តុលាការ​ផ្តន្ទា​ទោស ឈូក បណ្ឌិត ១៨​ខែ ពិន័យ​៣៨​លាន​រៀល

, , Leave a comment

ខេត្ត​ស្វាយរៀង​ ៖ តុលាការ​ខេត្ត​ស្វាយ​រៀង​បាន​ប្រកាស​សាល​ក្រម​ផ្ទន្ទាទោស​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ដ៏​មាន​​ឥទ្ធិពល ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១ឆ្នាំ ៦ខែ និង​ត្រូវសង​ជា​សំណង​ដល់​ជន​រងគ្រោះ កម្មការិនី​ទាំង​បី​នាក់​សរុប​ចំនួន ៣៨ លាន​រៀល​ពី​បទបង្ក​របួស​ស្នាម​ដោយ​អចេតនា។ រីឯ លោក ស ចន្ថា នាយ​ផ្នែក​ព្រហ្មទណ្ឌ នគរបាល​ក្រុង​បាវិត​ត្រូវ​បាន​តុលាការ​លើក​បទ​ចោទ ពី​បទបង្ក​របួស​ស្នាម​ដោយ​អចេតនា ប៉ុន្តែ​​ផ្ទន្ទា​ទោស​​ឲ្យជាប់ពន្ធនាគារ ៦ខែ និង ពិន័យ ១ ​​លាន​រៀល​ពី​បទ​ប្រើ​ប្រាស់​​អាវុធ​ខុស​ច្បាប់​វិញ។

 

សាលក្រម​ដែល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ មិន​មាន​វត្តមាន​លោក ឈូក បណ្ឌិត ដែល​ជា​ជន​ជាប់​ចោទ​នោះ​ទេ រួម​ទាំង​ពេល​សវនាការ​ដែល​បាន​ធ្វើ​ឡើង​អស់​រយៈពេល​បីថ្ងៃ ចាប់​តាំង​ពី​ថ្ងៃទី​១២​ដល់​ថ្ងៃ​ទី១៤ ខែ​មិថុនា​កន្លង​មក។

 

សាលក្រម​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ពេល​ប្រកាស​នេះ​ តទៅដោយតុលាការតម្រូវឲ្យនាំខ្លួនលោកឈូក បណ្ឌិត​ មក​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ពី​ព្រោះ​លោក ​ឈូក បណ្ឌិត មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទេ បើ​ទោះ​បី​ជា​​លោក ​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​​ផ្ទៃ ​ធ្លាប់​​បាន​​ថ្លែង​ថា អតី​ត​អភិបាល​ក្រុង​បា​វិត​រូប​នេះ គឺ​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​​ ដែល​បាន​បាញ់​កម្មករ​ឲ្យ​រង​របួស​​នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ក្រុង​បាវិត​​ កាល​ពី​ដើម​ឆ្នាំ ​២០១២ ក្តី។

 

សូម​បញ្ជាក់​ថា សំណុំ​រឿង​របស់​លោក​ ឈូក បណ្ឌិត ត្រូវ​បាន​​រុញ​ចុះ​ឡើង​ៗ នៅ​តុលា​ការ​ខេត្ត​ស្វាយ​រៀង​ជិត​ពេញ​មួយ​ឆ្នាំ មុន​នឹង​តុលា​ការ​​ដដែល​នេះទម្លាក់​ចោល​មិន​ចាត់​​ការ​។ ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំងពី​មជ្ឈ​ដ្ឋាន​ជា​ច្រើន នៅ​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ ២០១៣ សាលា​ឧទ្ធរណ៍ បាន​លើក​យក​សំណុំ​រឿង​នេះ មក​បើក​សវនា​ការ ហើយ​បាន​សម្រេច​​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ឈូក ​បណ្ឌិ​​ត ពីបទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ហើយ​បង្វិល​​សំណុំ​រឿង​នេះ ទៅ​ឲ្យ​តុលា​ការ​ខេត្ត​ស្វាយ​រៀង​ ចាត់​​នីតិ​វិធី​​ដំណើរ​ការ​ក្តី​ជា​ថ្មី​​​ឡើង​វិញ​៕

MG_8662

 

ប្រភព ភ្នំពេញប៉ុស្តិ៍

 

Leave a Reply

(*) Required, Your email will not be published