មានរឿង​អាថ៌កំបាំង​ដែល​លោក លី វ៉ាន់​ហុង អាច​បន្ត​អាជីព​រកស៊ី​ចង​មុង​បោះពុម្ព​ សន្លឹកឆ្នោត យ៉ាង​សុខ​ស្រួល​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ រៀងរាល់ ​ដំណើរការ​បោះឆ្នោត នៅប្រទេស ​កម្ពុជា ​គេ​សង្កេតឃើញ​ក្រុមហ៊ុន លី វ៉ាន់​ហុង ទទួលបាន​សិទ្ធិ​ ម៉ៅការ​ផ្តាច់មុខ ក្នុងការ​បោះពុម្ព​ខិត្តប័ណ្ណ និង​សន្លឹកឆ្នោត ដោយ​គ្មាន​ការដេញថ្លៃ ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ធ្វើ​ឲ្យ​អង្គការ​ សង្គម​ស៊ីវិល​មួយចំនួន​បាន​រិះគន់ ចំពោះ​ការចំណាយ​ថវិកា​ខ្ជះខ្ជាយ របស់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ដោយ​គ្រាន់តែ​ការឃុបឃិត​ឲ្យ​ក្រុមហ៊ុន លី វ៉ាន់​ហុង រកស៊ី​ចង​មុង​ម៉ៅការ​លើ​សេវា​បោះពុម្ព​ដែល​គ្មាន​តម្លាភាព គ្មាន​ការដេញថ្លៃ​ជា​សាធារណៈ​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ គួរ​ឲ្យ​កត់សម្គាល់​ដែល​យ៉ាងហោចណាស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ចាត់វិធានការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ ការរកស៊ី​របស់​ក្រុមហ៊ុន លី វ៉ាន់​ហុង ឡើងវិញ​ផង​។

ក្រុមហ៊ុន លី វ៉ាន់​ហុង ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៩ ផ្លូវ​លេខ​៣៤៥ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក៏​កំពុងដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត ជាង​១២​លាន​សន្លឹក ដើម្បី​បម្រើ​ឲ្យ​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នេះ​ផងដែរ ហើយ​ក្រៅពី​តួនាទី​ជា​ប្រធាន​ក្រុមហ៊ុន បោះពុម្ព​រកស៊ី​ចង​មុង​ជាមួយ គ​.​ជ​.​ប គេ​សង្កេតឃើញ​លោក លី វ៉ាន់​ហុង បាន​រត់​ការយក​តំណែង​ជាទី​ប្រឹក្សា​នៃ​ស្ថាប័នរដ្ឋ ដើម្បី​ធ្វើជា​ខែល​ផងដែរ​។ បើតាម​មន្ត្រី​មួយចំនួន​ដែល​ធ្លាប់​ស្គាល់​លោក លី វ៉ាន់​ហុង បាន​បង្ហើប​ឲ្យ​ដឹងថា សម្រាប់​សម្ភារៈ ច្រើន​ប្រភេទ​ដែល​បម្រើការ​ក្នុង​រោង​ពុម្ព របស់លោក លី វ៉ាន់​ហុង  ក្នុងពេល​កន្លងមក​មិនចាំបាច់​ទៅ​ទិញ​ឯណា​ឆ្ងាយ​ទេ គឺ​គាត់​បាន​ត្រូវរ៉ូវ​ជាមួយ​ប្រធាន​រោង​ពុម្ព​នៅតាម​ស្ថាប័នរដ្ឋ​មួយចំនួន យកទៅ​ប្រើប្រាស់​យ៉ាង​ងាយស្រួល​បំផុត ព្រោះ​លោក លី វ៉ាន់​ហុង ចេះ​ចែករំលែក​ផលប្រយោជន៍​ដែល​បានមក ពី​អាជីព​រកស៊ី​ចង​មុង​ឲ្យ​ទៅ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​បាន​សុខ​ទាំងអស់គ្នា​។​

 

