ខាត់ សុឃីម ទម្លាយ​រឿង​ចង់​សម្លាប់​ខ្លួន​

, , Leave a comment

អ្នក​នាង​ខាត់​ សុឃីម បាន​បង្ហើប​ពី​អាថ៌កំបាំង​ដែល​នាង​បាន​លាក់​ទុក​ជា​យូរ​មក​ហើយ​ថា កាល​ពី​មុន​នាង​ចង់​សម្លាប់​ខ្លួន ព្រោះ​តែ​មាន​ព័ត៌មាន​ចុះ​ផ្សាយ​រឿង​អាស្រូវ​របស់​នាង​ ប៉ុន្តែ​ដោយ​សារ​តែ​ក្រុម​គ្រួសារ​បងប្អូន​​ និង​កូន​ ដែល​ជា​អ្នក​ផ្ដល់​កម្លាំង​ចិត្ត​នោះ នាង​បាន​ប្រឹង​បន្ត​រស់​​ឡើង​វិញ​។ ការណ៍​ដែល​នាង​ចង់​សម្លាប់​ខ្លួន​នៅ​ពេល​នោះ​ ព្រោះ​តែ​បណ្ដាញ​សារព័ត៌មាន​បាន​សរសេរ​រិះគន់​យ៉ាង​ចាស់​ដៃ ពាក់ព័ន្ធ​នឹង​នាង​មាន​កូន​អត់​ប្ដី​។  “ដើម​ឡើយ​ខ្ញុំ​ចង់​រត់​ចេញ​ទៅ​នៅ​ឲ្យ​ឆ្ងាយ អត់​ចង់​ជួប​អ្នក​ដែល​ស្គាល់​ខ្ញុំ​ឡើយ មាន​ពេល​ខ្លះ​ខ្ញុំ​ប្រុង​សម្លាប់​ខ្លួន​ក៏​មាន​ដែរ ព្រោះ​យើង​ខ្មាស​គេ​ខ្លាំង​ណាស់” ។ ប៉ុន្តែ​ក្ដី​សង្ឃឹម​របស់​នាង​បាន​ផុស​ឡើង​មក​វិញ​តាមរយៈ​ការ​លើក​ទឹក​ចិត្ត​ពី​បងប្អូន និង​ការ​រស់​នៅ​ដើម្បី​​កូន​របស់​នាង​។

 

អ្នកនាង​ខាត់ សុឃីម​បន្ត​ថា  ដោយ​ក្រុម​គ្រួសារ​អត់ឱន​ពី​កំហុស​របស់​នាង  ជា​ពិសេស អាណិត​​កូន​ដែល​ទើប​និង​កើត​នោះ  បាន​ធ្វើ​ឲ្យ​នាង​ប្រឹង​ងើប​ឡើយ​វិញ ប្រឈម​នឹង​បញ្ហា​​គ្រប់​យ៉ាង​នៅ​ចំពោះ​មុខ។ ” កូន​ធ្វើ​ឲ្យ​ខ្ញុំ​ប្រឹង​ងើប​ឡើង​វិញ ឪពុក​ម្ដាយ​​ និង​បង​ប្អូន​ពួក​គាត់​លើក​ទឹក​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់”។ ថ្វី​បើ​នាង​ធ្លាប់​បរាជ័យ​នៅ​ក្នុង​ជីវិត​ក្ដី ប៉ុន្តែ​នាង​នៅ​តែ​ប្រឹង​ប្រែង​កែប្រែ​ស្ថាន​ការណ៍​​ទាំង​នោះ ហើយ​នៅ​ទីបំផុត​នាង​បាន​ជោគជ័យ​ទាំង​អាជីព​សិល្បៈ​ មុខរបរ និង​មាន​ស្វាមី​ដែល​ពោរពេញ​ដោយ​សុភមង្គល ដែល​ជា​ប្រទីប​ពន្លឺ​នៅ​ក្នុង​គ្រួសារ​មួយ​នេះ។

 

