រាជធានីពេញ ៖ យុវជន២នាក់បានបើកម៉ូតូម៉ាកសេ១២៥ មួយគ្រឿង បុករះអ្នកដំណើរតាមផ្លូវ បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ និង៣នាក់ផ្សេងទៀតបានរងរបួសស្រាល កាលពីវេលាម៉ោង ២ និង២០នាទី រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវលំ ខាងលិចវត្ដសំរោងអណ្ដែត ក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ ដែលជាសិស្សវិទ្យាល័យភ្នំពេញថ្មី ទើបតែចេញពីប្រឡង បានជិះម៉ូតូម៉ាកសេ ១២៥ ស៊េរី ២០១០ ពាក់ស្លាកលេខ ភ្នំពេញ ១AQ-៩២៩១ ក្នុងល្បឿនយ៉ាងលឿន។ ខណៈដែលមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបានជ្រុលទៅបុកស្ដ្រីម្នាក់ដែលកំពុងជិះកង់ឆ្លងផ្លូវ បណ្ដាលឱ្យដួលរងរបួសធ្ងន់ រួចជ្រុលទៅបុកអ្នកលក់មាស ៣នាក់ផ្សេងទៀត បណ្តាលឲ្យរងរបួស ។
បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅជួយអន្ដរាគមន៍។ ភ្លាមៗនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនយុវជនទាំង២នាក់ យកទៅកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងដោះស្រាយទៅតាមផ្លូវច្បាប់ ៕