ខេត្តបាត់ដំបង ៖ ច្រើនឆ្នាំមកហើយដែលក្រុមឈ្មួញធំៗ បានប្រកបអាជីពរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ចេញពីខេត្តបាត់ដំបងកាត់តាមផ្លូវជាតិលេខ ៥ តែងតែបានពឹងអាស្រ័យលោក ហ៊ីង វាសនា ជាមន្ត្រីកងរាជអាវុធហត្ថឲ្យជួយរត់ការបង់លុយជូនសមត្ថកិច្ច និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ដើម្បីកុំឲ្យទៅរំខានការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ពួកគេ ហើយសកម្មភាពដែលលោក ហ៊ីង វាសនា បានចេញមុខជួយសម្របសម្រួលរត់ការក្បួនដឹកជញ្ជូនឈើគ្រញូងឲ្យក្រុមឈ្មួញ ហាក់ដូចជាមិនក្រែងញញើតពីច្បាប់ទម្លាប់ ឬការរឹតបន្តឹងរបស់ថ្នាក់លើនោះទេ។
ប្រជាពលរដ្ឋបានលួចបង្ហើបឲ្យដឹងថា នៅខេត្តបាត់ដំបង មានទីតាំងស្តុកឈើគ្រញូង ដែលក្រុមឈ្មួញបានដឹកជញ្ជូនមកពីស្រុកថៃ ចូលតាមច្រករបៀងក្នុងស្រុកសំឡូត និងស្រុកម៉ាឡៃ ដើម្បីស្តុកទុកយ៉ាងមានសុវត្ថិភាព ហើយលោក ហ៊ីង វាសនា បានចេញមុខជួយរត់ការនៅពេលក្រុមឈ្មួញដឹកជញ្ជូនឈើតាមរថយន្តទំនើបៗ និងរថយន្តទួរីស មកកាន់រាជធានីភ្នំពេញ ឬឡើងទៅតាមស្ពានព្រែកក្តាម ដើម្បីចេញទៅវៀតណាម តាមខេត្តកំពង់ចាម ។ លោក ហ៊ីង វាសនា បានក្លាយជាអ្នករត់ការឲ្យក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ដ៏មានឥទ្ធិពលប្រចាំខេត្តបាត់ដំបង ហើយរាល់ការដឹកជញ្ជូនឈើចេញពីខេត្តបាត់ដំបងតាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង លោក ហ៊ីង វាសនា ជួយជ្រោមជ្រែងយ៉ាងរលូនល្អបំផុត មិនដែលមានឧបសគ្គអ្វីកើតឡើងទេ។
នៅតាមផ្លូវជាតិលេខ៥ គេសង្កេតឃើញសមត្ថកិច្ច និងមន្ត្រីជំនាញជាច្រើនឈរជើង តាមរយៈការដាក់ប៉ុស្តិ៍ជជុះយ៉ាងអនាធិបតេយ្យ ប៉ុន្តែសម្រាប់ការដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ ដែលមានលោក ហ៊ីង វាសនា ចេញមុខរត់ការ មិនដែលមានការបង្ក្រាបនោះទេ ព្រោះថាលោក ហ៊ីង វាសនា បានរៀបចំចាត់ចែងបង់លុយឲ្យមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធ សព្វគ្រប់អស់ហើយ មិនដែលមានបញ្ហាអ្វីទេ ចង់ដឹកជញ្ជូនឈើស្ទើរខូងផ្លូវជាតិលេខ៥ ផ្ទុយពីបទបញ្ជាលេខ០១ ក៏គ្មានផលរមាស់អ្វីដែរ។ នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង គេសង្កេតឃើញមានសមត្ថកិច្ចមួយចំនួន ដែលមានជំនាញរត់ការឈើខុសច្បាប់ បានទៅទទួលកញ្ចប់លុយពីលោក ហ៊ីង វាសនា ដើម្បីយកទៅចែកជូនសមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធ ដើម្បីកុំឲ្យទៅរំខានការដឹកជញ្ជូនឈើខុសច្បាប់ ដូច្នេះហើយបានជាគេ សង្កេតឃើញក្បួនរថយន្តដឹកឈើគ្រញូងរបស់ឈ្មួញធំៗមួយចំនួន អាចឆ្លងកាត់ផ្លូវជាតិលេខ៥ យ៉ាងរលូនល្អមិនដែលមានការបង្ក្រាបទេ។
គេចង់ឃើញលោក ប៉ោ វណ្ណៈ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងយកចិត្តទុកដាក់ពិនិត្យមើលសកម្មភាពដែលលោក ហ៊ីង វាសនា រត់ការនាំក្បួនឡានដឹកឈើខុសច្បាប់ចេញពីខេត្តបាត់ដំបង ចូលមករាជធានីភ្នំពេញ ឬឡើងស្ពានព្រែកក្តាមចេញទៅវៀតណាម តាមខេត្តកំពង់ចាម ឡើងវិញផង ព្រោះលោក ហ៊ីង វាសនា មិនខ្វល់ពីការអនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលនោះទេ។ ជាញឹកញាប់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំឲ្យកម្លាំងអាវុធហត្ថទាំងអស់ ដកខ្លួនចេញពីអំពើល្មើសច្បាប់ និងរួមចំណែកបង្ក្រាបបទល្មើស ប៉ុន្តែលោក ហ៊ីង វាសនា បែរជាប្រើស្បែកជាកងរាជអាវុធហត្ថទៅប្រមូលលុយពីការដឹកជញ្ជូនឈើខុសច្បាប់ទៅវិញ ៕