណ្ឌា ដូច្នេះបើតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសមិនអាចចាត់ចូលថាជា ជនជាតិភាគតិចដែលទទួលបានសិទ្ធិការពារពីរដ្ឋាភិបាលឡើយ។ បន្ទាប់ពីប្រទេស ភូមារៀបចំឲ្យមានការបោះឆ្នោតដោយសេរីនៅខែវិច្ឆិកា ឆ្នាំ២០១០ មក គេសង្កេតឃើញប្រទេសនេះ ចាប់ផ្ដើមកែទម្រង់ប្រព័ន្ធនយោបាយកាន់តែប្រសើរឡើងដោយក្នុងនោះរួមមានការដោះលែងអ្នកទោសនយោបាយ និងបន្ធូរបន្ថយទៅលើការរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយជាដើម។ ដោយមើលឃើញពី ការផ្លាស់ប្ដូរនេះ អន្តរជាតិបានលើកលែងទណ្ឌកម្មស្ទើរទាំងស្រុងមកលើភូមា៕