​មន្ត្រី​មួយចំនួនទៀត​បាន​បង្ហើ​ប​ឲ្យ​ដឹងថា ដើម្បី​កុំ​ឲ្យ​មាន​រឿងរ៉ាវ​ស្មុគស្មាញ​នៅ​ថ្ងៃក្រោយ និង​ដើម្បី​ទទួលបាន​សិទ្ធិ​រកស៊ី​ចង​មុង​ម៉ៅការ​លើ​សេវា​បោះពុម្ព​ជាមួយ គ​.​ជ​.​ប ឲ្យ​កាន់តែ​យូរអង្វែង លោក លី វ៉ាន់​ហុង បាន​ចំណាយលុយ​មួយចំនួន ចុះជួយ​ពង្រឹង​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ខេត្តកំពង់ចាម ដូចជា​អំឡុង​យុទ្ធនា​ការឃោសនា​កាលពី​ពេល​ថ្មីៗ​នេះ​លោក លី វ៉ាន់​ហុង បានចេញ​មុខ​ចេញ​មាត់​ជា​ចំហ ទៅ​ចូលរួម​ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ក្នុង​ខេត្តកំពង់ចាម មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ឡើយ​។ បច្ចុប្បន្ននេះ​ក្រុមហ៊ុន​ដែល​រកស៊ី​ត្រឹមត្រូវ មិនសូវ​ទទួលបាន​ផលចំណេញ​នោះទេ ព្រោះតែ​ការចំណាយ​ផ្សេងៗ លើ​ការទិញ​សម្ភារៈ​បម្រើ​ឲ្យ​ការបោះពុម្ព​ដែល​ថ្លៃ​កប់​ពពក ហើយ​មាន​ការបង់​សេវា​ក្រោម​តុ លើ​តុ ឃើញថា មានការ​លំបាក​យ៉ាងខ្លាំង ប៉ុន្តែ​សម្រាប់​លោក លី វ៉ាន់​ហុង វិញ​បែរជា​ទទួលបាន​ផលចំណេញ​កប់​ក្តោង ដោយសារតែ​អាជីព​ចង​មុង ជាមួយ គ​.​ជ​.​ប​។​

 

​កន្លងមក មាន​មន្ត្រី​តូចតាច​ជាច្រើន​បាន​លាតត្រដាង រឿងរ៉ាវ​មិន​ប្រក្រតី ដែល​លោក លី វ៉ាន់​ហុង មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​មន្ត្រី គ​.​ជ​.​ប មួយចំនួន ដូចជា​លោក លី វ៉ាន់​ហុង ធ្លាប់បាន​ធ្វើជា​អ្នក​ឧបត្ថម្ភ​អញ្ជើញ​មន្ត្រី គ​.​ជ​.​ប ទៅ​ជប់លៀង ទៅ​កម្សាន្ត​សប្បាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​ទំហំ​នៃ​ការចំណាយ​ជប់លៀង​លើកទឹកចិត្ត​ដល់​មន្ត្រី គ​.​ជ​.​ប មាន​ទំហំ​ច្រើនសន្ធឹក​សន្ធាប់​។ ករណីនេះ​គេ​សង្ស័យថា ផលប្រយោជន៍​ដែល​លោក លី វ៉ាន់​ហុង ប្រមូលបាន​ពី​អាជីព​ចង​មុង​ជាមួយ គ​.​ជ​.​ប ក៏មាន​ចំនួន​ច្រើនសន្ធឹក​សន្ធាប់​ទៅតាម​នោះ​ផងដែរ ព្រោះ​រាល់​ការបោះពុម្ព​ខិត្តប័ណ្ណ​ក៏ដូចជា​សន្លឹកឆ្នោត​មិនមាន​ការដេញថ្លៃ និង​គ្មាន​តម្លាភាព​នោះទេ ហើយ​ក្រុមហ៊ុន​រកស៊ី​បោះពុម្ព​ជាច្រើន​ទៀត ចង់​ប្រកួតប្រជែង​ជាមួយ​លោក លី វ៉ាន់​ហុង ផងដែរ ប៉ុន្តែ​ពួកគេ​មិនដែល​មានឱកាស​ជួយ​សន្សំសំចៃ​ថវិកាជាតិ​នោះទេ ៕

5364-736661

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published