ខេត្ដព្រះសីហនុ ៖ ក្មេងប្រុសស្រី ២ នាក់បានបើកម៉ូតូជែងគ្នានៅក្នុងទីប្រជុំជន ខណៈសិស្សសាលាតូចៗកំពុងចេញពីរៀន បណ្ដាលឱ្យប៉ះគ្នាដួលចូលក្រោមរថយន្ដ ឡិចស៊ីសចតស្ងៀមបង្កឱ្យពួកគេទាំង២រង របួស ហើយរថយន្ដក៏រងការខូចខាត ។ ករណីក្មេងស្ទាវប្រុសស្រីបើកម៉ូតូ ជែងប្រណាំងគ្នានេះបានកើតឡើងនៅ វេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្ដោយ ផ្លូវមុខសាលារៀបបឋមសិក្សាផ្សារលើ ស្ថិតក្នុងភូមិលេខ២ សង្កាត់លេខ៤ ក្រុង- ខេត្ដព្រះសីហនុ ។
ប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុខណៈសិស្សតូចៗកំពុង ចេញពីសាលារៀនក្មេងស្រីនិងក្មេងប្រុស ២នាក់បានបើកម៉ូតូប្រដេញក្នុងទិសដៅ ស្របគ្នាពីលិចសំដៅទៅផ្សារលើ ។ លុះ បើកមកដល់ចំណុចកើតហេតុខាងលើ សង្ស័យពួកគេបើកវ៉ាគ្នា ក៏បានប៉ះដៃ ចង្កូតបណ្ដាលឱ្យដួលចូលក្រោមរថយន្ដ ឡិចស៊ីសទាំង២គ្រឿងតែម្ដង ។ ម៉ូតូបង្កហេតុទី១ម៉ាកហុងដា C-125 ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខក្រុង ព្រះសីហនុ 1B-1291 បើកបរដោយយុវ ជនឈ្មោះសួរ សុខហេង អាយុ១៦ឆ្នាំ រស់ នៅក្នុងសង្កាត់លេខ២ ក្រុង-ខេត្ដព្រះ សីហនុ មានមុខរបរជាជាងសំណង់រង របួសស្រាល ។ រីឯម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា C-125 ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខព្រះសីហនុ 1C-7799 បើកបរដោយក្មេងស្រីឈ្មោះចាន់ សុខឡេង អាយុ១៨ឆ្នាំ រស់នៅក្រុមទី៥ ភូមិលេខ១ សង្កាត់លេខ២ ក្រុង-ខេត្ដព្រះសីហនុ រង របួសស្រាលដូចគ្នា ។
នគរបាលក្រុងបានឱ្យដឹងទៀតថា ម៉ូតូ អ្នកទាំង២រងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ និងបានកៀបជាប់រថយន្ដឡិច ស៊ីសស៊េរី RX300 ពាក់ស្លាកលេខភ្នំពេញ 2D-6571 ជាកម្មសិទ្ធិរបស់ឈ្មោះឈាង សុវណ្ណ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្រុមទី៦ ភូមិលេខ១ សង្កាត់លេខ២ ក្រុង- ខេត្ដព្រះសីហនុ ។ រថយន្ដឡិចស៊ីសនេះ បានរងការខូចខាតផ្នែកគូទមួយចំនួន ហើយត្រូវបានម្ចាស់តម្រូវឱ្យក្មេងប្រុស និងក្មេងស្រីចេញថ្លៃជួសជុល ។ ជុំវិញករណីគ្រោះចរាចរនេះ មន្ដ្រីនគរ បាលចរាចរបានបញ្ជាក់ថា បើតាម ច្បាប់ចរាចរណ៍ ទាំងម្ចាស់រថយន្ដនិង អ្នកបើកម៉ូតូទាំង២គ្រឿង អ្នកទាំង៣ មិនមាននរណាម្នាក់ត្រឹមត្រូវនោះទេ គឺសុទ្ធតែខុសទាំងអស់ ដោយអ្នកបើក ម៉ូតូបើកលឿនហួសការកំណត់នៅទីប្រជុំ ជន ។ រីឯម្ចាស់រថយន្ដបានចតរថយន្ដ រំលោភបំពានលើផ្លូវខុសទៅនឹងច្បាប់ចរាចរណ៍ ៕