បទ “ប្រពន្ធ​កំពូល​ជក់” របស់​នាយ ពែកមី ចេញ​នៅ​ Town

, , Leave a comment

“ប្រពន្ធ​កំពូល​ជក់” ជា​ចម្រៀង​គ្មាន​ភ្លេង​មួយ​បទ  ច្រៀង​ដោយ​តារា​កំប្លែង​នាយ ពែកមី ដែល​យក​លំនាំ​តាម​បទ”ឱ! ផ្សែង​បារី” របស់​លោក ស៊ិន ស៊ីសាមុត ។ នៅ​​លើ​បណ្ដាញ​សង្គមមាន​ការ​ចាប់​អារម្មណ៍​ថា បទ​នេះ​​អាច​នឹង​ចេញ​នៅ​ក្នុង​វ៉ុល​៤០ របស់​ផលិតកម្ម​ Town ទៀត​ផង។

 

ទោះ​បី​ជា​យ៉ាង​ណា ពាក់ព័ន្ធ​ចំណុច​ដែល​បាន​លើក​ឡើង​ខាង​លើ ម្ចាស់​បទ​នាយ ពែកមី ប្រាប់​ថា ចម្រៀង​បទ​នេះ លោក​សរសេរ​ឡើង​ទុក​គ្រាន់​ច្រៀង​លេង​នៅ​ក្នុង​កម្មវិធី​កំប្លែង​របស់ ​CTN ប៉ុណ្ណោះ។ ជាមួយ​គ្នា​នោះ​ក៏​មាន​បទ​ចម្រៀង​ជា​ច្រើន​បទ​មក​ហើយ ដែល​លោក​បាន​សរសេរ​ឡើង និង​ច្រៀង​នៅ​ក្នុង​កម្មវិធី​កំប្លែង​នៃ​ស្ថានីយ​ខាង​លើ នាំ​ឲ្យ​មាន​ការ​គាំទ្រ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។

 

“ ទំនេរ​អីចឹង​ទៅ សរសេរ​លេង​ទុក​ច្រៀង​នៅ​ក្នុង​កម្មវិធី​កំប្លែង​របស់CTN មិន​ដែល​គិត​ចង់​ចេញ​លក់​ឬ​ថត​នៅ​ក្នុង​ផលិតកម្ម​Town អី​នោះ​ទេ”។ នេះ​ជា​ការ​បញ្ជាក់​របស់​សាមី​ខ្លួន​នាយ ពែកមី ដែល​បាន​ប្រាប់​Sabay កន្លង​មក។ លោក​ទទួល​ស្គាល់​ថា បទ​នេះ​​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ច្រើន​ផង​ដែរ។

 

ទោះ​យ៉ាង​ណា នាយ ពែកមី នៅ​តែ​អះអាង​ថា គ្មាន​បទ “ប្រពន្ធ​កំពូល​ជក់” នៅ​ក្នុង​វ៉ុល​៤០​នៃ​ផលិតកម្ម​Town នោះ​ទេ ហើយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ចំពោះ​ការ​ច្រៀង​នៅ​លើ​កម្មវិធី​កំប្លែង​របស់​CTN និង​ត្រូវ​បាន​គេ​ថត​និង​បង្ហោះ​លើ​បណ្ដាញ​សង្គម You​tube ​ដូច្នេះ។ លោក​បាន​បន្ថែម​ថា ” នៅ​ក្នុង​វ៉ុល​នោះ តាម​ខ្ញុំ​ចាំ​មាន​ប្រាំ​បទ​ច្រៀង​ម្នាក់​ឯង និង​មួយ​បទ​ទៀត​ច្រៀង​ជាមួយ សុគន្ធ នីសា ហើយ​អត់​មាន​បទ​ហ្នឹង​ទេ”។

 

មាស សុខរតនៈ អ្នក​ចាត់​ការ​ទូទៅ​នៅ​ក្នុង​ផលិតកម្ម Town បាន​និយាយ​ថា គ្មាន​ការ​ថត​បទ​ចម្រៀង​ខាង​លើ​នៅ​ក្នុង​ផលិតកម្ម​ទេ​សម្រាប់​វ៉ុល​៤០ ដែល​ត្រៀម​ចេញ​លក់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ លោក​ថា” ប្រសិន​បើ​មាន​រឿង​ដូច្នេះ​មែន ប្រហែល​ជា​ក្រុម​អ្នក​ផលិត​ចម្រៀង​ជួន​ដំណឹង​មក​ខ្ញុំ​ហើយ​មិន​អាច​រំលង​ទេ”។

 

ទោះ​យ៉ាង​ណា លោក​មិន​ទាន់​ប្រាកដ​ថា បទ​ចម្រៀង​ទាំង​អស់​ក្នុង​វ៉ុល​ថ្មី​នេះ​អាច​ដណ្ដើម​បាន​ទីផ្សារ ដូច​បទ ” ឲ្យ​ប្រពន្ធ​ស៊ី​សៀង ឲ្យ​នាង​ស៊ី​ស៊ុប” ដែល​កក្រើក​នា​រដូវ​កាល​ចូល​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ៕

Peak-Mi

 

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published