រថយន្តក្រុង​​របស់​ក្រុមហ៊ុន​សូរិយាដឹក​អ្នកដំណើរ បាន​ប៉ះ​ជា​​មួយ​នឹង​ម៉ូតូ អាយ​ខន របួស​ធ្ងន់​ម្នាក់​ ស្រាល​ម្នាក់

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ នារី​ ២​ នាក់​​​រងរបួស​ធ្ងន់ និង​ស្រាល ខណៈដែល​រថយន្តក្រុង​​របស់​ក្រុមហ៊ុន​សូរិយាដឹក​អ្នកដំណើរ បាន​ប៉ះ​ជា​​មួយ​នឹង​ម៉ូតូ អាយ​ខន ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​នេះ​​កើត​ឡើង​កាលពី​វេលា​ម៉ោង ៨​យប់​ថ្ងៃទី ១៤ កក្កដា ២០១៣ នៅ​ចំណុច​ខាងមុខទីស្តីការ​គណ​:​រដ្ឋមន្ត្រី ស្ថិត​តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ក្រុម ៥៤ ភូមិ ៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​

 

​​តាម​ប្រភព​ព័ត៌​មាន​ដែល​ផ្តល់​ដោយ​​សមត្ថកិច្ច​បាន​​បញ្ជាក់​ឲ្យ​ដឹងថា រថយន្តក្រុង​របស់​ក្រុមហ៊ុន​សូរិយា​ដឹក​អ្នកដំណើរ ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 3A-8881 មកពី​ក្រុង​ព្រះ​ស៊ី​ហ​នុ បើក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី  ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ក៏​ប៉ះ​ជាមួយ​ម៉ូតូ អាយ​ខន ពណ៌​លឿង​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BN-9873 ជិះ​ដោយ​ស្ត្រី​ទាំង ២​នាក់ មិន​ស្គាល់ឈ្មោះ បណ្តាល​ឲ្យ​ម៉ូតូ​ជាប់​ក្រោម​កង់​រថយន្ត អូស​ជាង​ ១០ ​ម៉ែត្រ ធ្វើ​ឲ្យ​អ្នកបើកបររងរបួស​ធ្ងន់ ចំណែក​អ្នករួមដំណើរ​ខ្ទាត​ចេញ រងរបួស​ស្រាល ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗនៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ  ចំណែក​អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់​​ស្រមោល​។​

 

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះមក​វាស់វែង​ ហើយ​​យក​​រថយន្តក្រុង​ដែល​បង្កហេតុ និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​រងចាំ​ដោះស្រាយ​គ្នា ជា​ក្រោយ​តាមផ្លូវ​ច្បាប់ ៕

AK1

 

Leave a Reply

(*) Required, Your email will not be published