ឆន សុវណ្ណ​រាជ ត្រៀម​ដើរ​ចោល​អ្នក​គាំទ្រ

, , Leave a comment

តារា​ចម្រៀង ឆន សុវណ្ណ​រាជ របស់​ផលិតកម្ម​រស្មី​ហង្សមាស កំពុង​ត្រៀម​ខ្លួន​ទៅ​បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​ប្រទេស​បារាំង​ក្នុង​អំឡុង​ខែ កញ្ញា ខាង​មុខ បន្ទាប់​ពី​ធ្លាប់​ទៅ​អូស្ត្រាលី និង​អាមេរិក​រួច​មក។ តារា​ចម្រៀង​រូប​នេះ ប្រាប់​ថា នេះ​ជា​លើក​ដំបូង​បំផុត​ក្នុង​ជីវិត​ជា​តារា​ចម្រៀង​ជិត​១០​ឆ្នាំ​មក​នេះ សម្រាប់​ដំណើរ​ទៅ​បារាំង ព្រោះ​តែ​កន្លង​មក​ធ្លាប់​តែ​ទៅ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី​ប៉ុណ្ណោះ។ ដំណើរ​លើក​ដំបូង​នេះ តប​តាម​ការ​អញ្ជើញ​របស់​បង​ប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ។ ដូច្នេះ​ហើយ លោក សុវណ្ណ​រាជ មាន​ជំនឿ​ថា នឹង​ទទួល​ផល​វិជ្ជមាន​ច្រើន។

 

 

ទោះ​យ៉ាង​នេះ​ក្តី អ្វី​ដែល​សំខាន់​ក្នុង​ពេល​នេះ គឺ​អ្វី​ៗ​ស្ថិត​នៅ​ក្នុង​ការ​ដំណាក់​កាល​រត់​ឯកសារ​នៅ​ឡើយ គ្រាន់​តែ​ភាគ​រយ​ដែល​អាច​ចេញ​ទៅ​បាន​មាន​ខ្ពស់​ជាង​ប៉ុណ្ណោះ។ តារា​ចម្រៀង​ត្រូវ​ចិត្ត​យុវវ័យ​រូប​នេះ ថ្លែង​ថា “ខ្ញុំ​គិត​ថា មិន​មាន​បញ្ហា​អី​ទេ ព្រោះ​យើង​ធ្លាប់​ចេញ​ទៅ​អូស្ត្រាលី និង​អាមេរិក​ហើយ ម្យ៉ាង​តាម​ដឹង ការ​រត់​ឯកសារ​ទៅ​បារាំង​ហ្នឹង ក៏​មិន​សូវ​តឹង​រឹង​ដូច​អាមេរិក​ដែរ”។ លោក បន្ត​ថា ប្រសិន​បើ​​អ្វី​ៗ​ដើរ​ទៅ​តាម​ការ​រំពឹង លោក​នឹង​ត្រូវ​ចេញ​ដំណើរ​នៅ​ក្នុង​អំឡុង​ខែ​កញ្ញា​ខាង​មុខ ក្នុង​នោះ​រយៈ​ពេល​នៃ​ការ​ច្រៀង និង​សម្ដែង​គឺ ១​ខែ​គត់ ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា ក្នុង​រយៈ​ពេល​ប៉ុណ្ណេះ លោក​នឹង​ត្រូវ​ចេញ​ច្រៀង​បំពេ​អារម្មណ៍​បង​ប្អូន​ខ្មែរ​យើង​នៅ​ទីក្រុង​ណា​ខ្លះ​នោះ។

 

លោក ឆន សុវណ្ណ​រាជ បន្ថែម​ថា គម្រោង​ដំបូង ត្រឹម​តែ​១​ខែ​មែន ប៉ុន្តែ​អាច​ប្រែ​ប្រួល​ទៀត​ក្នុង​ពេល​ជាក់​ស្តែង ប្រសិន​បើ​​ពេល​នោះ មាន​ការ​គាំទ្រ​ច្រើន ហើយ​បង​ប្អូន​ខ្មែរ​យើង​នៅ​ទី​នោះ ស្នើ​សុំ​ឲ្យ​បន្ត និង​គួប​ផ្សំ​ថា នៅ​ក្នុង​ស្រុក​ឯណេះ មាន​ការងារ​បន្ទាន់​ឬ​អត់​ដែរ។ នេះ​អាច​ថា ជា​ដំណើរ​ចេញ​ធ្វើ​ការងារ​សិល្បៈ​ដ៏​សំខាន់​មួយ​របស់​លោក ឆន សុវណ្ណ​រាជ ដោយ​ត្រូវ​ហោះ​ឆ្លង​ប្រទេស​ពីរ​បី ទៅ​កាន់​ទឹក​ដី​ដែល​មាន ទួអេហ្វែល​ជា​និមិត្ត​រូប។ ប៉ុន្តែ​មុន​ដល់​ពេល​នោះ ម្ចាស់​បទ “១ខែ​ដប់​ថ្ងៃ” រូប​នេះ នៅ​មាន​ការងារ​សំខាន់​មួយ​ទៀត​នៅ​ចុង​សប្តាហ៍​នេះដែល​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន នោះ​គឺ​ការ​ចេញ​មុខ​ច្រៀង​ក្នុង​ការ​ប្រគំ​តន្ត្រី​លើ​វេទិកា​តែ​មួយ ជា​មួយ​តារា​ចម្រៀង​រាជនី​សម្រស់​ទាំង​៥នាក់​ RaNia របស់​កូរ៉េ​ខាង​ត្បូង នៅ​កម្ពុជា។

 

លោក សុវណ្ណ​រាជ ប្រាប់​ថា ព្រឹត្តិការណ៍​នេះ ក៏​ជា​លើក​ដំបូង​របស់​លោក​ដែរ ដែល​ឡើង​វេទិកា​តន្ត្រី​ផ្សាយ​ផ្ទាល់​តែ​មួយ​ជាមួយ​តារា​ចម្រៀង​កូរ៉េ។ ក្រៅ​ពី​លោក ឆន សុវណ្ណ​រាជ នៅ​មាន​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​របស់​កម្ពុជា​ម្នាក់​ទៀត​ដែរ គឺ​កញ្ញា មាស សុខ​សោភា តារា​ចម្រៀង​ស្រី​ជួរ​មុខ​របស់​ផលិតកម្ម ថោន ដែល​ត្រូវ​ឡើង​វេទិកា​តន្ត្រី​ដ៏​អស្ចារ្យ​នេះ ក្នុង​នោះ​ពួក​គេ​ប្រាប់​ថា សុទ្ធ​តែ​ត្រៀម​ចំណង​ដៃ​ថ្មី និង​អស្ចារ្យ​ជូន​ដល់​ប្រិយមិត្ត​អ្នក​គាំទ្រ៕

chorn-Sovannarach

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published