គឹម លីហ្សា ខ្លាច​គេ​ថា​ទៅ​ទាក់​ប្រុស​ឯ​នាយសមុទ្រ

, , Leave a comment

រាជធានីភ្នំពេញ ៖ ក្រៅពី​ត្រៀមចិត្ត​ត្រៀមកាយ​សម្រួច​សំឡេង​យក​ទៅ​ស្រាយ​បង្ហើរ​បង្អួត​បងប្អូន​ខ្មែរ នៅ​លើ​ទឹកដី​កោះ​អូស្រ្តាលី ជាមួយ​បុរស​សង្ហា​ពីដួង​លោក អេឡិច ចាន់ត្រា និង​លោក រតនៈពិសិដ្ឋ នោះ តារាចម្រៀង​យ៉េ​ៗ​និង​ជា​តារាសម្តែង​សាច់​សខ្ចី​រាង​តូច​ច្រឡឹង​នាង គឹម លីហ្សា ហាក់​ទោរម្និញ​និង​ដំណើរ​ទៅ​ជាន់​ទឹកដី​ដែនកោះ​នោះ ទៅ​វិញ ខណៈ​នាង​អះអាង​ថា​មិន​ចង់​ឮ​ពាក្យ​«ទៅ​ច្រៀង​ក្រៅ​ប្រទេស​ទៅ​ទាក់​ប្រុស​នោះ​ទេ»។

 

 

បន្ទាប់​ទំនាក់ទំនង​រវាង​លោក អេចឡិច ចាន់ត្រា និង​កំពូល​តារា​សិចស៊ី​ឆ្លង​ទ្វីប​នាង ឆៃលី ដាឡែន មាន​ភាព​ឃ្លាត​រយាល​ពី​គ្នា​នោះ នាង គឹម លីហ្សា​ក៏​ផ្តើម​ល្បី​យ៉ាង​ក៏ក្រើក​ក្នុង​សង្វៀន​សិល្បៈ​ខ្មែរ​ថា នាង​បាន​បង្កាត់​ភ្លើងស្នេហ៍​យ៉ាង​រោលរាល​ជាមួយ​លោក អេឡិច ចាន់ត្រា ហើយ​ក៏​ជា​ដើមហេតុ​នាំ​ឲ្យ​សម្ព័នភាព​ស្នេហ៍​ដ៏​ផ្អែមល្ហែម​របស់​លោក អេឡិច ចាន់ត្រា និង​នាង ឆៃលី ដាឡែន​ប្រេះឆា​នឹង​គ្នា​ផង​ដែរ។ ប៉ុន្តែ​ទីបញ្ចប់​ខណៈ​ដែល​លោក អេឡិច ចាន់ត្រា ងាក​ទៅ​ចាប់​ដៃគូ​ជាមួយ​នឹង​តារាសម្តែង​នាង ទឹម រដ្ឋា ម្តង​វិញ​នោះ ក៏​មាន​ការ​បញ្ជាក់​ថា សកម្មភាព​ស្និទ្ធស្នាល ប្តូរ​តួអង្គ​ពី​មួយ​ទៅ​មួយ​របស់​តួប្រុស​នោះ គ្រាន់​តែ​ជា​ឆាកល្ខោន​ទាញ​យក​ការ​ចាប់​អារម្មណ៍​ពី​មហាជន​តែ​ប៉ុណ្ណោះ។

 

 

ក្រោយ​ពី​បញ្ចប់​ឆាកល្ខោន​ស្នេហ៍​ជាមួយ​ប្រុសសង្ហា អេឡិច ចាន់ត្រា នោះ នាង គឹម លីហ្សា ក៏​លេច​ចេញ​នូវ​ចំណង​ស្នេហ៍​ថ្មី​ជាមួយ​អាណិកជន ខ្មែរ​រស់នៅ​ប្រទេស​អូស្រ្តាលី ហើយ​បុរស​នោះ​ក៏​ល្បី​ថា ជា​អ្នក​នៅ​ក្រោយ​ខ្នង​នៅ​ភាព​រុងរឿង​នៃ​ជីវភាព​របស់​នាង​ដែរ។ កន្លង​មក​ក៏​មាន​រូបភាព​ជាច្រើន​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​និង​ភាព​យល់​ចិត្ត​យល់​ថ្លើម​គ្នា​បង្ហោះ​ក្នុង​ហ្វេសប៊ុក ដែល​រូបភាព​ទាំងនោះ មាន​ទាំង​នៅ​ក្នុង​ស្រុក​និង​ក្រៅ។

 

 

