លោក វ៉ា ថន អភិបាលរង​ខេត្តក្រចេះ ចេញ​លិខិត​ឲ្យ​ឈ្មួញ​ដឹកឈើ​ខុសច្បាប់ និង​កាប់​រាន​ដីព្រៃ​យ៉ាង​អនាធិបតេយ្យ​

, , Leave a comment

​ខេត្តក្រចេះ ៖​ ការដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តក្រចេះ​របស់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ បន្ត​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង គ្មាន​ការទប់ស្កាត់​ឲ្យ​ស្របតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាលនោះទេ ហើយ​លោក វ៉ា ថន ជា​អភិបាលរង​ខេត្តក្រចេះ​ហាក់ដូចជា​ត្រូវប៉ាន់​ខ្លាំងជាងគេ ក្នុង​ការប្រមូល​ផលប្រយោជន៍​ពី​ជំនួញ​ឈើ​ខុសច្បាប់​តាមរយៈ​ការចេញលិខិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ម្តង ២០​ឬ​៣០​ម៉ែត្រគូប​។ ប៉ុន្តែ​ក្រុម​ឈ្មួញ​តែងតែ​យក​លិខិតអនុញ្ញាត​របស់លោក វ៉ា ថន ទៅ​ដឹកជញ្ជូន​ឈើ​ដល់​ទៅ​រាប់រយ​ម៉ែត្រគូប ហើយ​ករណីនេះ​គេ​សង្ស័យថា លោក វ៉ា ថន មានការ​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ជាមួយ​ជំនួញ​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្តក្រចេះ ទើប​ក្រុម​ឈ្មួញ​ចេះតែធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត ។​

 

​ករណី​ដែល​លោក វ៉ា ថន ប្រើ​សិទ្ធិអំណាច​របស់ខ្លួន​ចេញ​លិខិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ បង្ក​ឲ្យ​មាន​ភាពអនាធិបតេយ្យ​ចាប់ផ្តើម​បែកធ្លាយ​នៅពេលដែល​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​ចាប់​ទូក​ដឹកជញ្ជូន​ឈើ​ចំនួន​៦​គ្រឿង ដែលមាន​ផ្ទុក​ឈើ​អារ​ប្រភេទ​លេខ​២ និង​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​រាប់រយ​កំណាត់​មិនតិចជាង​១០០​ម៉ែត្រគូប កាលពី​យប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៣ កន្លងទៅនេះ​នៅតាម​ដង​ទន្លេមេគង្គ​។ សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹងថា ឈើ​ទាំងនេះ​គឺជា​របស់ យាយ​ឃឿន ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​ទូក​ចេញពី​ស្រុក​សំបូរ ខេត្តក្រចេះ ជាប់​ព្រំប្រទល់​ជាមួយ​ខេត្តស្ទឹងត្រែង ហើយ​គោលដៅ​របស់​យាយ​ឃឿន គឺ​ត្រូវ​នាំ​ឈើ​ទាំងនេះ​ទៅកាន់​ខេត្តកំពង់ចាម ដើម្បី​លក់​ចែកចាយ​ឲ្យ​ម៉ូយ​របស់គាត់ ប៉ុន្តែ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​យាយ​ឃឿន ធ្លាប់​ត្រូវ​ទទួលបាន​ជោគជ័យ​រាប់រយ​ជើង​មកហើយ​។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​ឈើ​របស់ យាយ​ឃឿន សំអាង​លើ​លិខិតអនុញ្ញាត​ដែល​ចេញ​ដោយ​លោក វ៉ា ថន ជា​អភិបាលរង​ខេត្តក្រចេះ គឺ​ក្នុង​លិខិត​នោះ អនុញ្ញាត​ឲ្យ​ដឹកឈើ​ប្រមាណ​២០​ម៉ែត្រគូប​ប៉ុណ្ណោះ​ជា​ឈើ​អារ​ប្រភេទ​លេខ​២ សម្រាប់​យកទៅ​សង់ផ្ទះ​។ ប៉ុន្តែ​យាយ​ឃឿន បែរជាយក​លិខិតអនុញ្ញាត​នេះ​ទៅ​បន្លំ​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​២ និង​ឈើ​ធ្នង់​រាប់រយ​កំណាត់​មិនតិចជាង​១០០​ម៉ែត្រគូប​នោះទេ ទើប​សមត្ថកិច្ច​ចាប់​ឃាត់​ដើម្បី​ត្រួតពិនិត្យ ហើយ​គេ​ដឹងថា​យាយ​ឃឿន បាន​ប្រើ​រូបភាព​នេះ​ក្នុងការ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ​យកទៅលក់​ចែកចាយ​ឲ្យ​ម៉ូយ​របស់គាត់​ក្នុង​ខេត្តកំពង់ចាម សឹង​រាប់​ភ្លេច​ទៅហើយ ទើបតែ​ពេលនេះ​គេ​ឃើញ​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​។​

