ទឹកប្រាក់ជាង២០០០ដុល្លារ ត្រូវបានរបូតចេញពីផ្ទះ អ្នកនាង បូនីតា ដាដេណា បន្ទាប់ពីស្រីជាអ្នកបម្រើឈ្មោះ ន.រ ម្នាក់លួចយកទ្រព្យសម្បត្តិ និងបានរត់ចេញពីផ្ទះ។ ម្ចាស់ផលិតកម្ម អធិមង្គល អ្នកនាង ដាដេណា បានប្រាប់កាលម្សិលមិញថា ទឹកប្រាក់ដែលបានបាត់បង់ទៅនោះមានចំនួន២៣៥០ ដុល្លារ និងសម្ភារៈមួយចំនួនទៀត។ ” ពេលនោះកូនស្រីរបស់ខ្ញុំមកពីទារលុយគេ ដោយផ្ញើនៅគាត់ដើម្បីទុកឲ្យខ្ញុំ ដឹងអីស្រាប់តែនាងយកហើយរត់ទៅបាត់តែម្ដង”។
ម្ចាស់ផលិតកម្មរូបនេះ បានបន្តថា អ្នកនាងមិនបានស្គាល់ទីលំនៅពិតប្រាកដរបស់ន.រនោះទេ ដោយគ្រាន់តែបានដឹងថា នាងមានទីលំនៅស្រុកដំដែក ខេត្តសៀមរាប និងបានស្គាល់គ្នា ខណៈអ្នកនាងយករឿងភាពយន្តរបស់ខ្លួនទៅចាក់បញ្ចាំងនៅខេត្តនោះកន្លងមក។ អ្នកនាងបន្ថែម៖ “ ខ្ញុំមិនចង់បានលុយនោះមកវិញទេ ប៉ុន្តែខ្ញុំចង់បានគាត់មកវិញដើម្បីសួរនាំមួយចំនួនថា ហេតុអ្វីបានជាមនុស្សដែលខ្ញុំអាណិតខំជួយ បែរជាធ្វើបាបខ្ញុំដូច្នេះទៅវិញ?”។ អ្នកនាងបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ នាងមិនចង់ប្រើវិធានផ្លូវច្បាប់នោះទេ ដោយគ្រាន់តែប្រកាសតាមវិទ្យុ និងតាមបណ្ដាញសង្គម Facebook ដោយគ្រាន់តែចង់ឲ្យន.រ មកប្រាប់ពីហេតុផលថា ហេតុអ្វីន.រ ក្បត់ទំនុកចិត្ត។
ម្ចាស់ផលិតកម្មបន្ថែមថា៖” ខ្ញុំសោកស្ដាយដែលទុកចិត្តមនុស្សខុសដូច្នេះ ព្រោះមិនបានស៊ើបពីប្រវត្តិ ឬកន្លែងរស់នៅឲ្យបានច្បាស់លាស់មុនទទួលមកនៅ។ នេះដោយសារតែស្រលាញ់ និងអាណិតចង់ជួយរបស់ខ្ញុំ”។ អ្នកនាងចាត់ទុកថា នេះជារឿងស៊យមួយនៅឆ្នាំនេះ ។ អ្នកនាង បូនីតា ដាដេណា ជាតារាសម្ដែង និងជាម្ចាស់ផលិតកម្ម អធិមង្គល ។ អ្នកនាងទើបតែបញ្ចប់រឿងថ្មីរបស់ខ្លួនដែលមានចំណងជើងថា ” ព្រាយបាតបល្ល័ង្ក ” និងត្រៀមចាក់បញ្ចាំងនៅខែតុលាខាងមុខនេះ បន្ទាប់ពីរឿង” ប្រពន្ធខ្ញុំអាប” ទទួលបានប្រាក់ចំណេញគ្រាន់បើ។ យ៉ាងណា អ្នកនាងបង្ហាញសុទិដ្ឋិនិយមថា រឿងក្រោយនេះប្រាកដជាជោគជ័យជាងមុនមិនខាន៕
ប្រភព សប្បាយ