ជិះ​ម៉ូតូ​ជ្រែ​ចុះ​ជ្រែ​ឡើង​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូមួយ​ទៀត​​របួសទាំង​សង្ខាង

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ យុវ​សិស្ស​ ២ ​នាក់​ជិះ​ម៉ូតូ​ស្គូ​ពី​ជ្រែ​ចុះ​ជ្រែ​ឡើង​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​សេ​ ១២៥​ ជិះ​គ្នា​ ៣ ​នាក់​យ៉ាង​ពេញទំហឹង​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​ទាំង​សងខាង​ក្នុង​នោះ​មាន ​៤ ​នាក់​​ទៀត​សន្លប់​នៅ​នឹង​កន្លែង​ហេតុ​ ។​ ​ហេតុការណ៍នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១៧​ ថ្ងៃ​ទី ​៥​ ខែកក្កដា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វត្ដ​ស្លែង​ទៅ​ព្រៃ​ស​ ក្នុង​ភូមិ​ត្រ​ពាំង​ទា​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

យុវ​សិស្ស​រង​គ្រោះ​ទាំង​២​ម្នាក់​ឈ្មោះ​ សួង​ ផានិត​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជា​អ្នកបើកបរ​ ម៉ូតូ​ រស់នៅ​ក្នុងភូមិ​ព្រៃវែង​ សង្កាត់​ព្រៃ​វែង​ ខណ្ឌដង្កោ​ រង​របួស​ទ្រូង​ បែក​មុខ​ បែក​មាត់​ និង​ម្នាក់​ទៀត​អ្នក​ជិះ​ពីក្រោយ​ ឈ្មោះ​ នួន​ សា​រ៉ាត់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​សង្កាត់​ជាមួយ​គ្នា​រង​របួស​បាក់ជើង​ឆ្វេង​ទាំង​ពីរ​នាក់​ជា​សិស្សសាលា​វិទ្យាល័យ​ ពងទឹក​ ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AS-9144​ រីឯ​ភាគី​ម្ខាង​ទៀត​ជា​កម្មករ​រោង​ ចក្រ​កាត់ដេរ​ មាន​ទី​១-​ឈ្មោះ​ នៅ​ ប៊ុ​ន​លី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជា​អ្នកបើកបរ​ ម៉ូតូ​ រង​របួសធ្ងន់​ ទី​២​ឈ្មោះ​ ចាប​ វ៉ា​ន្នី​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ រង​របួសធ្ងន់​ និង​ទី​៣-​ឈ្មោះ​ ចាប​ ច​ន្ទ្រា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​រង​របួសស្រាល​ អ្នក​ទាំង​បី​ ស្នាក់​នៅ​ក្នុងភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​មាន​ ស្រុក​ បាន​កំណើត​នៅ​ភូមិ​ស្លា​ ឃុំ​ស្រង់​ ស្រុក​ គងពិសី​ ខេត្ដកំពង់ស្ពឺ​ ជិះ​ម៉ូតូ​ ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០១៣​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​1BW-7163​ ។​

​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ពួក​គាត់​បានឃើញ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ជិះ​គ្នា​ពីរ​នាក់​ជា​សិស្ស​វិទ្យាល័យ​ពង​បាន​បើក​ ឆ្វែល​ទៅ​ឆ្វែល​មក​ប្រហែលជា​បី​ទៅ​បួន​ជុំ​នៅ​លើ​ដងផ្លូវ​ខាងលើ​ដោយ​មិន​គិត​ ចូល​រៀនសូត្រ​នោះ​ទេ​ ខណៈ​ជិះ​ឆ្វែល​ជុំ​ ចុង​ក្រោយ​មិន​ប្រយ័ត្ន​ក៏​បុក​ជាមួយ​ម៉ូតូ​ហុងដា​សេ​១២៥​ជិះ​គ្នា​បី​នាក់​ពេញទំហឹង​បណ្ដាល​ឱ្យ​ដួល​ទាំង​សងខាង​បោក​ទៅ​លើ​ថ្នល់​រង​របួសធ្ងន់​៤​នាក់​និង​ម្នាក់​ទៀត​របួសស្រាល​ ។​ ​សាក្សី​ប្រាប់​បន្ដ​ថា​ បន្ទាប់​ពី​កើត​ ហេតុ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ជួយ​ធ្វើ​អន្ដរាគមន៍​ និង​បាន​ហៅ​រថយន្ដ​សង្គ្រោះ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​ ។​ ចំណែកឯ​ម៉ូតូទាំង​ពីរ​គ្រឿង​ត្រូវ​បាន​នគរបាល​ចរាចរ​ខណ្ឌដង្កោ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អ​ធិ​ការដ្ឋាន​ខណ្ឌ​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​ ទៅ​តាម​ផ្លូវច្បាប់​៕

07-1

 

Leave a Reply

(*) Required, Your email will not be published