កែវ នីសា នៅមាន​ឱកាស​

, , Leave a comment

​អ្នកនាង​កែវ នីសា នៅតែ​អាច​គ្រប់គ្រង​តំណែង​ជា​ពិធីការនី​ប្រចាំ​ទូរទស្សន៍ My TV ដដែល បន្ទាប់ពី​នាង​បាន​ស្ងប់ស្ងាត់​មួយរយៈ​នៅក្នុង​កម្មវិធី “​រង្វាន់​ទេវតា​” ដោយសារ​នាង​បាន​ចេញទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក​រយៈពេល​៣​ខែ​កន្លងមក​។​ ​នៅមុននេះ​មានការ​លើកឡើងថា អ្នកនាង​កែវ នីសា អាច​នឹង​បញ្ឈប់​ពី​ការងារ​នៅ​ស្ថានីយទូរទស្សន៍ My TV ព្រោះ​នាង​បាន​ត្រឡប់​មកពី​អាមេរិក​យូរហើយ ប៉ុន្ដែ​នៅតែ​មិនទាន់​ឃើញ​វត្តមាន​នៅក្នុង​កម្មវិធី​ទៀត​។​

​ប៉ុន្ដែ តា​ប៊ុ​យ ផលិតករ​វ័យក្មេង​ប្រចាំ​ទី​ស្ថានីយទូរទស្សន៍ My TV បាន​បញ្ជាក់ថា អ្នកនាង​នៅតែ​មានឱកាស​ជានិច្ច​។​ ​នៅ​រសៀល​ម្សិលមិញ តា​ប៊ុ​យ ប្រាប់ថា​៖ “ មុន​ចេញទៅ​អាមេរិក នីសា បាន​សុំច្បាប់​ត្រឹមត្រូវ​ដូច្នេះ​មិនមាន​បញ្ហា​សម្រាប់​គាត់​ឡើយ ស្ថានីយ​នៅតែ​ផ្ដល់ឱកាស​ការងារ​ដដែល ហើយ​គាត់​នឹង​មកវិញ​”​។​

​ពីមួយ​សប្ដាហ៍​ទៅមួយ​សប្ដាហ៍ នៅតែ​គ្មាន​វត្តមាន​របស់ កែវ នីសា លើ​កញ្ចក់​ទូរទស្សន៍ My TV ដដែល ស្រប​ពេលដែល​មនុស្សម្នា​ជាច្រើន​បានដឹងថា អ្នកនាង​វិល​ពី​អាមេរិក​វិញ​២​សប្ដាហ៍​ទៅហើយនោះ​។ ត្រង់ចំណុច​នេះ តា​ប៊ុ​យ បន្ថែម​៖” គ្មាន​ហេតុផល​ណាមួយ ដែល​ត្រូវ​បញ្ឈប់ នីសា នោះឡើយ​គាត់​ជា​តួអង្គ​សំខាន់ ព្រោះ​កម្មវិធី​ត្រូវមាន​ពិធីករ​បីនាក់​ដូច្នេះ​”​។ ម្យ៉ាងទៀត កម្មវិធី​នេះ​បែប​លេងល្បែង​កម្សាន្ត​បង្កើត​ភាពសប្បាយ​រីករាយ​ដល់​អ្នកទស្សនា​។​

 
​ពាក់ព័ន្ធ​ទៅនឹង​ភាពស្ងប់ស្ងាត់​នេះដែរ ម្ចាស់​ពាន​កម្មវិធី​“​អាណាចក្រ​តារា​“​រូបនេះ​បន្តថា​៖” គាត់​ទើប​ចុះ​ពី​យន្តហោះ យើង​ទុក​ឲ្យ​គាត់​សម្រាក​បន្តិច​សិន បន្ទាប់មក​យើង​នឹង​ដំណើរការ​ជាធម្មតា​ជាមួយ​គាត់​វិញ​”​។ ម្យ៉ាងទៀត តា​ប៊ុ​យ ប្រាប់​បន្តថា “​រង្វាន់​ទេវតា​” ជា​កម្មវិធី​ថត​ទុក​ដូច្នេះ​ការជួប​ជុំគ្នា​ថត​ម្ដង​អាច​ចាក់​ផ្សាយបាន​ពីរ ឬ​បី​សប្ដាហ៍​ឯណោះ​។ នេះ​ជា​ប្រការ​នាំ​ឲ្យ​តារា​ស្រី​ខាងលើ​មិនទាន់បាន​បញ្ចេញ​មុខមាត់​ជាថ្មី​នៅឡើយ​។​

 
​អ្នកនាង កែវ នីសា បាន​ចេញទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក​ចំនួន​បី​ខែ​កាលពីដើម​ខែមេសា​កន្លង​ទៅ ដោយ​រួម​ដំណើរ​ជាមួយ​តារា​កំប្លែង​ស្រី​សម្បូរ​វោហារ​អ្នកនាង សុខ ចាន់​ធីតា ហៅ​កា​តុ ដែលជា​ការឆ្លើយ​តាម​ការអញ្ជើញ​របស់​អ្នករៀបចំ​កម្មវិធី​នៅ​ទីនោះ​។ ទោះយ៉ាងណា អ្នក​ទាំង​ពីរបាន​ត្រឡប់មកវិញ​កាលពី​សប្ដាហ៍​កន្លងទៅនេះ​ជាមួយ​ភាពជោគជ័យ​គួរកត់សម្គាល់​៕

Keav-nisa1 Keav-nisa-12​ប្រភព សប្បាយ​

 

Leave a Reply

(*) Required, Your email will not be published