ប៉ុន្តែ​យ៉ាង​ណា នាង​មិន​បាន​ទទួល​ស្គាល់​ការ​ពិត​នេះ​ឡើយ ខណៈ​នាង​តែង​អះអាង​ថា ៖ «បុរស​អាណិកជន​អូស្រា្តលី ដែល​គេ​ស្គាល់​ឈ្មោះ​ថា (ស្តេវិន) មិនមែន​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​អ្វី ហើយ​ក៏​មិនមែន​ជា​សង្សារ​ដែរ គ្រាន់​តែ​ជា​អ្នក​រាប់អាន​គ្នា​ធម្មតា​ហ្នឹង​។ ដំណើរ​ដឹកដៃ​ប្រុសសង្ហា​ពីរ​នាក់​ទៅ​ច្រៀង​លើ​ទឹកដី កោះ​អូស្រា្តលី លើក​នេះ​ក៏​ជា​ឱកាស​មួយ​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង គឹម លីហ្សា និង​លោក ស្តេវិន នោះ ខណៈ​ដែល​មហាជន​ជាច្រើន​ដែល​កំពុង​តែ​ដាក់​ការ​សង្ស័យ​នេះ។ ប៉ុន្តែ​ផ្ទុយ​ការ​លើក​ឡើង​នោះ តារាចម្រៀង​នាង គឹម លីហ្សា បែរ​ជា​បញ្ចេញ​នូវ​កាយវិការ​ដូច​ពាក្យ​ចាស់​មួយ​ឃ្លា​ថា «គោ​ដំបៅ​ខ្នង​ខ្អែក​ហើរ​រំលង​រំសាយ​កន្ទុយ​»។

 

នាង​គឹម លីហ្សា បាន​ពោល​ពាក្យ​ដូច្នេះ​ថា​៖ «កុំ​មើល​ឃើញ​ខ្ញុំ​ក្នុង​ន័យ​បែប​នោះ​អី ដំណើរ​ខ្ញុំ​ទៅ​គឺ​ទៅ​តាម​ការ​អញ្ជើញ​របស់​ស្ពនស័រ ទៅ​ច្រៀង​មិនមែន​ជួប​ប្រុស​ស្នេហ៍ ហើយ​ក៏​មិន​ទៅ​បង្កាត់​ភ្លើងស្នេហ៍​ជាមួយ​អ្នក​ណា​ដែរ​»។ នាង​បាន​បន្ត​ថា​៖​«ខ្ញុំ​សុំ​សំណូមពរ​ដល់​អ្នក​សិល្បៈ​ដូច​គ្នា​និង​មហាជន​សូម​កុំ​រិះគន់​ថា​យក​សម្រស់​ទាក់​ប្រុស​ៗ​នៅ​ក្រៅ​ប្រទេស​»។ គឹម លីហ្សា ក៏​បាន​បញ្ជាក់​ដែរ​ថា នាង​មិនមែន​ជា​នារី​បែប​គេ​យល់​ឃើញ​ឡើយ​។

 

នាង​និយាយ​ថា​៖ «ពាក្យ​ទាំងនេះ​កើតឡើង​ទាំង​សាមី​ខ្លួន​មិន​ដឹង​រឿង​ទាល់​តែ​សោះ​បែរ​ជា​លេច​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ​វិញ​។ ទាំងអស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​តារា​យើង​គាត់​ឈឺក្បាល​គ្រប់​គ្នា​រហូត​មាន​ពេល​ខ្លះ​ឲ្យ​តែ​បាន​គម្រោង​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​នោះ​ញាក់សាច់​គ្រប់​គ្នា​ទាក់ទិន​នឹង​ពាក្យ​ចចាមអារ៉ាម​សម្អុយ​ឈ្មោះ​គេ​។

 

យ៉ាង​ហោច​ណាស់​តារាប្រុស​ស្រី​៣​ដួង​នេះ​បាន​ចំណាយ​ពេល​ចំនួន​១​ខែ​កន្លះ​សម្រាប់​ឱកាស​ច្រៀង​សម្តែង​កើប​លុយ​តាម​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​អូស្ត្រាលី​។ អ៊ីចឹង​ហើយ​ទើប​តារាស្រី​ក្រសែ​ភ្នែក​ស្រទន់​ញញឹម​មាន​មន្តស្នេហ៍​គឹម​លីហ្សា​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជា​ពន់ពេក​នៅ​ពេល​ដែល​តួលេខ​ថ្មី​នៃ​ជីវិត​សិល្បៈ​របស់​នាង​បាន​ហក់​ឡើង​មួយ​កម្រិត​ទៀត​សម្រាប់​ឆ្នាំ​២០១៣​គឺ​ច្រៀង​និង​ថត​ភាពយន្ត​៕

7823 886 sem_a1

ប្រភព ភ្នំពេញប៉ុស្តិ៍

 

Leave a Reply

(*) Required, Your email will not be published