បច្ចុប្បន្ន​ក្រៅ​ពី​អាជីព​ជា​តារា​ចម្រៀង ​និង​កំ​ប្លែង​អ្នក​នាង​ខាត់ សុឃីម​​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​មុខ​របរ​ជា​ច្រើន ក្នុង​​នោះ​មាន​ដូច​​ជា​ហាង​អ៊ុតសក់ សំអាង​ការ ហាង​ថត​រូប ផ្ទះ​ជួល និង​មុខរបរ​មួយ​ចំនួន​ទៀត។ ក្ដី​សង្ឃឹម​មួយ​ទៀត​របស់​អ្នក​នាង​ខាត់ សុឃីម​នោះ គឺ​ផលិត​កម្ម​រស្មី​ហង្ស​មាស ដែល​ផលិត​កម្ម​នេះ​ បាន​ធ្វើ​ឲ្យ​នាង​ថ្កុំថ្កើង​រហូត​មក​ទល់នឹង​ពេល​សព្វថ្ងៃ។  “ខ្ញុំ​មិន​ភ្លេច​គុណ​ផលិតកម្ម​រស្មី​ហង្ស​មាស​ទេ គាត់​នៅ​តែ​ហៅ​ខ្ញុំ​ច្រៀង ទោះ​ខ្ញុំ​ធ្លាក់​ខ្លួន​យ៉ាងណា​ក្ដី បើ​មិន​មាន​គាត់​ខ្ញុំ​ក៏​ពិបាក​ដែរ”។

និយាយ​ពី​មុខ​​ជំនួញ​វិញ តារា​ស្រី​សំដី​ចាក់​ទឹក​មិន​លេច​រូប​​នេះ​​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​នាង​ប្រឹង​​ងើប​ពី​ភាព​​អាម៉ាស់​​នោះ ការ​រក​ស៊ី​របស់​នាង​ក៏​ចាប់​ផ្ដើម​ទៅ​តាម​នោះ​ដែរ។

អ្នក​នាង​បាន​លើក​ឡើង​ថា ដើម​​​ឡើយ​បាន​សាក​ល្បង​បើក​ហាង​កាត់​ខោអាវ ប៉ុន្តែ​បើក​បាន​មួយ​រយៈ ដោយ​​មមាញឹក​ការងារ​សិល្បៈ​ខ្លាំង​ពេក ហើយ​ម្យ៉ាង​បងប្អូន​មិន​មាន​ជំនាញ​​ខាង​កាត់ដេរ​​ជួយ​មើល​ថែ អ្នក​នាង​ក៏​សម្រេច​បិត ដោយ​បង្វែរ​មក​បើក​សម្អាងការ​វិញ​។

 

