រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ រួមនិងប្រជាពលរដ្ឋជាង១ម៉ឺននាក់ទៀត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី៥ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៣ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានអ្នកចូលរួមជាង១ម៉ឺននាក់។
ព្រឹត្តិការណ៍ខួបលើកទី៥នៃការសម្រេចរបស់អង្គការ យូណេស្កូ ដាក់ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាសម្បត្តិវប្បធម៌មានតម្លៃជាសាកលនេះ គឺកើតឡើងក្រោយពេល៥១ឆ្នាំនៃការសម្រេចរបស់ចៅក្រមអន្តរជាតិ៩ រូប ក្នុងចំណោម១២រូប កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅសវនាការទីក្រុងឡាអេ ប្រទេសហូល្លង់ ឱ្យកម្ពុជាឈ្នះក្តីលើប្រទេសថៃ ដែលបានចូលលុកលុយឈ្លានពានប្រាសាទព្រះវិហារនេះ
គួររំលឹកថា មុនឆ្នាំ១៩៥៩ ប្រាសាទព្រះវិហារត្រូវបានសៀមឈ្លានពានចូលកាន់កាប់ធ្វើជាសម្បត្តិ របស់ខ្លួនបើកផ្លូវដល់ទេសចរប្រមូលលុយធ្វើមានធ្វើបាន ព្រមទាំងលួចវត្ថុបុរាណនៅទីនោះយ៉ាងច្រើនទៀតផង ។ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ រដ្ឋាភិបាលកម្ពុជាបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដោយភ្ជាប់ជាមួយផែនទីសន្លឹកដងរែកជាឧបសម្ព័ន្ធ១ ដើម្បីស្នើសុំឱ្យសម្រេចលើជម្លោះអំពីអធិបតេយ្យដែនដីក្នុងតំបន់ ប្រាសាទព្រះវិហារ ហើយយោងតាមសាលដីកាថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦១ តុលាការយុត្តិធម៌អន្តរជាតិរកឃើញថា ខ្លួនមានយុត្តាធិការ ដើម្បីវិនិច្ឆ័យលើជម្លោះនោះ ។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ចៅក្រមអន្តរជាតិបានសម្រេចប្រគល់ប្រាសាទព្រះវិហារមកឲ្យប្រទេសកម្ពុជា ក្រោមការសម្រេចឱ្យឈ្នះលើកទី១ មានចៅក្រមអន្តរជាតិ៩សំឡេង ទល់នឹង៣សំឡេង គឺកំណត់ឱ្យប្រាសាទព្រះវិហារ ស្ថិតក្នុងទឹកដីកម្ពុជា និងស្ថិតក្នុងអធិបតេយ្យភាពកម្ពុជា។ សម្រេចឱ្យឈ្នះលើកទី២ មានចៅក្រមអន្តរជាតិ៩សំឡេងទល់នឹង៣សំឡេង គឺកំណត់ឱ្យថៃមានកាតព្វកិច្ច(ត្រូវតែធ្វើ) ដកទង់ជាតិ, ដកកងទ័ព, នគរបាល, ឆ្មាំការពារ, អ្នកបោសសំអាត, អ្នកគ្រប់គ្រង មើលថែ ដែលស្ថិតក្រោមរដ្ឋាភិបាលថៃចេញពីតំបន់ជុំវិញ និងចេញពីប្រាសាទព្រះវិហារ ។ សម្រេចឱ្យឈ្នះលើកទី៣ មានចៅក្រមអន្តរជាតិ៧សំឡេងទល់នឹង៥សំឡេង គឺកំណត់ឱ្យប្រទេសថៃ ត្រូវតែប្រគល់មកឱ្យកម្ពុជាវិញ នូវវត្ថុបុរាណ វត្ថុមានតម្លៃគ្រប់យ៉ាងដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ៕