 

​កន្លងមក​មាន​ឈ្មួញ​ធំៗ​មួយចំនួន​បាន​អញ្ជើញលោក វ៉ា ថន ទៅ​ជប់លៀង និង​ទៅ​កន្លែង​សប្បាយ​ច្រៀង​ខារ៉ាអូខេ ជា​ញឹកញាប់​ដើម្បី​រក្សា​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត ព្រោះ​លោក វ៉ា ថន មាន​សិទ្ធិអំណាច​ក្នុងការ​បញ្ជា​ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​ពាក់ព័ន្ធ​សម្របសម្រួល​បិទ​ភ្នែក​បិទ​ត្រចៀក​មិន​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក៏​ព្រោះតែ​លោក វ៉ា ថន មាន​សិទ្ធិអំណាច​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​ទូទាំង​ខេត្តក្រចេះ​។ ក្រុម​ឈ្មួញ​ជាច្រើន​ស្គាល់ចិត្តស្គាល់ថ្លើម​របស់​លោក វ៉ា ថន ច្បាស់​ណាស់ ឲ្យ​តែ​ឧស្សាហ៍​អញ្ជើញលោក វ៉ា ថន ទៅ​ជប់លៀង ទៅ​ច្រៀង​ខារ៉ាអូខេ ចង់បាន​អ្វី​ក៏​លោក វ៉ា ថន ជួយ​សម្រួល​ឲ្យ​ដែរ ដូច្នេះហើយ​បានជា​ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ អាច​ដំណើរការ​ដោយ​រលូន​ល្អ​ក៏​ព្រោះ​តែមាន​លោក វ៉ា ថន ជា​ខ្នងបង្អែក​។​
 


​ក្រៅពី​ការចេញ​លិខិតអនុញ្ញាត ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ជា​ញឹកញាប់ បង្កើត​ឲ្យ​មាន​ភាពអនាធិបតេយ្យ​នៅ​ទូទាំង​ខេត្តក្រចេះ លោក វ៉ា ថន ក៏មាន​ជំនាញ​ចេញ​លិខិតអនុញ្ញាត​ឲ្យ​អ្នកមាន​លុយ​មានអំណាច​មួយចំនួន​ឈូសឆាយ​ដីព្រៃ បំពាន​លើ​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។ ជាក់ស្តែង​លោក វ៉ា ថន បាន​ឃុបឃិត​ឲ្យ​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឌី យិន ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​នៅ​ចំណុច​ឃុំ​សោ​ប​ស្រុក​ព្រែក​ប្រសព្វ យ៉ាង​អនាធិបតេយ្យ​បំផុត ដើម្បី​យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយ​សម្រាប់​ការឈូសឆាយដី​ព្រៃ​ទាំងឡាយណា ដែល​គ្មាន​លិខិតអនុញ្ញាត​ពី​លោក វ៉ា ថន ត្រូវ​ចាត់ទុកជា​រឿង​ខុសច្បាប់ គឺ​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​ចុះទៅ​រឹបអូស​គ្រឿងចក្រ និង​ហាមឃាត់​មិន​ឲ្យ​មានការ​ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​ទៀត​ទេ ។​
 


​ក្រសួងមហាផ្ទៃ​គួរពិនិត្យមើល​លក្ខណសម្បត្តិ របស់លោក វ៉ា ថន ជា​អភិបាលរង​ខេត្តក្រចេះ ដែល​ប្រើ​សិទ្ធិអំណាច​របស់ខ្លួន​ចេញ​លិខិតអនុញ្ញាត ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ ដោយ​ជ្រក​ក្រោមរូបភាព​ដឹកឈើ​យកទៅ​ធ្វើ​ផ្ទះ ហើយ​ក្រុម​ឈ្មួញ​តែងតែ​យក​លិខិតអនុញ្ញាត​របស់លោក វ៉ា ថន ទៅ​ដឹកឈើ​ប្រណីត​ឬ​ដឹកឈើ​លើសពី​ការអនុញ្ញាត ជារឿយៗ​ពេលខ្លះ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ដែល​ទទួលបាន​ផលប្រយោជន៍​ក៏​ចេះតែ​រក្សា​ភាព​ស្ងៀមស្ងាត់ ធ្វើ​ឲ្យ​បទបញ្ជា​របស់​សម្តេច ហ៊ុន សែន អស់​តម្លៃ​ដោយសារតែ​មន្ត្រី​ថ្នាក់ក្រោម ស្រេកឃ្លាន​តែ​អំពើពុករលួយ​៕

Kampong Cham 27-6 (1) Kampong Cham 27-6 (2)

 

Leave a Reply

(*) Required, Your email will not be published