រថយន្ត​សាំ​យ៉ុ​ង​បើក​បុក​ម៉ូតូ​សេ​ ១២៥​ បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​ ២ ​នាក់​រង​របួសធ្ងន់​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​រង​របួសធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខណៈ​ពេល​ដែល​ពួក​គេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ក៏​ត្រូវ​រថយន្ត​សាំ​យ៉ុ​ង​១២​កៅអី​មួយ​គ្រឿង​បើក​បុក​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​២​ ស្ថិត​ក្នុងភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​។​ ជន​រង​គ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ និង​អ្នកបើកបរ​ខាងលើ​នេះ​ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ដោយសារ​ក្រោយ​កើតហេតុ​ភ្លាមៗ​ ពួក​គេ​ត្រូវ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ ចំណែក​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ បន្ទាប់​ពី​កើតហេតុ​ហើយ​ភ្លាមៗ​ ។​



យោង​តាម​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បាន​សង្កេត​ឃើញ​ រថយន្ត​បង្កហេតុ​ម៉ាក​ សាំ​យ៉ុ​ង​១២​កៅអី​មួយ​គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ 2A-1219​ បើកបរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។​ ដោយឡែក​ម៉ូតូ​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BV-2895​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ ខណៈ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្ត​សាំ​យ៉ុ​ង​បាន​បើក​វ៉ា​រថយន្ត​ផ្សេង​មួយ​គ្រឿង​ទៀត​ដែល​នៅ​ខាង​មុខ​ ជា​ហេតុ​ធ្វើ​ឲ្យ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ ជ្រុល​បុក​ម៉ូតូ​សេ​១២៥​ពេញទំហឹង​ បណ្តាល​ប្តី​ប្រពន្ធ​ពីរ​នាក់​រង​របួសធ្ងន់​ ត្រូវ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្បែរ​កន្លែង​កើតហេតុ​ភ្លាមៗ​។​

បន្ទាប់​ពី​កើតហេតុ​ អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ភ្លាមៗ​ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ និង​នគរបាល​ចរាចរ​ចុះ​មក​អន្តរាគមន៍​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​ ​សូម​បញ្ជាក់​ថា​ គ្រោះថ្នាក់​ខាងលើ​នេះ​ គឺ​បង្ក​ឡើង​ដោយសារ​អ្នកបើកបរ​រថយន្ត​បង្ក​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ ហើយ​បើក​វ៉ា​រថយន្ត​នៅ​ខាង​មុខ​ខ្លួន​ មិន​ប្រយ័ត្ន​ក៏​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង​ទៅ​៕

1-400x298 2-400x298

 

Leave a Reply

(*) Required, Your email will not be published