រាជធានីភ្នំពេញ ៖ ឃាតកម្នាក់ដែលរៀបចំ គម្រោងសម្លាប់មិត្ដភក្ដិរបស់ខ្លួនដើម្បី ប្លន់យកម៉ូតូនៅខេត្ដព្រះសីហនុ កាលពី ឆ្នាំ២០១១ ត្រូវបានសាលាឧទ្ធរណ៍បន្ដឱ្យ ឃុំខ្លួនតាមសាលក្រមសាលាដំបូងខេត្ដព្រះសីហនុទុកជាបានការដដែល ពោលគឺ ជនជាប់ចោទត្រូវជាប់ពន្ធនាគារអស់ មួយជីវិតពីបទឃាតកម្មគិតទុកជាមុន ។
ជនជាប់ចោទឈ្មោះ ចំរើន សុភី ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានសាលា ដំបូងខេត្ដព្រះសីហនុផ្ដន្ទាទោសកាលពី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ដាក់ពន្ធ នាគារអស់មួយជីវិត និងសងដើមបណ្ដឹង ៣០លានរៀល ។ ហេតុការណ៍ឃាតកម្ម នេះកើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១១ នៅភូមិលេខ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ។ ប៉ុន្ដែការសម្រេច នេះត្រូវបានជនជាប់ចោទប្ដឹងឧទ្ធរណ៍ ។
រយៈពេលជិត២ឆ្នាំ ពោលគឺថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣ សាលាឧទ្ធរណ៍ បានលើកយកសំណុំរឿងនេះមកបើក សវនាការជំនុំជម្រះនិងប្រកាសសាល ដីកាដោយមានលោកចាយ ច័ន្ទតារាវណ្ណ ជាប្រធានក្រុមប្រឹក្សា ។
ក្នុងសវនាការជនជាប់ចោទបាន ទទួលស្គាល់ថា ពិតជាបានសម្លាប់ជនរង គ្រោះឈ្មោះក្រិច សូនី ភេទប្រុស អាយុ ៣៥ឆ្នាំ ជាមិត្ដភក្ដិធ្វើការជាមួយគ្នាក្នុង ក្រុមហ៊ុនសំណង់មួយប្រាកដមែន ។ ប៉ុន្ដែ មូលហេតុនៃការប្ដឹងឧទ្ធរណ៍ ដោយសារ តុលាការថ្នាក់ក្រោមបានផ្ដន្ទាទោសធ្ងន់ ធ្ងរពេកសូមឱ្យតុលាការជួយបន្ធូរបន្ថយ ទោស ។
ទោះបីជនជាប់ចោទបានសារភាព ក៏ដោយ ចៅក្រមចាយ ច័ន្ទតារាវណ្ណ យល់ឃើញថា មិនអាចពិចារណាបន្ធូរ បន្ថយទោសឱ្យជនជាប់ចោទបានទេ ដោយសារអំពើនេះមានសភាពឃោរ ឃៅពេក កាប់ជនរងគ្រោះជាច្រើន កាំបិតប៉័ងតោរហូតដល់ស្លាប់ ។ ដូច្នេះ សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រម សាលាដំបូងខេត្ដព្រះសីហនុទុកជាបាន ការដដែល ។ ប៉ុន្ដែជនជាប់ចោទមិនសុខ ចិត្ដអាចប្ដឹងសាទុក្ខក្នុងរយៈពេល១ខែ ៕