ហ៊ីយ៉ាន់ដាយ​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា​ដាច់​ហ្វ្រាំង រេ​ចង្កូត​ទៅបុក​រង្វង់​ក្បាលស្ពាន​

, , Leave a comment

​ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​នៅ​ចំណុច​រង្វង់​មូល​​ស្ពាន​គី​ហ្សូ​ណា កាលពី​វេលា​ម៉ោង​១០ និង​១៥​នា​ទី ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៣ ដោយសារ​តែមាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ មួយគ្រឿង​ដែល​បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា បាន​ដាច់​ហ្វ្រាំង បណ្តាល​ឲ្យ​តៃ​កុង​បង្ខំ​ចិត្ត​កាច់​ចង្កូតគេច​ពី​ម៉ូតូ​មួយ​គ្រឿង​​ដែលជិះ​២នាក់​ប្តី​ប្រ​ពន្ធ ជ្រុល​​​ទៅបុក​រង្វង់​មូល​ក្បាលស្ពាន​ខ្ទេច​ក្បាល​រថយន្ត និង​បាក់បែក​ខឿន​ស្ពាន ប៉ុន្តែ​សំណាង​ល្អ​ ក្នុង​ហេតុ​ការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​នោះ​ទេ​​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ជា​អ្នកបើកបរ​រថយន្ត​ខាងលើនេះ​ឈ្មោះ ​ពឿ​ន រេ​ត អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​​ស្គន់ ឃុំ​សូ​ទិន ស្រុក​ជើងព្រៃ របួស​បែក​មេជើង​ខាងឆ្វេង​។ ចំណែក​ប្ដី​ប្រ​ពន្ធ​​ទាំ​ង​២​នាក់​មិនមាន​របួស​នោះទេ ព្រោះ​រថយន្ត​រេ​ចង្កូត​​គេច​ហួស គ្រាន់តែ​ពេល​រថយន្តបុក​ខឿន​រង្វង់​មូល​​ផ្អៀង​រ​ក​ក្រឡាប់ ក៏​ជះ​ខ្សាច់​ដាក់​ពីលើ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។​ 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ខាងលើ​បានធ្វើ​ដំណើរ​បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈនោះ​ស្រាប់តែ​រថយន្ត​បាន​ដាច់​ហ្វ្រាំង ធ្វើ​ឲ្យ​រថយន្ត​បាន​ទម្លាក់ខ្លួន​ចុះ​ពីលើ​ស្ពាន​ក្នុង​ល្បឿន​យ៉ាង​លឿង​។ ពេលនោះ​រថយន្ត​ក៏បាន​វ៉ា​ក់​នឹង​ម៉ូតូ​១​គ្រឿង បណ្តាល​ឲ្យ​តៃកុង​រថយន្ត​បង្ខំចិត្ត​កាច់ចង្កូត​គេច​ទៅបុក​ខឿន​រង្វង់​មូល​ដើម្បី​បញ្ឈប់រថយន្ត​កុំ​ឲ្យ​បន្តដំណើរ​ទៅមុខទៀត​។​

 

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​អន្តរាគមន៍ ដោយបាន​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

04-July 04-July (1)

 

Leave a Reply

(*) Required, Your email will not be published