អ្នក​ខាត់ សុខ ឃីម​ ប្រាប់​ថា សំអាង​ការ គឺ​មុខរបរ​ធំ​ជាង​គេ​នៅ​ក្នុង​គ្រួសារ​របស់​នាង ការ​រកស៊ី​របស់​នាង​កាន់​តែ​កាក់កប​ទៅ​ៗ បន្ទាប់​មក​នាង​បាន​ឈាន​មក​បើក​​ហាង​អ៊ុត​សក់​ និង​​ហាង​ថត​រូប​បន្ថែម​ទៀត ហើយ​នៅ​ពេល​ថ្មីៗ​នេះ នាង​ទើប​តែ​បើក​ផ្ទះ​ជួល​សម្រាប់​កម្មករ បន្ថែម​ទៀត​ផង ។ សេវាកម្ម​ល្អ​ដល់​អតិថិជន​ គឺ​ជា​ចំណុច​សំខាន់​នៅ​ក្នុង​របរ​រក​ស៊ី​។   “នៅ​កន្លែង​ខ្ញុំ​ មាន​ទាំង​អាចារ្យ ភ្លេង​ការ រោង ចុងភៅ សំអាង ថត​រូប យើង​មាន​ម៉ា​កំផ្លេ  អតិថិជន​គេ​មិន​ចង់​ពិបាក​ទៅ​ជួល​ច្រើន​កន្លែង​នោះ​ឡើយ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាង​ខាត់​ សុឃីម។​
ដោយ​មិន​អស់​សង្ឃឹម​នៅ​ក្នុង​ជីវិត​ អ្នក​នាង​ខាត់​ សុឃីម បាន​ប្រឹងប្រែង​ដណ្ដើម​យក​ប្រជាប្រិយ ភាព​​ពី​ទស្សនិកជន​វិញ។  “​ខ្ញុំ​គិត​ថា ទស្សនិកជន​មិន​ចាំ​បាច់​យក​លុយ​ទៅ​ទិញ​ទឹក​ចិត្ត​គាត់​នោះ​ទេ សំខាន់​ការ​រាក់ទាក់ កុំ​ឆ្មើងឆ្មៃ កុំ​វ៉ៃ ឫក នោះ​ហើយ​ជា​ចំណុច​ដែល​អ្នក​សិល្បៈ​ទូទៅ​ត្រូវ​តែ​មាន ហើយ​បទ​ចម្រៀង​ណា​ដែល​​យើង​គិត​ថា ច្រៀង​មិន​ពីរោះ យើង​ត្រូវ​តែ​ខិតខំ​ច្រៀង​ឲ្យ​​​ច្រើន​លើក​ច្រើន​សារ រហូត​​ទាល់​តែ​ពីរោះ កុំ​បោះ​បង់​ចោល​កណ្ដាល​ទី”។
ងាក​មក​រឿង​ស្នេហា​វិញ​ទោះ​ជា​​មាន​កូន​​ដោយ​មិន​មាន​ប្ដី​ហើយ​ក្ដី ក៏​ជីវិត​​ស្នេហា​របស់​នាង​មិន​បញ្ចប់​ត្រឹម​នេះ​នោះ​ឡើយ។ ខាត់ សុឃីម​ត្រូវ​បាន​កំលោះ​សង្ហា អ៊ិន សុបញ្ញា​ ហៅ​ផាណូ ដែល​មាន​វ័យ​តិច​ជាង​ច្រើន​ឆ្នាំ​​នោះ ចាប់​អារម្មណ៍ ហើយ​ក៏​ឈាន​ដល់​មាន​ទំនាក់​ទំនង​ស្នេហា។ នៅ​ថ្ងៃ​ទី១២ ខែ១២ ឆ្នាំ​២០១២ តារា​ស្រី​ដែល​ធ្លាប់​ជួប​រឿង​អភព្វ​ស្នេហ៍​កូន​១​រូប​នេះ​បាន​គ្រង​សំលៀក​បំពាក់​កូន​ក្រមុំ​យ៉ាង​ស្រស់​ស្អាត ឈាន​ជើង​ចូល​រោង​ជ័យ ក្រោម​វត្តមាន ឪពុក​ម្ដាយ សង​ខាង និង​អ្នក​សិល្បៈ​ចូល​រួម​យ៉ាង​ច្រើន​កុះករ។ អាពាហ៍ពិពាហ៍​​នេះ​បាន​ធ្វើ​ឲ្យ​ជម្រះ​មន្ទិលសង្ស័យ​គ្រប់​បែប​យ៉ាង រវាង​​ទំនាក់​ទំនង​​ស្នេហា​របស់​នាង ​និង​លោក ចារិទ្ធី​ទាំង​ស្រុង។

បច្ចុប្បន្ន​គូស្នេហ៍​​រវាង​អ្នក​មេម៉ាយ​​​កូន១​ មាន​ដើម​កំណើត​នៅ​ជិត​ភ្នំ​បាសិត បាន​រស់​នៅ​យ៉ាង​មាន​សុភមង្គល​ជា​មួយ​កំលោះ​ស្វាយ​រៀង។ ការ​ចង​ចាំ​មួយ​ដែល​អ្នក​នាង​ខាត់​សុឃីម​មិន​អាច​បំភ្លេច​បាន​នោះ​គឺ នៅ​ពេល​ជួប​ការ​បរាជ័យ​ខ្លាំង​បំផុត​ កូន​គឺ​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​៕​

sokhim (1) sokhim

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published